ខេត្តរតនគិរី ៖ បុរសជាជនជាតិឥណ្ឌាម្នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តដោយសារជំងឺទៀចទឹក ដែលហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៣ ខែ មករា ឆ្នាំ២០១៩ ។
បើតាមរបាយការណ៍សមត្ថកិច្ចប៉ូលិសជំនាញបានអោយដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ រាំ ប្រាតាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិឥណ្ឌា មុខរបរលក់ខោអាវ កាន់លិខិឆ្លងដែនលេខ Z2018999 ចូលមកស្នាក់នៅប្រទេសកម្ពុជានៅឆ្នាំ២០១៧ ស្នាក់នៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ។
បើតាមការតាមដានរបស់សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា បុរសជាជនជាតិឥណ្ឌាខាងលើនេះមានជំងឺទៀចទឹករយៈពេល១ឆ្នាំមកហើយ ទើបតែទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដោយគ្មានសាច់ញាតិបងប្អូនណាទៅជួយមើលថែនោះទេ មានតែមន្ត្រីពេទ្យជួយមើលថែគាត់យ៉ាងយកចិត្តទុកដាក់។
គ្រូពេទ្យបានបញ្ជាក់ប្រាប់កោះសន្តិភាពថា មូលហេតុដែលបណ្តាលឱ្យបុរសជាជនជាតិឥណ្ឌាខាងលើស្លាប់នោះ គឺជំងឺរបស់គាត់បានកើតឡើងជាយូរឆ្នាំមកហើយ និងធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យមិនអាចជួយសង្គ្រោះគាត់បាន។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច សពត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរង់ចាំទំនាក់ទំនងជាមួយស្ថានទូតឥណ្ឌា និងរងចាំសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ