រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា មានពលរដ្ឋភៀសសឹកជាង៤០ម៉ឺននាក់ហើយ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្រោមការគិតគូរ និងជ្រោមជ្រែងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ថា ចាប់តាំងពីការអនុវត្តបទឈប់បាញ់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ(GBC)មក មានលទ្ធផលជាវិជ្ជមានដ៏គួរឱ្យកត់សម្គាល់មួយចំនួន ក្នុងនោះការវិលត្រឡប់ទៅកាន់ភូមិឋានវិញរបស់ពលរដ្ឋភៀសសឹក គឺជាលទ្ធផលធំមួយក្នុងចំណោមលទ្ធផលលេចធ្លោផ្សេងៗទៀត ។
ឯកឧត្តមបានបញ្ជាក់ថា ៖ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកជាង ៤០ម៉ឺននាក់ ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញ ក្រោមការគិតគូរ និងជ្រោមជ្រែងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីក៏ដូចជា ស្ថាប័នពាក់ព័ន្ធទាំងឡាយ ។ ដូច្នេះចំនួនពលរដ្ឋភៀសសឹកដែលបន្តស្នាក់ នៅក្នុងជំរុំបានថយចុះនៅត្រឹមជាង២០ម៉ឺននាក់ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦៤ម៉ឺននាក់ ហើយអាជ្ញាធរកំពុងសម្របសម្រួល ដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋភៀសសឹកទាំងនោះ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏ បញ្ជាក់ជូនថា ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា ៖ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។
ស្របពេលជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយជម្លោះព្រំដែនកម្ពុជា-ថៃ ។ នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋយើងកំពុងជួបប្រទះ ។
ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរដែនដីនិងក្រុមការងារពាក់ព័ន្ធ ក្នុងនោះ ក្រសួងសុខាភិបាលក៏បានដាក់ភ្នាក់ងារសុខាភិបាលជាប្រចាំនៅនឹងកន្លែងដើម្បីជួយពិនិត្យសុខភាពនិងព្យាបាលជំងឺពួកគេដោយផ្ទាល់ និងត្រៀមបញ្ជូនទៅមន្ទីរពេទ្យក្នុងករណីចាំបាច់។ ក្នុងនាមជាអ្នកនាមពាក្យ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយ ចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។
សូមបញ្ជាក់ជូនថា ការវិលត្រឡប់វិញរបស់ពលរដ្ឋភៀសសឹកជាបន្តបន្ទាប់នាពេលនេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់៣ដែលបានកើតចេញពីសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ ។ លទ្ធផលដំបូងគេ និងសំខាន់ជាងគេ គឺការអនុវត្តបទឈប់បាញ់ដែលចូលជាធរមានកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ឈប់ការស្លា.ប់ ការរងរបួស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងផលប៉ះពាល់ផ្សេងៗជាច្រើនទៀត ។ រីឯលទ្ធផលសំខាន់ទី២គឺ ការដោះលែងយោធិនកម្ពុជា ១៨ នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលយើងទន្ទឹងរង់ចាំអស់រយៈពេល១៥៥ ថ្ងៃ ។
ដូច្នេះ ជំហានបន្ទាប់ គឺការឈានទៅវាស់វែងនិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរតាមស្មារតីដែលមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន ។
ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។ យោងស្មារតីនៃចំណុចទី៣នេះ កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដាក់សំណើរទៅភាគីថៃកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសុំបើកកិច្ចប្រជុំពិសេសនៅក្នុងសប្តាហ៍ទី១ នៃខែមករានេះ ប៉ុន្តែ សំណើរនេះត្រូវបានភាគីថៃសុំលើកពេលក្រោមមូលហេតុរង់ចាំនីតិវិធីផ្ទៃក្នុង។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានដាក់សំណើរជាលើកទី២ទៅភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងសប្តាហ៍ទី២ ឬទី៣ នៃខែមករា ដដែលក្នុងខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ