ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​គាំទ្រ​ការ​ពង្រីក​កា​បណ្ដុះបណ្ដាល​ជំនាញ​ហិរញ្ញវត្ថុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ការងារ​ទៅ​បណ្ដា​ធនាគារ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ការងារ​ទៅ​បណ្ដា​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នានា​ក្នុង​ប្រទេស​កម្ពុជា ខណៈ​វិស័យ​នេះ​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា កាលពី​ថ្ងៃ​ទី​២៦ ធ្នូ កន្លង​មក លោក​ឧបនាយករដ្ឋមន្ត្រី អូន​ព័ន្ធ មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា វិស័យ​ធនាគារ​បាន​រួមចំណែក​ក្នុង​ការ​ប្រមូលផ្ដុំ និង​ការ​បែងចែក​ធនធាន​ហិរញ្ញវត្ថុ ទាំង​ក្នុង​និង​ក្រៅ​ស្រុក ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​ការ​បង្កើត និង​ការ​ពង្រីក​អាជីវកម្ម ការ​វិនិយោគ និង​តម្រូវការ​ប្រើប្រាស់ ដែល​ជា​កត្តា​រួមចំណែក​ដ៏​សំខាន់​ការ​ក្នុង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា និង​ការ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ប្រចាំឆ្នាំ​ជា​មធ្យម​ប្រមាណ​៧% ។

លោក​បញ្ជាក់​ថា ៖« វិស័យ​ហិរញ្ញវត្ថុ និង ធនាគារ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ សម្រាប់​ការ​រីក​លូតលាស់ និង​ការ​អភិវឌ្ឍ​នៃ​សង្គម និង សេដ្ឋកិច្ច​កម្ពុជា »​។ លោក​បន្ត​ថា ការ​កើនឡើង​នៃ​ចំនួន​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​ត្រឹម តែ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នៃ​តម្រូវការ​ហិរញ្ញប្បទាន ទាំង​នៅ​ទីក្រុង និង​ជនបទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើន​នូវ​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង និង​បង្កើន​នូវ​តម្រូវការ​នៃ​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ ។

លោក​បណ្ឌិត​ថ្លែង​ថា ៖« ខ្ញុំ​ពិតជា​រីករាយ និង​មាន​មោទនភាព ដោយ​បានឃើញ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ខិតខំ​ធ្វើ​ពិពិធ​កម្ម​សេវា និង​ផលិតផល ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​នៃ​ប្រតិបត្តិការ តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​, ការ​ពង្រឹង​អភិបាលកិច្ច និង​ការ​បណ្តុះបណ្តាល​សមត្ថភាព​ធនធានមនុស្ស ជាដើម » ។

លោក ផុ​ន ណា​រិ​ន នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា បាន​មាន​ប្រសាសន៍​ថា ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ គឺជា​កត្តា​ចំ​បាច់​មួយ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ហើយ​ក៏​តម្រូវ​ឲ្យ​ស្រប​ទៅ​តាម​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ផង​ដែរ ដូច្នេះ​រាល់​ការ​បណ្ដុះបណ្ដាល​ត្រូវ​តែ​ទាមទារ​ផ្ដោត​ទៅ​លើ​ជំនាញ​បច្ចេកវិទ្យា ដូច​ជា​បច្ចេកវិទ្យា Fintech ជាដើម ។

លោក​បាន​លើក​ឡើង​ថា ដោយសារ​តែ​តម្រូវការ​ធន​ធា​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ពី​ស្ថាប័ន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ នានា​ក្នុង​ប្រទេស ទើប​អេ​ស៊ី​លី​ដា បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជាង​៣៦​លាន​ដុល្លារ​អា​មេ​រិ​កសាង​សង់​អគារ​វិទ្យាស្ថាន​ផ្ទាល់ខ្លួន​មួយ ដែល​អាច​ទទួល​និស្សិត​ចូល​រៀន​សរុប​រហូត​ដល់​៨.០០០ នាក់ ។ លោក​បន្ថែម​ថា ៖« ចាប់ពី​ឆ្នាំ​ក្រោយ​ៗ​ទៅ​វិទ្យាស្ថាន នឹង​ផ្គត់ផ្គង់​ធនធាន​ទៅ​កាន់​ទីផ្សារ​ការងារ​ធនាគារ និង​ហិរញ្ញវត្ថុ ប្រមាណ​៣០០​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​វិទ្យាស្ថាន​ក៏​នឹង​ទទួល​បណ្ដុះបណ្ដាល​ដល់​សហគ្រិន មិន​ទាន់​មាន​ជំនាញ​ឬ​មាន​ជំនាញ​តិចតួច​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ពួក​គេ​ផង​ដែរ »​។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​២ ទសវត្សរ៍​ចុង​ក្រោយ​នេះ វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា មានការ​រីក​លូតលាស់ និង​បោះ​ជំហាន​ទៅ​មុខគួរ​ជាទី​មោ​ទ​នៈ ។ ជាក់ស្តែង ទំហំ ទ្រព្យសកម្ម​នៃ​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ធៀប​នឹង​ផ​.​ស​.​ស បាន​បន្ត​កើន​ឡើងជា​លំដាប់ ពី​កម្រិត​ប្រមាណ​ត្រឹមតែ​៤៤%​នៃ​ផ​.​ស​.​ស​ក្នុង​ឆ្នាំ​២០០៨ កើនឡើង​រហូត​ដល់​១៤៨%​នៃ​ផ​.​ស​.​ស ក្នុង​ឆ្នាំ​២០១៧ ។ ទន្ទឹម​នេះ​ដែរ ចំនួន​ធនាគារពាណិជ្ជ ក៏​បាន​កើនឡើង​រហូត​ដល់​ជាង​៥០ ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏​បាន​កើនឡើង​រហូត​ដល់​ជិត​៨០​នៅ​ក្នុង​ឆ្នាំ​២០១៧​ផង​ដែរ ។ ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ ក៏​មានការ​កើនឡើង​ខ្លាំង​ផង​ដែរ ក្នុង​ទំហំ​ប្រមាណ​១០០%​នៃ​ផ​.​ស​.​ស​ក្នុង​ឆ្នាំ​២០១៧ ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការ​កើនឡើង​នៃ​ទំនុកចិត្ត និង​ការ​ចូលរួម​របស់​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ