ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទូទាត់​តាម​ប្រព័ន្ធ​QR Code​នៅ​កម្ពុជា​កាន់តែ​ទូលំទូលាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ទូទាត់​ប្រាក់​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​កាត់​បន្ថយ​ពី​ការ​ប្រើ​សាច់ប្រាក់ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​និង​វិធី​ផ្សេង​ៗ ហើយ​ថ្មី​ៗ​នេះ​ដែរ ការ​ទូទាត់​ប្រព័ន្ធ QR Code…

រាជធានី​ភ្នំពេញ ៖ ការ​ទូទាត់​ប្រាក់​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​កាត់​បន្ថយ​ពី​ការ​ប្រើ​សាច់ប្រាក់ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​និង​វិធី​ផ្សេង​ៗ ហើយ​ថ្មី​ៗ​នេះ​ដែរ ការ​ទូទាត់​ប្រព័ន្ធ QR Code ក៏​មាន​ភាព​ពេញ​និយម​ខ្លាំង​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា ។

លោកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​វី​សា​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា កាលពីមុន ការ​ចំណាយ​នានា​របស់​ពលរដ្ឋ​កម្ពុជា ហាក់​មាន​ភាព​ពិបាក និង​មិនសូវ​មាន​សុវត្ថិភាព ដូចនេះ​ហើយ​ការ​បង្កើត​ឲ្យ​មានការ​ទូទាត់​តាម​ប្រព័ន្ធ QR Code គឺជា​ជម្រើស​ថ្មី​មួយទៀត ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​កម្ពុជា ។ ការ​ទូទាត់​តាម​ប្រព័ន្ធ​នេះ​ដែរ នឹង​ផ្ដល់​ភាព​ស្រួល ដោយ​មិន​ចាំបាច់​កាន់​ប្រាក់សុទ្ធ​នៅ​នឹង​ដៃ គឺ​មាន​តែ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​គ្រឿង អាច​ប្រើប្រាស់ និង​ចាយវាយ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់បាន ។

លោក​បណ្ឌិត អុ​ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ការ​ទូទាត់​ប្រាក់​តាម​រយៈ​ស្កេ​ន QR បាន​រួមចំណែក​ផ្ដល់​ភាព​រីក​ចម្រើន​ដល់​អ្នក​ប្រើប្រាស់ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃដើម​យ៉ាង​មាន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ហានិភ័យ​នានា​ផង​ដែរ ។
លោក​មាន​ប្រសាសន៍​ថា ៖« ការ​ទូទាត់​តាម​ប្រព័ន្ធ​ថ្មី​នេះ នឹង​ទទួល​បាន​ជោគជ័យ​ខ្ពស់ ដោយសារ​តែ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​យល់​ដឹង​ពី​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ជា​ពិសេស​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ដែល​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​កាន់តែ​មាន​ភាព​ទំនើប​ថែម​ទៀត »​។

បើ​តាម​លោក ហេង បូម​ករា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​លើ​ឯកសារ ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​ទូទាត់​តាម​ប្រព័ន្ធ QR គឺជា​ការ​ទូទាត់​មួយ​ដែ​មាន​សុវត្ថិភាព ទាំង​អ្នក​ចំណាយ និង​អ្នក​ទទួល​ហើយ​ការ​ទូទាត់​បែប​នេះ ក៏​កំពុង​មាន​វិសាលភាព​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស ស្រប​ពេល​កម្ពុជា មាន​សក្ដានុពល​ខ្ពស់ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​តាម​បែប​បច្ចេកវិទ្យា​ថ្មី ។

លោក​បញ្ជាក់​ថា ៖« ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​នៅ​កម្ពុជា​បាន​បន្ត​កើនឡើង ជាមួយនឹង​កំណើន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​អុ​ី​ន​ធើ​រ​ណេ​ត ក៏​កាន់តែ​ច្រើន ជា​ពិសេស​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​បណ្ដាញ​សង្គម​នានា ។ ជាក់ស្ដែង​រហូត​មក​ដល់​ពេល​នេះ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​មាន​រហូត​ដល់​ជាង​២០​លាន​នាក់ ក្នុង​នោះ​អ្នក​ប្រើប្រាស​អុ​ី​ន​ធើ​រ​ណេ​ត​ប្រមា​ន​១២,៥​លាន​នាក់ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ប្រមាណ​៧​លាន​នាក់​ផង​ដែរ »​។ លោក​បន្ត​ថា បច្ចេកវិទ្យា​ថ្មី​ៗ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា កាន់តែ​មាន​ភាព​រីក​ចម្រើន ជាមួយនឹង​ទំនុកចិត្ត កាន់តែ​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​សេវា​ធនាគារ ហើយ​វា​ក៏​នឹង​ជំរុញ​ឲ្យ​អាជីវកម្ម​នានា​ដែល​ទូទាត់​តាម​ប្រព័ន្ធ​ធនាគារ កាន់តែ​រីក​ចម្រើន​ទៅ​មុខជា​មួយ​គ្នា​ផង​ដែរ ។

យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ថា នឹង​ជំរុញ​ឲ្យ​កម្ពុជា​ប្រែ​ក្លាយជា​ប្រទេស​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ច្រើន​នៅ​ក្នុង​សេដ្ឋកិច្ច ឬ​ហៅ​ថា សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​ត្រូវ​ឲ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​កាន់តែ​ច្រើន នៅ​ក្នុង​ដំណើរការ​សេដ្ឋកិច្ច ។ ជា​ការ​កត់សម្គាល់ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ក្នុង​វិស័យ​ធនាគារ​ហាក់​មាន​ភាព​លេចធ្លោ​ជាងគេ ក្នុង​ការ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា ។

លោក​បណ្ឌិត ម៉ី កល្យាណ សេដ្ឋវិទូ និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ
បាន​មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​លុយ​តាម​អេ​ឡិច​ត្រូ​និក គឺជា​និន្នាការ​ក្នុង​សកលលោក​ទាំងមូល ដែល​ប្រទេស​អភិវឌ្ឍន៍​បាន​ប្រើប្រាស់​យូរ​មក​ហើយ ។ ចំណែក​កម្ពុជា​ក៏​កំពុង​មាន​និន្នាការ​តាម​សកល​ដែរ បើ​ទោះជា​យឺត​ពេល​បន្តិច​ក្តី ។ លោក​បន្ត​ថា ដោយសារ​តែ​បច្ចេកវិទ្យា​ជឿនលឿន ទើប​ជំរុញ​ឱ្យ​ការ​ទូទាត់​លុយ​តាម​អេ​ឡិច​ត្រូ​និក​មាន​ភាព​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ។ លោក​បណ្ឌិត​បញ្ជាក់​ថា ការ​ប្រើប្រាស់​លុយ​កាន់តែ​លឿន នឹង​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន ព្រមទាំង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឲ្យ​មាន​កំណើន​ផង​ដែរ ។ លោក​បណ្ឌិត​ថា ៖« នៅ​ក្នុង​ទ្រឹស្តី​សេដ្ឋកិច្ច មាន​ទ្រឹស្តី​នៃ​ល្បឿន​ការ​ប្រើប្រាស់​លុយ កាលណា​ល្បឿន​នេះ​លឿន​ទៅ​ៗ ល្បឿន​នៃ​ការ​ជួញដូរ និង​ការ​ធ្វើ​សេដ្ឋកិច្ច​ហ្នឹង ក៏​លឿន​ដែរ » ។

បើ​ទោះបី​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​ងាយស្រួល និង​លឿន​ក៏​ដោយ លោក​បណ្ឌិត ម៉ី កល្យាណ លើក​ឡើង​ថា វា​ក៏​អាច​ផ្តល់​ហានិភ័យ ឬ​គ្រោះថ្នាក់​ដែរ ដូច​ជា មានការ​លួច​ចូល​យក​ទិន្នន័យ (Hacke) ដែល​ទាមទារ​ឱ្យ​ទាំង​រាជរដ្ឋាភិបាល និង​ឯកជន ត្រូវ​ខិតខំ​ការពារ​ដើម្បី​បញ្ចៀស​ហានិភ័យ​ទាំងនោះ​ឱ្យ​បាន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ