ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ដ៍​ត្រៀម​បញ្ឈប់​ប្រើប្រាស់​បំពង់​បឺត​ប្លា​ស្ទិ​ក​ចាប់​ដើមឆ្នាំ​២០១៩​ទៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដ៍ នឹង​ធ្វើការ​ដក​ចេញ​នូវ​ការ​ប្រើប្រាស់​បំពង់​បឺត​ប្លា​ស្ទិ​ក​ពី​ប្រតិបត្តិការ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា នៅ​ឆ្នាំ​២០១៩ ដែល​នេះ​ជា​ផ្នែក​មួយ​គម្រោង​គាំពារ​បរិស្ថាន​របស់​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន ។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​២៤ ធ្នូ…

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដ៍ នឹង​ធ្វើការ​ដក​ចេញ​នូវ​ការ​ប្រើប្រាស់​បំពង់​បឺត​ប្លា​ស្ទិ​ក​ពី​ប្រតិបត្តិការ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា នៅ​ឆ្នាំ​២០១៩ ដែល​នេះ​ជា​ផ្នែក​មួយ​គម្រោង​គាំពារ​បរិស្ថាន​របស់​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន ។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ។

ណា​ហ្គា​វើ​ល​ដ៍ គូសបញ្ជាក់​ថា​យុទ្ធនាការ «​បញ្ឈប់​ការ​ប្រើប្រាស់​បំពង់​បឺត​ប្លា​ស្ទិ​ក​» នឹង​ត្រូវ​អនុវត្ត​ទូ​ទាំង​ណា​ហ្គា​វើ​ល​ដ៍ និង​ណា​ហ្គា​ទី ២ បន្ទាប់​ពី​ការ​ស្ទង់​មតិ​បុគ្គលិក​ប្រមាណ ១០.០០០ នាក់ និង​គម្រោង​សាកល្បង​ជោគជ័យ​ដែល​ផ្តួចផ្តើម​ដោយ​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ ឬ​ហៅ​កាត់​ថា​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​ចាប់តាំងពី​ខែមិថុនា ក្នុងឆ្នាំនេះ ។

យុទ្ធនាការ «​បញ្ឈប់​ការ​ប្រើប្រាស់​បំពង់​បឺត​ប្លា​ស្ទិ​ក​» មាន​គោលបំណង​លុប​បំបាត់​ការ​ប្រើប្រាស់​បំពង់​បឺត​ប្លា​ស្ទិ​ក​ប្រមាណ ៤ លាន​ដើម​ក្នុង​មួយ​ឆ្នាំ ខណៈ​បំពង់​បឺត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន នឹង​ត្រូវ​ផ្តល់​ជូន​នៅ​ពេល​អតិថិជន​ស្នើ​សុំ ។

បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៍ បាន​ឈប់​ប្រើប្រាស់​បំពង់​បឺត​ប្លា​ស្ទិ​ករួច​ហើយ​នៅ​តាម​អាហារ​ដ្ឋា​ន ខណៈ​ក្រុមហ៊ុន​បាន​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​ទាំងអស់​ជួយ​ផ្សព្វផ្សាយ​សារ​បរិស្ថាន​ដ៏​ល្អ​នេះ​ដល់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ផង​ដែរ ។

នាយក​គ្រប់គ្រង​ណា​ហ្គា​វើ​ល​ដ៍ លោក Pern Chen បាន​មាន​ប្រសាសន៍​ថា ៖«​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ និង​មោទនភាព​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ចលនា​ប្រយុទ្ធ​ប្រឆាំង​នឹង​បំពង់​បឺត​ប្លា​ស្ទិ​ក​របស់​ពិភពលោក​។ យើង​ជឿជាក់​ថា ការ​និយាយ​ថា «​ទេ​» ចំពោះ​បំពង់​បឺត​ប្លា​ស្ទិ​ក គឺជា​រឿង​សាមញ្ញ​បំផុត​ដែល​អ្នក​ទាំងអស់​គ្នា​រួម​ទាំង​អតិថិជន​របស់​យើង​អាច​ចូលរួម​កាត់​បន្ថយ​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​។ វា​ជា​ជំហាន​តូច​ប៉ុន្តែ​មាន​ឥទ្ធិពល​ដើម្បី​ឆ្ពោះទៅ​រក​ការ​ការពារ​បរិស្ថាន​របស់​យើង​»​។

យោង​ទៅ​តាម​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ ប្លា​ស្ទិ​ក​ប្រមាណ ៨ លាន​តោន ត្រូវ​បាន​ចាក់ចោល​ទៅ​ក្នុង​មហាសមុទ្រ​របស់​យើង​ជា​រៀង​រាល់​ឆ្នាំ ។ បំពង់​បឺត​ប្លា​ស្ទិ​ក គឺជា​របស់​សាមញ្ញ​បំផុត​ដែល​ត្រូវ​បាន​គេ​បោះចោល និង​អណ្តែត​នៅ​លើ​ផ្ទៃសមុទ្រ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ច្រមុះ​របស់​កន្ធាយ​សមុទ្រ បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ប្រជាជន​រាប់​លាន​នាក់​ទូ​ទាំង​ពិភពលោក ។

ការ​ប្តេជ្ញា និង​គម្រោង​គាំពារ​បរិស្ថាន​របស់​ក្រុមការងារ​សង្គម​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស គឺ​សម​ស្រប​ទៅ​នឹង​គោលបំណង​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព គម្រោង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ថាមពល និង​គម្រោង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ក៏​ដូច​ជា​គម្រោង​គ្រប់គ្រង​កាក​សំណល់ ៣R (​កាត់​បន្ថយ ប្រើប្រាស់​ឡើង​វិញ និង​កែ​ច្នៃ​ឡើង​វិញ​) របស់​អង្គការសហប្រជាជាតិ ។

ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​សណ្ឋាគារ​បៃតង​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន​នៅ​ឯ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០១៦ ដែល​បាន​អនុវត្ត​វិធីសាស្ត្រ​ការពារ​បរិស្ថាន​ប្រកបដោយ​និរន្តរភាព ណា​ហ្គា​វើ​ល​ដ៍ នឹង​បន្ត​សិក្សា និង​ស្វែង​យល់​អំពី​គំនិត និង​គម្រោង​ថែរក្សា​បរិស្ថាន​ថ្មី​ៗ​បន្ថែម​ទៀត​ដើម្បី​ប្រតិបត្តិការ​ធុរកិច្ច​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដើម្បី​ការ​លូតលាស់​ប្រកបដោយ​និរន្តរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ