កីឡាវាយសីមិនត្រឹមតែត្រូវបានលេងជាលក្ខណៈប្រកួតយកចាញ់ឈ្នះប៉ុណ្ណោះទេ តែវាជាកីឡាមួយប្រភេទដែលប្រជាជនស្ទើរពេញពិភពលោកនិយមលេងជាលក្ខណៈហាត់ប្រាណជាមួយមិត្តភក្តិ និងក្រុមគ្រួសារដើម្បីសប្បាយបំបាត់ការអផ្សុកផងដែរ ។ ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ និងធ្លាប់លេងកីឡាវាយសីនេះហើយ ប៉ុន្តែប្រហែលជាមិនទាន់ដឹងពីប្រវត្តិរបស់វាមានប្រភពមកពីណា ហើយបង្កើតឡើងដោយអ្នកណាទេមើលទៅ ? នៅពេលនេះកោះសន្តិភាពសូមលើកយកប្រវត្តិកីឡានេះមកអធិប្បាយជូនមិត្តអ្នកអានបានជ្រាប ។
នៅពាក់កណ្តាលសតវត្សរ៍ទី១៨ កីឡាវាយសីត្រូវបានបង្កើតឡើងដំបូងគេនៅក្នុងមូលដ្ឋានកងទ័ពចក្រភពអង់គ្លេស ដោយកីឡានេះគេលេងជាមួយនឹងឧបករណ៍ដែលមានដងសម្រាប់កាន់ និងមានផ្លែសម្រាប់វាយ (សី) ដែលឧបករណ៍នេះសព្វថ្ងៃគេហៅថា រ៉ាកែត (Raquets) ។ ដំបូងឡើយកីឡានេះគេលេងគ្រាន់តែវាយសីទៅវាយមកជាមួយរ៉ាកែត បើខាងណាធ្វើឱ្យធ្លាក់ គឺជាអ្នកចាញ់ ។ ក្រោយមកទៀត បុរសជនជាតិអង់គ្លេសម្នាក់បានបន្ថែមសំណាញ់ទៅលើល្បែងសីនេះ ។ ល្បែងសីនេះចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំងនៅទីក្រុង Poona ដែលសព្វថ្ងៃនេះជាទីក្រុង Pune ។
ពេលនោះគេមូលមតិគ្នាហៅល្បែងសីនេះថា “Poona” ឱ្យស្របតាមឈ្មោះទីក្រុងតែម្តងទៅ។ នៅដើមឆ្នាំ១៨៦០ អ្នកលក់ល្បែងក្មេងលេងម្នាក់នៅក្នុងទីក្រុងឡុងដ៍ឈ្មោះ Isaac Spratt បានបោះពុម្ភសៀវភៅមួយមានឈ្មោះថា Badminton Battledore ដែលសៀវភៅនោះបានបង្ហាញពីរបៀបនៃការលេងសីនេះ តែសៀវភៅនោះបានបាត់បង់អស់ដោយគ្មានឯកសារបន្សល់ទុកឡើយ ។ នៅឆ្នាំ១៨៧៣ គេឃើញកីឡាវាយសីនេះលេចមុខនៅប្រទេសជប៉ុន ដែលការប្រកួតនៅទីនោះ (ជប៉ុន) ហាក់ដូចជាមានក្រឹត្យក្រមគ្រាន់បើ ។
ជាមួយគ្នានេះដែរ ក្នុងឆ្នាំដដែលនេះមានក្រុមមួយដែលប្រសិទ្ធនាមខ្លួនឯងថាជាក្រុម “The Bath Badminton Club” បានបង្កើតនូវបទបញ្ជាគំរូមួយសម្រាប់អ្នកដែលលេងនៅអង់គ្លេសអនុវត្ត ។ បទបញ្ជានេះបានក្លាយជាច្បាប់មូលដ្ឋានរបស់ Badminton ហើយត្រូវបានគេគោរពនៅក្នុងប្រទេសអង់គ្លេសយ៉ាងខ្លាំង ។ ច្បាប់ប្រកួតដ៏ចំណាស់នេះគឺមានលំនាំប្រហាក់ប្រហែលនឹងច្បាប់ប្រកួតសព្វថ្ងៃនេះដែរ ។
ថ្ងៃទី១៣ កញ្ញា ឆ្នាំ១៨៩៣ ការប្រកួតកីឡាវាយសីជាផ្លូវការលើកដំបូងបានរៀបចំធ្វើឡើងនៅទីក្រុងមួយរបស់ប្រទេសអង់គ្លេស គឺទីក្រុង Portsmouth ។ ឆ្នាំ១៨៩៩ នៅប្រទេសអង់គ្លេសមានរៀបចំការប្រកួតបើកទូលាយជាលើកដំបូងដោយដាក់ឈ្មោះព្រឹត្តិការណ៍ប្រកួតនោះថា English Open Badminton Championship ។ ជាមួយគ្នានេះដែរ សហព័ន្ធកីឡាវាយសីអន្តរជាតិត្រូវបានបង្កើតឡើងជាលើកដំបូងដែលមានឈ្មោះថា International Badminton Federation ដែលមានអក្សរកាត់គឺ IBF ។
ឆ្នាំ១៩៣៤ IBF (International Badminton Federation ) បានប្តូរទៅជា Badminton World Federation (BWF) វិញ។ ប្រទេសដែលចូលជាសមាជិក BWF នាពេលនោះមាន កាណាដា ដាណឺម៉ាក អង់គ្លេស បារាំង ហូឡង់ អៀរឡង់ នូវែលសេឡង់ ស្កុតឡែន និងវ៉ែល ។ ឆ្នាំ១៩៣៦ ប្រទេសឥណ្ឌាបានចូលជាសមាជិក WBF ដែរ ហើយ WBF បានក្លាយជាសហព័ន្ធកីឡាអន្តរជាតិដ៏ធំមួយដែលគ្រប់គ្រងលើកីឡាវាយសីនេះ ។
សម្រាប់ទីលានប្រកួតកីឡាវាយសីជាគូមានទំហំ១៣,៤០ម៉ែត្រX៦,១០ម៉ែត្រ និងទីលានប្រកួតឯកត្តជនមានទំហំ១៣,៤០ម៉ែត្រX៥,១៨ម៉ែត្រ ។ ចុងសំណាញ់ចងសងខាងជិតបង្គោលគឺមានកម្ពស់១,៥៧ម៉ែត្រ និងនៅចំណុចកណ្តាលមានកម្ពស់១,៥៥ម៉ែត្រ ។ ចំពោះរ៉ាកែត (Raquets) ត្រូវតែមានទម្ងន់ស្រាល និងមានគុណភាពខ្ពស់ ទើបអំណោយផលល្អដល់ការប្រកួត ។ ចំពោះពិន្ទុនៃការលេងតាមប្រព័ន្ធចាស់មួយសិតមានត្រឹមតែ១៥ពិន្ទុប៉ុណ្ណោះ តែតាមប្រព័ន្ធថ្មីសព្វថ្ងៃនេះមួយសិតមាន២១ពិន្ទុ ។
ឯសម្ភារសម្រាប់លេងកីឡាវាយសី អត្តពលិកត្រូវមានឯកសណ្ឋានកីឡា ស្បែកជើងកីឡាសម្រាប់ពាក់ប្រកួតគុណភាពខ្ពស់ ដែលបាតធ្វើពីកៅស៊ូទន់ ប្រដាប់ការពារជង្គង់ ស្បៃសម្រាប់ពាក់ការពារកដៃ (ប្រសិនបើមាន) ក្រៅពីនោះគឺត្រូវមានរ៉ាកែត (Raquets) និងសី (Shuttlecock)។ គួររំលឹកផងដែរថា កីឡាវាយសីមានលេងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយតាំងពីសម័យសង្គមរាស្ត្រនិយម តែដល់សម័យប៉ុលពត កីឡាគ្រប់ប្រភេទបានបាត់ស្រមោលសូន្យឈឹង លុះក្រោយថ្ងៃជ័យជម្នះ ៧មករា កីឡាវាយសី ក៏ដូចជាកីឡាគ្រប់ប្រភេទបានរស់ឡើងវិញរហូតមកដល់សព្វថ្ងៃនេះ និងមានការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិជាច្រើនផងដែរ ៕
ចែករំលែកព័តមាននេះ