ទីក្រុងប៉េកាំង ៖ ប្រទេសចិនចង់សហការជាមួយប្រទេសជាសមាជិកទាំងអស់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលរួមមានសហរដ្ឋអាមេរិកផងដែរ ដើម្បីជួយធ្វើឲ្យអង្គការនេះអាចដោះស្រាយឧបសគ្គដែលបង្កពីការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ។
លោក Zhang Xiangchen អគ្គរដ្ឋទូតចិនប្រចាំ WTO បាននិយាយកាលពីថ្ងៃចន្ទមកថា តាមរយៈការផ្តល់ទីប្រឹក្សាដោយយោងតាមសមភាព កំណែទម្រង់ អាចធ្វើបច្ចុប្បនភាព WTO បាន និងធ្វើឲ្យអង្គការនេះឆ្លើយតបតាមតម្រូវការរបស់សហគមន៍អាជីវកម្មជុំវិញពិភពលោក ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មអាមេរិកមួយរបស់អង្គការWTO លោក Zhang បាននិយាយថា រាល់ប្រទេសទាំងអស់ត្រូវតែដោះស្រាយបញ្ហាការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយទាំងប្រទេសចិននិងសហរដ្ឋអាមេរិក ក៏ត្រូវធ្វើដូច្នេះដែរ ។
លោកបានបញ្ជាក់ថា ៖« ផ្លូវដែលត្រឹមត្រូវគឺមិនដាក់ឧបសគ្គពាណិជ្ជកម្ម តែបង្កើតជាការផ្តួតផ្តើមក្នុងស្រុកដើម្បីជួយដល់អ្នកដែលទទួលរងការប៉ះពាល់ជាងគេក្នុងការសម្របខ្លួន និងពង្រឹងការផ្តល់ប្រឹក្សាយោបល់ និងការសម្របសម្រួលជាមួយនឹងដៃគូពាណិជ្ជកម្មដើម្បីបង្កើតជាបរិស្ថានអន្តរជាតិសម្រាប់មនុស្សគ្រប់គ្នា»។
លោក Zhang ក៏គិតថា WTO ត្រូវដោះស្រាយបញ្ហាដែលខ្លួនមានដែរ ។ លោកបានបន្តថា ប្រសិនបើដំបូលអង្គការនេះកំពុងតែលេច នោះ សមាជិកគួរតែសហការគ្នាដើម្បីជួសជុលវា មិនមែនរុះរើវា និងធ្វើឲ្យសមាជិកទាំងអស់ជួបភ្លៀង និងព្យុះទេ ។
គួរបញ្ជាក់ដែរថា ប្រទេសចិននិងសហភាពអឺរ៉ុប រួមទាំងសមាជិកមួយចំនួនទៀតបានដាក់សំណើស្នើឲ្យមានការធ្វើកំណែទម្រង់ផ្នែកបណ្ដឹងឧទ្ធរណ៍របស់WTO និងសង្ឃឹមថាសហរដ្ឋអាមេរិកអាចចូលរួមក្នុងការពិភាក្សានេះ ។
លោក Xue Rongjiu អនុប្រធានសង្គមសិក្សាពីអង្គការWTO នៅប្រទេសចិន បាននិយាយថា ប្រទេសចិនមិនទាមទារឲ្យមានការធ្វើកំណែទម្រង់ដើម្បីតែខ្លួនឯងទេ ។ សំណើរបស់ពួកគេលេចចេញពីកិច្ចសហប្រតិបត្តិការជុំវិញពិភពលោកក្រោមអង្គការ WTO ៕
ចែករំលែកព័តមាននេះ