ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ត្រួស​ៗ​ពី​អ្នក​អត្ថាធិ​ប្បាយ​កីឡា​នៅ​ប៉ុស្តិ៍​លេខ​5 តិច​មើល៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​អ្នក​អត្ថាធិប្បាយ​កីឡាប្រដាល់​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ មាន​មិន​ច្រើន​ទេ ដែល​អ្នក​អត្ថាធិប្បាយ​នោះ​មាន​ជំនាញ​ផ្នែក​សិល្បៈ ដូច​ជា​ចេះ​ធ្វើ​ពិធីករ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​ធ្វើ​ជា​ឌី​ជេ​ជាដើម ។ ប៉ុន្តែ​សម្រាប់​លោក អូ​ឡា​ឡា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​អ្នក​អត្ថាធិប្បាយ​កីឡាប្រដាល់​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ មាន​មិន​ច្រើន​ទេ ដែល​អ្នក​អត្ថាធិប្បាយ​នោះ​មាន​ជំនាញ​ផ្នែក​សិល្បៈ ដូច​ជា​ចេះ​ធ្វើ​ពិធីករ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​ធ្វើ​ជា​ឌី​ជេ​ជាដើម ។ ប៉ុន្តែ​សម្រាប់​លោក អូ​ឡា​ឡា ដែល​មានឈ្មោះ​កំណើត​ថា សម្បត្តិ រ​ដ្ឋា មិនមែន​មាន​ត្រឹមតែ​ជំនាញ​ដែល​បាន​លើក​ឡើង​ប៉ុណ្ណោះ​ទេ លោក​ក៏​មាន​ជំនាញ​ផ្សេង​ទៀត​ដែល​ជួយ​ឱ្យ​លោក​មិន​ពិបាក​ពឹង​ទាំងស្រុង​លើ​អាជីព​ជា​អ្នក​អត្ថាធិប្បាយ​កីឡា​ដាក់​ក្បាល​មេក្រូ​មួយ​នេះ​ផង​ដែរ ។ លោក​ត្រូវ​គេ​កត់​សម្គាល់ថា​កាន់តែ​ជោគជ័យ និង​លេចធ្លោ​ទាំង​ក្នុង​អាជីព​អត្ថាធិប្បាយ​ប្រដាល់ អាជីព​សិល្បៈ និង​អាជីព​បន្ទាប់បន្សំ​ផ្សេង​ទៀត​។

លោក​ឌី​ជេ អូ​ឡា​ឡា និយាយ​ថា លោក​បោះ​ជំហាន​ដំបូង​បំផុត​មិនមែន​ជា​អ្នកជំនាញ​កីឡា​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​លោក​ត្រូវ​បាន​គេ​សរសើរ​ថា​មាន​សំឡេង​ខ្លាំង មុត​ៗ ហើយ​អាច​ប្រើ​ភាសា​បាន​ល្អ​ផង ទើប​លោក​ទទួល​បាន​ឱកាស​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ​កីឡា​ដោយ​ត្រូវ​បាន​ប៉ុស្ដិ៍​លេខ​៥​ជ្រើសរើស​ឱ្យធ្វើ​ជា​ពិធីករ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជ្រើសរើស​ជើងឯក​ដែល​មាន​កីឡាករ​បរទេស​មក​ប្រកួត​លាយឡំ​រៀង​រាល់​ស​ប្ដា​ហ៍។

លោក​ថា ខ្លួន​មាន​ជំនាញ​ឌី​ជេ​ក្នុង​ការ​ចាក់​ឌី​ស្ក​ឱ្យ​ទាក់ទាញ​ប្រចាំ​ក្លិប​កម្សាន្ត ដោយ​បាន​ប្រឡូក​កិច្ចការ​មួយ​នោះ​រហូត​មានការ​ទទួលស្គាល់ ។ ក្រោយមក​ក៏​ទទួល​បាន​ឱកាស​ក្លាយ​ខ្លួន​ជា​ពិធីករ​ក្នុង​កម្មវិធី​ផ្សេង​ៗដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នកសិល្បៈ​ដែល​ជោគជ័យ​មួយ​រូប ដោយសារ​តែ​លោក​គឺជា​ឌី​ជេ​ចាក់​ភ្លេង ដែល​មាន​ការងារ​សកម្ម​ក្នុង​ការ​កាន់​ក្បាល​មេក្រូ​ឡើង​សម្របសម្រួល​ក្នុង​កម្មវិធី​សិល្បៈ​នានា។

លោក​កាន់តែ​មាន​ទីផ្សារ​ក្នុង​សកម្មភាព​ឃោសនា​ផលិតផល មិន​ថា​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ក្នុង​​ខេត្ត និង​នៅ​ភ្នំពេញ ស្ទើរតែ​ធ្វើ​ឱ្យ​ជំនាញ​កីឡា​គ្រាន់តែ​ជា​រឿង​បន្ទាប់បន្សំ ។ លោក​ថា អាជីព​មួយ​ចំនួន​ដូច​ជា ជំនាញ​ឌី​ជេ និង​ជំនាញ​សិល្បៈ បាន​ធ្វើ​ឱ្យ​លោក​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង ដោយ​ការងារ​កន្លង​មក​របស់​លោក​បាន​ធ្វើ​ឱ្យ​លោក​មានឈ្មោះ​បោះ​សំឡេង និង​មាន​ទំនាក់ទំនង​កាន់តែ​ច្រើន​ជាមួយ​ម្ចាស់​ក្រុមហ៊ុន និង​តារា​សិល្បៈ​។

យ៉ាងណាមិញ លោក​អះអាង​ថា ខ្លួន​មិនមែន​មាន​តែ​ជំនាញ​ដែល​បាន​រៀបរាប់​ខាងលើ​នោះ​ទេ ដ្បិត​លោក​ក៏​មាន​ជំនាញ​ជា​អ្នក​ទីផ្សារ និង​ជា​អ្នក​ផលិតកម្ម​វិធី​ថែម​ទៀត​កាន់តែ​ជួយ​ឱ្យ​លោក​មានឱកាស​បំពេញ​ការ​ងារ​យ៉ាង​ជោគជ័យ​ផង​ដែរ ។ ជាក់ស្ដែង លោក​នៅ​តែ​ត្រូវ​បាន​ក្រុមហ៊ុន​ធំ​ៗ ទាក់ទង​ឱ្យ​រៀបចំ​ការងារ​ទីផ្សារ និង​រៀបចំ​សកម្មភាព​សិល្បៈ​ផ្សេង​ៗ ដើម្បី​ពង្រីក​ស្នាដៃ ។ លោក​ក៏​មាន​បងប្អូន​ស្រី​បង្កើត​គឺ​អ្នក​នាង ពេជ្រ ខេន​ឌី ជា​អ្នកសិល្បៈ និង​ជា​សមាជិក​ប្រចាំ​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ ដោយ​គ្រាន់តែ​លោក​មិនសូវ​មាន​សកម្មភាព​សិល្បៈ​ឱ្យ​លេចធ្លោ​ទើប​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍ ដូច​គ្នា​នឹង​បងស្រី​របស់​លោក​ដែល​ទទួល​​បាន​ជោគជ័យ​ជាង​ក្នុង​អាជីព​ចម្រៀង និង​សម្ដែង​។

លោក​អះអាង​ថា ប្រាក់​ស្នូល​របស់​លោក​គឺ​ការងារ​ទីផ្សារ ឌី​ជេ និង​ពិធីករ​កម្មវិធី​សម្ពោធ ឬ​បើក​ក្រុមហ៊ុន ទើប​លោក​មិនសូវ​យ៉ាប់​ដូច​គ្នា​នឹង​ការងារ​អត្ថាធិប្បាយ​កីឡា​មួយ​ចំនួន ដោយសារ​តែ​លោក​មាន​ការងារ​ផ្សេង​ទៀត​ក្នុង​ដៃ ។ លោក​ចាត់​ទុក​ថា ខ្លួន​ប្រឡូក​ការងារ​ជា​អ្នក​អត្ថាធិប្បាយ​កីឡា​ឱ្យ​ប៉ុស្ដិ៍​លេខ​៥​គ្រាន់តែ​ជា​ការងារ​មួយ​ដើម្បី​ឱ្យ​លោក​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឱ្យ​លោក​ពឹង​លើ​ការងារ​នេះ ដើម្បី​មានបាន គឺ​មិន​អាច​ទៅ​រួច​ទេ​។

ឌី​ជេ​អូ​ឡា​ឡា បញ្ជាក់​ថា ក្នុង​ចំណោម​ការងារ​ទាំងអស់​ដែល​លោក​មាន​ជំនាញ លោក​យល់​ថា អាជីព​អត្ថាធិប្បាយ​កីឡា​ជា​រឿង​ងាយ​ស្រួល​ចំពោះ​លោក​ជាងគេ ដោយសារ​តែ​លោក​គឺជា​បុគ្គល​ដែល​មាន​ចំណូលចិត្ត​លេង​កីឡា​តាំងពី​ក្មេង ហើយ​បើ​និយាយ​ពី​ចំណេះដឹង​ផ្នែក​កីឡា គឺ​លោក​មាន​ចំណូលចិត្ត​ស្វែង​យល់​ច្រើន​។

ជាក់ស្ដែង សម្រាប់​ការ​អត្ថាធិប្បាយ​ប្រដាល់​នៅ​ប៉ុស្ដិ៍​លេខ​៥ គឺ​លោក​ចេះ​ចាំ​ក្បាច់​ស្នៀត និង​ឈ្មោះ​បច្ចេក​ទេស​នីមួយ​ៗ ស្ទើរតែ​ចាំ​ជាប់មាត់​ទៅ​ហើយ ទើប​ក្នុង​ពេល​កីឡាករ​វាយ​គ្នា លោក​អាច​អត្ថាធិប្បាយ​មិន​ចាញ់​អ្នកមាន​ជំនាញ​ហើយ​ប្រឡូក​ប្រដាល់​ដោយ​ផ្ទាល់​នោះ​ឡើយ​។

ស្របគ្នា​ដែល​លោក​ក៏​តែងតែ​ស្វែង​យល់​ពី​ប្រវត្តិ និង​ស្នាដៃ​របស់​កីឡាករ​នីមួយ​ៗ​ដែល​បាន​ឡើង​ប្រកួត​នោះ​ផង ទើប​លោក​បញ្ជាក់​ប្រាប់​ថា​នៅ​ពេល​អត្ថាធិប្បាយ​ប្រដាល់ គឺ​ធ្វើ​ឱ្យ​ថ្នឹក​មាត់​ដោយ​មិន​ចាំបាច់​ទន្ទេញ​​ជាប់មាត់ ឬ​មានការ​បញ្ជា​ពី​អ្នក​រៀបចំ​កម្មវិធី ។ លោក​ក៏​ត្រូវ​ដើរតួ​ជា​អ្នក​បោះ​គំនិត​ឱ្យ​ពិធីករ​នៅ​ក្នុង​វេទិកា​​ជាមួយ​គ្នា ដើម្បី​ឱ្យ​គេ​មាន​ឃ្លោងឃ្លា​និយាយ​កុំឱ្យ​ស្ងាត់​ផង ដែល​លោក​ប្រកាស​ថា ការ​បោះ​(​និយាយ​)​ ឱ្យ​គ្នា​ឱ្យ​មានការ​ឆ្លង​ឆ្លង​នោះ​ផង ទើប​ធ្វើ​ឱ្យ​មាន​ភាព​លេចធ្លោ និង​ការ​ចាប់អារម្មណ៍​មក​កាន់​ពិធីករ​ប្រដាល់ ។

លោក​អះអាង​ថា អ្នក​អត្ថាធិប្បាយ​ប្រដាល់ ការ​និយាយ​កាត់​គេ​កាត់​ឯង ហើយ​និយាយ​ឱ្យ​ច្រើន​ដោយ​មិន​ខ្វល់​ពី​អ្នក​ជុំវិញ​ខ្លួន គឺជា​រឿង​ដែល​ធ្វើ​ឱ្យ​ពួក​គេ​លេចធ្លោ ប៉ុន្តែ​តាម​ពិត​គឺ​បាន​ត្រឹមតែ​រង​ការ​រិះគន់​ថា​កម្មវិធី​នោះ​មិនសូវ​ទាក់ចិត្ត​នៅ​ពេល​អត្ថាធិប្បាយ​ប៉ុណ្ណោះ ។ លោក​មិន​មាន​គម្រោង​ដើរ​ចេញពី​អាជីព​ជា​អ្នក​អត្ថាធិ​ប្បាយ​ប្រដាល់​នៅ​ប៉ុស្ដិ៍​លេខ​៥ នោះ​ទេ ដោយសារ​តែ​នោះ​គឺជា​ជំនាញ​ត្រូវ​ចិត្ត ហើយ​មាន​តែ​ដាក់​គម្រោង​នឹង​ទទួល​ធ្វើ​កម្មវិធី​ប្រដាល់​មួយ​ផ្សេង​ទៀត​នៅ​ប៉ុស្ដិ៍​លេខ​៥​អំឡុង​ឆ្នាំ​២០១៩ ។

យ៉ាងណាមិញ លោក​ក៏​នៅ​តែ​សស្រាក់សស្រាំ​លើ​ជំនាញ​ឌី​ជេ ជំនាញ​ពិធីករ​កម្មវិធី​ឃោសនា និង​ក្នុង​កម្ម​វិធី​សិល្បៈ​ផង​ដែរ ខណៈ​ដែល​ការងារ​ផ្នែក​ទីផ្សារ និង​ផលិតកម្ម​វិធី​មិន​ឱ្យ​របូត​មួយ​ចំណុច​នោះ​ទេ ដើម្បី​ស្រូប​ទាញ​ប្រាក់​ចំណូល​ទាន់​នៅ​មានឱកាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ