ទូរស័ព្ទស្មាតហ្វូនម៉ាក Samsung Galaxy S4 ស៊េរីចុងក្រោយដែលជាប្រភេទពេញនិយមសម្រាប់ពលរដ្ឋនោះ បានធ្លាក់ថ្លៃមកសល់ត្រឹមប្រហែល៦០០ដុល្លារតែប៉ុណ្ណោះ មានន័យថា ធ្លាក់តម្លៃលឿន បើប្រៀបធៀបកាលពីជាង១ខែមុនមានតម្លៃ៦៨០ដុល្លារឯណោះ ខណៈដែល iPhone5 មានតម្លៃប្រហាក់ប្រហែល៦៦០ដុល្លារ ក៏ដាំក្បាលចុះផងដែរ បើប្រៀបធៀបកាលពី៤-៥ខែមុនតម្លៃប្រហែល១.០០០ដុល្លារឯណោះ ។
ម្ចាស់ហាងលក់ទូរស័ព្ទដៃមួយកន្លែងលើកំណាត់ផ្លូវម៉ៅសេទុង ម្តុំផ្សារឃ្លាំងរំសេវបាននិយាយឱ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ Samsung Galaxy S4 ធ្លាក់ថ្លៃលឿន បើធៀបកាលពីចេញលក់ដំបូង គឺខុសគ្នាស្ទើរតែ១០០ដុល្លារទៅហើយ មិនដឹងមកពីមូលហេតុអ្វីបានជាធ្លាក់ថ្លៃលឿននោះទេ ហើយវាអាចបន្តចុះទៀត…។ បើនិយាយពីរឿងលក់ Galaxy S4 និង iPhone5 វិញ គឺតម្លៃ iPhone5 លើសប្រហែល៦០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីរឿងធ្លាក់តម្លៃនៅពេលនេះ គឺ iPhone5 ធ្លាក់ក្នុងកម្រិតយឺត និងដូចជាលែងធ្លាក់ថ្លៃទៀតហើយ ចាប់តាំងពីខែមុន និងខែនេះ(មិថុនា) ។
បច្ចុប្បន្ន Samsung Galaxy S4 មានតម្លៃប្រហែល៦០០ដុល្លារ ខុសកាលពីចេញដំបូងតម្លៃប្រហែល៧០០ដុល្លារ ខណៈ iPhone5 តម្លៃនៅស្ថេរជាច្រើនសប្តាហ៍ប្រហែល៦៦០ដុល្លារ ។ តាមការស៊ើបសួរនៅតាមហាងលក់ទូរស័ព្ទក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា ហាងខ្លះលក់ Galaxy S4 នៅតែនាំមុខម៉ាកទូរស័ព្ទដទៃ ជាពិសេស iPhone5 ហើយហាងខ្លះ Galaxy Not2 លក់ដាច់ជាងគេក្នុងតម្លៃថ្មីៗនេះប្រហែល៥៣០ដុល្លារ បើទោះជាកាលពីប៉ុន្មានខែមុនមានតម្លៃ៧៤០ដុល្លារក៏ដោយ ។
លក្ខណៈពិសេសដែលធ្វើឱ្យត្រកូល Samsung លក់ដាច់ជាងទូរស័ព្ទដទៃ ដោយសារថា ក្រុមហ៊ុននេះបានប្រកាសបង្ហាញរូបរាង Galaxy S4 យ៉ាងមហោឡារិកនាទីក្រុង New York ក្នុងព្រឹត្តិការណ៍ Samsung Unpack Event និងផ្សព្វផ្សាយស្ប៉តណាពាណិជ្ជកម្មផ្សេងៗកាលពីអំឡុងខែមីនាកន្លងទៅ ធ្វើឱ្យអតិថិជនដឹងថា Samsung បានបំពាក់បច្ចេកវិទ្យាទំនើបដូចជា Eyes Scroll, Eyes Pause និង S Health ជាដើម ជាពិសេស Connect ប្រើជាតេឡេបញ្ជាទូរទស្សន៍បានទៀតផង ៕
ចែករំលែកព័តមាននេះ