ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ខ្សែក្រវាត់​ថៃ​ប្រើ​អស់​យុទ្ធសាស្ត្រ​ហើយនៅ​តែធ្វើអី យុគ យក្ស​ផ្លែ មិន​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា យុគ យក្ស​ផ្លែ និង​កីឡាករ​ថៃ Phat Lerchha បាន​ធ្វើ​ឡើង​យ៉ាង​កក្រើក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃអាទិត្យ​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា យុគ យក្ស​ផ្លែ និង​កីឡាករ​ថៃ Phat Lerchha បាន​ធ្វើ​ឡើង​យ៉ាង​កក្រើក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃអាទិត្យ​ថ្ងៃ​ទី​១៦ ធ្នូ ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​យ៉ាងច្រើន​កុះករ​ ។

នេះ​ជា​ការ​ប្រកួត​ប៉ះ​គ្នា​លើក​ដំបូង​របស់​កីឡាករ​ទាំង​ពីរ ខណៈ​ដែល​កីឡាករ​កម្ពុជា​ត្រូវ​គេ​ដឹង​ថា​ធ្លាក់ដៃ​ទៅ​ហើយ ប៉ុន្តែ​នៅ​ពេល​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​មក​ពី​ប្រទេស​ថៃ នៅ​តែ​អាច​ទប់ទល់​បាន ​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​បង្គោល​ក្រហម យុគ យក្ស​ផ្លែ មិន​មាន​ជំនឿ​ចិត្ត​ថា​អាច​យកឈ្នះ​កីឡាករ​ថៃ Phat Lerchha នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ​ទើបតែ​ឈ្នះ​ខ្សែក្រវាត់​ជើងឯក​ក្ដៅ​ៗ​ផង ។

អ្នកគាំទ្រ​ភាគច្រើន​បើ​ទោះជា​ចង់​លើកទឹកចិត្ត​កីឡាករ​កម្ពុជា ក៏​បាន​ត្រឹមតែ​ថា​ប្រឹង​ឡើង តែ​បែរជា​ជឿជាក់​ទាំងស្រុង​លើ​កីឡាករ​ថៃ​ថា​នឹង​ឈ្នះ​ការ​ប្រកួត​១០០​ភាគរយ​ដោយ​មាន​អ្នកខ្លះ​ថែម​ទាំង​យល់​ថា នឹង​វាយ​ឱ្យ​កីឡាករ​កម្ពុជា​សន្លប់​មុន​ចប់​ទឹក​ទី​៥​នោះ​ផង ។

ផ្ទុយ​ពី​ការ​រំពឹង​ទុក គ្រាន់តែ​ឈាន​ចូល​ដល់​ទឹក​ទី​២​ភ្លាម ក៏​ត្រូវ​កីឡាករ​កម្ពុជា វាយបក​ត្រឡប់​មក​វិញ ធ្វើ​ឱ្យ​កីឡាករ​ថៃ​ពិបាក​វាយ​ចំ​គោលដៅ រហូត​ដល់​ថ្នាក់ គ្រូបង្វឹក និង​អ្នក​ឱ្យ​ទឹក​កីឡាករ​ថៃ បង្ហាញ​អារម្មណ៍​បុក​ពោះ​ទៅ​វិញ ជា​ពិសេស​ក្នុង​ពេល​កីឡាករ​កម្ពុជា កាន់តែ​វាយ​សម្រុក​តបត ហើយ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ចង់​ទាល់​ទី​ម្ដង​ៗ ។

ក្នុង​ទឹក​ទី​៣ កីឡាករ​ថៃ​បាន​កែ​ស្ថានការណ៍​វាយលុក ហើយ​ចាប់ផ្ដើម​បំបាក់​កីឡាករ​កម្ពុជា​ជា​ថ្មី បើ​ទោះជា​ឱកាស​ក្នុង​ការ​វាយលុក​នៅ​ក្នុង​ពេល​នោះ មិន​អាច​ឈ្នះ​ដាច់​តាម​ការ​គ្រោងទុក​ក្ដី ។ ក្នុង​ទឹក​ទី​៤ កីឡាករ​ថៃ​ដែល​ត្រូវ​គេ​ប្រកាស​ថា​ជា​ម្ចាស់​ខ្សែក្រវាត់​ហាក់​បញ្ចេញថ្វីដៃ​កាន់តែ​ល្អ ។

កណ្ដាប់ដៃ​ក្នុង​ការ​វាយលុក ក៏​ត្រូវ​គោលដៅ ហើយ​ការ​ប្រើ​ជើង​ទាត់​ល្វែង​ក្រោម​ធ្វើ​ឱ្យ​កីឡាករ​ថៃ ពិបាក​ក្នុង​ការ​វាយលុក ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​កាន់តែ​ក្ដៅ​គគុក​នៅ​លើ​សង្វៀន ដោយ​អ្នកគាំទ្រ​យ៉ាង​ហោច​២​ភាគ​៣​បាន​បញ្ចេញ​សំឡេង​អបអរ​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ពេល​កីឡាករ​កម្ពុជា​បញ្ចេញ​សមត្ថភាព​ខ្លាំង ហើយ​កីឡាករ​ថៃ​ក៏​បញ្ចេញ​សមត្ថភាព​ខ្លាំង​ធ្វើ​ឱ្យ​ការ​ប្រកួត​ឡើង​កំ​ដៅ​មិន​ឈប់​ឈរ ។

ក្នុង​ទឹក​ទី​៤​ដដែល កីឡាករ​កម្ពុជា​ត្រូវ​គេ​កត់​សម្គាល់ថា​វាយ​កែង​បាន​ល្អ ប៉ុន្តែ​កីឡាករ​ថៃ ក៏​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​វាយ​កែង និង​ម៉ាត់​តបត ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​មួយគូ​នេះ កាន់តែ​ទាក់ទាញ​ខ្លាំង ។ ក្នុង​ទឹក​ទី​៥កីឡាករ​ថៃ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញចិត្ត​យ៉ាង​ខ្លាំង ជាមួយនឹង​ការ​វាយលុក​ទៅ​លើ​កីឡាករ​កម្ពុជា ។

ទោះបី​យ៉ាងណា កីឡាករ​ថៃ មិន​អាច​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​បាក់មុខ​បាន​ទេ ដោយសារ​តែ​ការ​ប្រកួត​ចុង​ក្រោយ​គឺ​លទ្ធផល​បាន​ត្រឹម​ស្មើគ្នា ដែល​មាន​ន័យ​ថា កីឡាករ​ថៃ​ទោះ​ប្រឹង​អស់​ប៉ុន​ហ្នឹង​ក៏​មិន​អាច​យកឈ្នះ​លើ​កីឡាករ​កម្ពុជា ដែល​ធ្លាក់ដៃ​បាន​ដែរ​ ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ គឺជា​ជំនួប​សងសឹក ទើប​ការ​ប្រកួត​មួយ​នេះ មិន​ថា​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​សុទ្ធតែ​ប្រឹង​ប្រកួត​ដូច​គ្នា ដោយ​កីឡាករ​កម្ពុជា​ត្រូវការ​ការពារ​កិត្តិយស​ក្នុង​នាម​ជា​កីឡាករ​មានបទពិសោធន៍​យូរ ហើយ​កីឡាករ​ថៃ​ត្រូវការ​ជ័យជម្នះ​របស់​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់​ខ្សែក្រវាត់ ។ មួយគូ​នេះ បើ​មើល​មួយ​ភ្លែត កីឡាករ​ថៃ​សម​នឹង​ឈ្នះ​ច្រើន​ជាង ស្របគ្នា​ដែល​គេ​ក៏​វាយ​ចេញ​ត្រូវ​ចំ​គោលដៅ​បាន​ច្រើន ។

ប៉ុន្តែ​លោក​ថា កីឡាករ​កម្ពុជា ដ្បិតថា​ធ្លាក់ដៃ​ក៏​ល្អ​ណាស់​ដែរ ទោះបី​វាយ​ចេញ​បាន​តិច និង​មិនសូវ​វាយ​សម្រុក​តប​ខ្លាំង ប៉ុន្តែ​មួយ​ដៃ​ៗ និង​មួយ​ជើង​ៗ​របស់​គេ ក៏​សុទ្ធតែ​ចំ​គោលដៅ ហើយ​មាន​ចំណុច​ទាក់ទាញ អ៊ីចឹង​ហើយ​ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល បាន​ត្រឹម​ស្មើគ្នា ដែល​លោក​ប្រកាស​ថា លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​គឺជា​ការ​ដោះស្រាយ​បញ្ហា​កុំឱ្យ​មានការ​លាប​ពណ៌​ថា អ្នក​នេះ​ល្អ​ជាង​ម៉េច​ក៏​ឱ្យ​ចាញ់ ហើយអ្នក​នោះ​មិន​សម​ចាញ់​ដែរ​ម៉េច​ក៏​មិន​ឱ្យ​ឈ្នះ​ជាដើម ។

លោក​ថា លទ្ធផល​ស្មើ​ខ្លះ គឺជា​រឿង​ដ៏​ល្អ​សម្រាប់​កីឡាករ​ដែល​មាន​សមត្ថភាព​២​នាក់ ជា​ពិសេស​ស្ថិត​ក្នុង​ស្ថានភាព​ដែល​បង្គោល​ក្រហម​ក៏​ល្អ បង្គោល​ខៀវ​ក៏​ល្អ ខណៈ​ដែល​លទ្ធផល​នេះ​ក៏​ជួយ​ដោះស្រាយ​ទំនាស់​រវាង​អ្នក​ភ្នាល់​និង​អ្នក​ភ្នាល់ កុំឱ្យ​ពុះកញ្ជ្រោល​នឹង​ការ​បង្ហាញ​ប្រតិកម្ម ។

លោក​និយាយ​ថា​«​ការ​ពិត​លទ្ធផល​ស្មើ​យើង​មិនមែន​ចេះ​តែ​ឱ្យ​ៗ​ទេ ពេល​ខ្លះ​វា​ល្អ​ទាំង​សម្រាប់​កីឡាករ និង​ល្អ​ទាំង​សម្រាប់​គណៈកម្មការ ព្រោះ​ការ​ប្រកួត​ខ្លះ​តែ​ឱ្យ​មិន​ស្រួល​គឺ​មានរឿង​រញ៉េរញ៉ៃ​តែ​ម្ដង​»​។

លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ ទាំង​កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​បញ្ចេញ​សមត្ថភាព​បាន​ល្អ អ៊ីចឹង​លទ្ធផល​មិន​ឱ្យ​អ្នក​ណា​មាន​ពិន្ទុ​នាំមុខ​គឺជា​ជម្រើស​តែ​មួយ​គត់ ដើម្បី​ឱ្យ​កីឡាករ​ម្ខាង​ៗ​អស់ចិត្ត ។ លោក​មាន​គម្រោង​ដាក់​ឱ្យ​មួយគូ​នេះ​ឡើង​ប្រកួត​ជា​ថ្មី​ម្ដងទៀត តែ​រង់ចាំ​ឱ្យ​កីឡាករ​ថៃ និង​យុគ យក្ស​ផ្លែ បាន​ត្រៀមខ្លួន​ឱ្យ​គ្រប់គ្រាន់​សិន ដើម្បី​ចង់​ដឹង​ថា បើ​ប៉ះ​គ្នា​ម្ដងទៀត តើ​អ្នក​ណា​នឹង​ឈ្នះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ