រាជធានីភ្នំពេញ ៖ នៅសាលារាជធានីភ្នំពេញ រសៀលថ្ងៃទី៦ ធ្នូ ឆ្នាំ២០១០ មានរៀបចំប្រជុំផ្សព្វផ្សាយក្រមព្រហ្មទណ្ឌថ្មីដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញ ពិធីនេះធ្វើឡើងស្ថិតក្រោមអធិបតីភាពលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ។ ក្រមព្រហ្មទណ្ឌដែលត្រូវផ្សព្វផ្សាយថ្មីនេះ មានចំនួន៦៧២មាត្រា ។ នៅក្នុងមាត្រានីមួយៗបានបញ្ជាក់រួមទាំងការដាក់ទំងន់ទោសយ៉ាងលំអិតណាស់ ។ ប៉ុន្តែអ្វីដែលកោះសន្តិភាពមានការចាប់អារម្មណ៍ ឬកត់សំគាល់នោះ គឺនៅត្រង់ជំពូកទី៣ ស្តីពីការបំពានខាងផ្លូវភេទ ផ្នែកទី២ ការបំពានខាងផ្លូវភេទអ្នកដទៃទៀត និងលំអិតមួយចំណុចទៀត នៅត្រង់មាត្រាទី២៤៩ ស្តីពីបទបង្ហាញកេរ្តិ៍ភេទ ។ នៅក្នុងមាត្រានេះបានបញ្ជាក់យ៉ាងច្បាស់លាស់ គឺអំពើបង្ហាញកេរ្តិ៍ភេទដែលនាំឱ្យអ្នកដទៃមើលឃើញនៅក្នុងទីកន្លែងមួយដែលសាធារណជនអាចមើលឃើញត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ៣ខែ និងពិន័យជាប្រាក់ពី១សែនទៅ៥សែនរៀល ។
ច្បាប់នេះបានចូលជាធរមាន ហើយនៅរាជធានីភ្នំពេញ នឹងត្រូវអនុវត្តន៍ចាប់ពី ថ្ងៃទី១១ ធ្នូ ឆ្នាំ២០១០ នេះតទៅ ។ មានន័យថា អ្នកដែលចូលចិត្តបន្ទោបង់ឥតរបៀបដូចជា បត់ជើងតូច បត់ជើងធំតាមទីសាធារណៈតាមបង្គោលភ្លើង សួនច្បារ គុម្ពផ្កា ឬតាមរបងជាដើម និងត្រូវប្រឈមមុខចំពោះមុខច្បាប់ ។ ហើយម្យ៉ាងទៀតជនណាដែលចូលចិត្តបង្ហាញខ្លួនឯងឱ្យគេឃើញ ដោយចេតនា ឬអចេតនាធ្វើឱ្យអ្នកដទៃមានអារម្មណ៍ ឬបង្ហាញកេរ្តិ៍ភេទក្នុងចំណោមអនីតិជន គឺត្រូវមានទោសដូចបានចែងក្នុងមាត្រា២៤៩ ។ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ចាប់ពីឥឡូវនេះទៅមន្ត្រី អនុវត្តន៍ច្បាប់ក្រោមឱវាទសាលារាជធានីភ្នំពេញ ត្រូវចាប់តំរង់ជួរពង្រឹងការអនុវត្តន៍ច្បាប់ ដើម្បីជាតិយើង និងដើម្បីនីតិរដ្ឋ ។ ហើយចាប់ពីពេលនេះតទៅ មានសាលក្រមពីតុលាការ អាជ្ញាធរខណ្ឌមិនចាំបាច់សួរមកសាលារាជធានីភ្នំពេញទេ គឺអនុវត្តន៍តែម្តង ព្រោះជួនកាលរឿងកើតឡើងដោយសារភាពអត់អោនរបស់យើង ដែលធ្វើឱ្យផ្ទុយនឹងច្បាប់ ។
នៅក្នុងក្របខណ្ឌថ្មីនេះមានការកែប្រែពាក្យខ្លះដូចជាពាក្យថា «ប្លន់» ដូរមកប្រើពាក្យ «លួចដោយហិង្សា» បទបៀតបៀនកេរ្តិ៍ខ្មាសមកប្រើពាក្យប្រទូស្តកេរ្តិ៍ខ្មាស បទបរិហាកេរ្តិ៍មក បរិហាបង្កាច់កេរ្តិ៍ជាដើម ។ ក្រៅពីនេះមានចែងមាត្រាថ្មីបន្ថែម ដែលមានលក្ខណៈស៊ីជម្រៅ និងចែកដាច់ពីទោសកំហុសនីមួយៗដូចជា បទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង ឱ្យដើរសុំទាន ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ បទមជ្ឈឹម បទរៀបចំបង្ហាញភេទ ឬទំនាក់ទំនងខាងផ្លូវភេទ ដោយមានការចូលរួមពីអនីតិជន គឺត្រូវតែមានទោស ៕
ចែករំលែកព័តមាននេះ