ខេត្តកែប ៖ យុទ្ធនាការទិវាអនាម័យបរិស្ថានក្រោមប្រធានបទ«កែបសំអាតកែប» បានចាប់ផ្តើមហើយកាលពីព្រឹកថ្ងៃទី២៩ មិថុនា នៅសាលាខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោកកែន សត្ថា អភិបាលខេត្តកែប បវរកញ្ញាជប៉ុនពីរនាក់បងប្អូនគឺកញ្ញា Kiko Arai និងកញ្ញា Hisae Arai ដែលជាទូតសុច្ឆន្ទៈរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មន្ត្រីរាជការមកពីមន្ទីរសា្ថាប័ននានា ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកពីគ្រប់អនុវិទ្យាល័យសរុបប្រមាណជិត១.០០០នាក់ ។
លោកកែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា ខេត្តកែបជាខេត្តទេសចរណ៍ដ៏មានសក្តានុពល ហើយដើម្បីឆ្លើយតបនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តខិតខំធ្វើការកែលម្អសោភ័ណភាពអនាម័យ និងការពារអភិរក្សធនធានធម្មជាតិទាំងនៅតំបន់ភ្នំ ឆ្នេរនិងកោះប្រកបដោយចីរភាព និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាសម្រាកលំហែកម្សាន្ត មានចំនួនកើនឡើងជាបន្តបន្ទាប់ ។ ក្រៅពីនោះដើម្បីកែប្រែតំបន់ទេសចរណ៍នេះឱ្យមានភាពបៃតង ខេត្តក៏បានជំរុញការដាំដើមឈើជាច្រើនប្រភេទ ដូចជាដើមត្របែកព្រៃ ឥន្ទនេល ឈើទាល គគីរ និងក្ងោកជាដើម ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មានប្រសាសន៍ក្នុងឱកាសនោះថា ទីក្រុងស្អាតមានសេវាកម្មល្អប្រកបដោយផាសុកភាព និងសុវត្ថិភាពល្អ ពិតជាអាចបង្កើននូវចំនួនភ្ញៀវទេសចរដ៏ច្រើនលើសលប់ ។ ទាំងអស់នេះ ក៏ជាការឆ្លើយតបដ៏ចាំបាច់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យអនុវត្ត បន្ទាប់ពីចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដោយធ្វើចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ គឺជាជម្រើសយុទ្ធសាស្ត្រសមស្របក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជាឈានទៅរកភាពស្អាត និងភាពបៃតង ។
កញ្ញា Hisae arai បវរកញ្ញាឯកប្រទេសជប៉ុនប្រចាំឆ្នាំ២០១១ និងកញ្ញា Kiko arai បវរកញ្ញាឯកប្រទេសជប៉ុន ប្រចាំឆ្នាំ២០១២ ក៏បានគាំទ្រក្នុងសកម្មភាពនេះយ៉ាងពេញទំហឹងផងដែរ ដោយសង្ឃឹមថា ខេត្តកែប នាពេលបច្ចុប្បន្ននិងពេលអនាគតពិតជាក្លាយជាទីក្រុងមួយដ៏ស្រស់ស្អាតដាច់គេ និងជាក្រុងប្រកបដោយបរិស្ថានល្អផងដែរ ៕
ចែករំលែកព័តមាននេះ