រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ទី២៧ មិថុនា នៅសង្វៀន Beeline Arena ជ្រោយចង្វាដែលរៀបចំឡើងដោយសា្ថនីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហាក់មិនសូវជក់ចិត្តដូចកាលពីខែមុនប៉ុន្មានឡើយ ដោយសារតែកីឡាករបរទេសភាគច្រើនបានត្រឹមតែ១ទឹក និងខ្លះ៣ ទឹកក៏ដួលភីងៗបាត់ទៅហើយ ។ ក្នុងចំណោមនោះ គេឃើញមានតែការប្រកួតរវាងកីឡាករពេជ្រ សីហា និងកីឡាករថៃ Rung Rak ប៉ុណ្ណោះ ដែលបានស៊ីសងគ្នាដោយពិន្ទុឈ្នះចាញ់ ខណៈដែលពេជ្រ សីហា ក្លាយជាអ្នកបែកលើត្របកភ្នែកឆ្វេងដេរអស់៥ថ្នេរ ទម្រាំតែអាចបំបាក់កីឡាករថៃឱ្យបរាជ័យដោយពិន្ទុបាន ។
កីឡាករបារាំង Phalex ដែលជាគូទី១ បានត្រឹមតែទឹក១ប៉ុណ្ណោះ ក៏សម្រេចប្រគល់ជ័យជម្នះឱ្យទៅកីឡាករ ភុំ សារ៉ាយ តែម្តងដូចអ្វីដែលកីឡាករកម្ពុជាតាំងចិត្តថានឹងធ្វើឱ្យបាន ។ រវាងគូនេះ មានអ្នកខ្លះមិនទាំងបានតាមដានពីការប្រកួតរបស់ពួកគេផង ស្រាប់តែកីឡាករបារាំងត្រូវរាប់ដល់១០ ហើយក្លាយជាអ្នកលើកទង់ជ័យសនៅលើសង្វៀនបាត់ទៅហើយ ។ សម្រាប់គូទី២កីឡាករជនជាតិថៃ SakSayam ដែលកន្លងមកធ្លាប់ផ្តួលកីឡាករជើងខ្លាំងរបស់កម្ពុជាឱ្យចាញ់បាក់មុខ ក៏ក្លាយជាអ្នកសន្លប់ដូចគ្នាដែរ ដោយគ្រាន់តែត្រូវប៉ុន្មានដៃ និងប៉ុន្មានកែងរបស់កីឡាករឡុង សុភី ។
ចំពោះគូនេះ អ្នកខ្លះសង្ស័យថា កីឡាករបរទេសលក់ខ្លួន ប៉ុន្តែដោយសារតែគ្មានអំណេះអំណាង និងមានការអះអាងពីក្រុមមន្ត្រីបរទេសដែលដឹកនាំកីឡាករឱ្យមកប្រកួតនៅកម្ពុជា ទើបការសង្ស័យត្រូវស្ងប់ស្ងាត់វិញ ។ ចំពោះគូអន្តរជាតិរវាងកីឡាករ សេន ប៊ុនថេន និងកីឡាករម៉ាឡេស៊ី CheeJian Kai រឹតតែធ្វើឱ្យអ្នកទស្សនាស្រងាកចិត្តទ្វេដង ដោយសារតែកីឡាករម៉ាឡេស៊ីឡើងកំដរសង្វៀនបានតែទឹកទី២ ក៏ត្រូវរបួសដៃប្រកួតលែងកើត ក្រោយពីសេន ប៊ុនថេន ទាត់ផាំងៗចំកំភួនដៃ
ឆ្វេង ។ ក្រុមអ្នកទស្សនានិយាយថា កីឡាករបរទេសមកលើកនេះ មិនអន់ប៉ុន្មានទេ ប៉ុន្តែមកពីគេប៉ះជាមួយកីឡាករកម្ពុជាសុទ្ធតែជាជើងខ្លាំងទើបត្រូវសន្លប់ខុសពីការគ្រោងទុក ។
ក្នុងចំណោមការប្រកួតគូអន្តរជាតិទាំង៤គូ មានតែគូអន្តរជាតិរវាងកីឡាករ Rung Rak ជនជាតិថៃ និងកីឡាករកម្ពុជា ពេជ្រ សីហា ប៉ុណ្ណោះ ដែលឆ្លងផុតដល់ទឹកទី៥ ហើយធ្វើឱ្យអ្នកទស្សនាជក់ចិត្តជាងគេ ។ កីឡាករថៃ Rung Rak ទទួលបានជោគជ័យគួរសម ជាមួយនឹងកែងបោះ ទាត់ និងឡើងជង្គង់មកលើកីឡាករកម្ពុជា ។ ទោះបីជាយ៉ាងណា ស្ថិតិនៃការវាយលុករបស់គេនៅតែចាញ់ប្រៀបកីឡាករពេជ្រ សីហា ទើបនៅចុងបញ្ចប់ទឹកគេឃើញកីឡាករពេជ្រ សីហា បានក្លាយជាអ្នកឈ្នះដែលនាំឱ្យលទ្ធផលសម្រាប់ការប្រកួតប្រចាំខែនាថ្ងៃម្សិលម្ងៃ៉ គឺកីឡាករកម្ពុជាឈ្នះទាំងអស់ ដោយបីគូផ្តួលកីឡាករបរទេសឱ្យសន្លប់ និងមួយគូពេជ្រ សីហា បានត្រឹមឈ្នះដោយពិន្ទុ ។
កីឡាករពេជ្រ សីហា ត្រូវក្រុមគ្រូពេទ្យដេរត្រង់បរិវេណត្របកភ្នែកចំនួន៥ថ្នេរ បើទោះជាគេអាចបំបាក់កីឡាករថៃRung Rakឱ្យខូចដៃឆ្វេង តាំងពីចប់ទឹកទី២ក៏
ដោយ។ គូអន្តរជាតិទាំង៤នឹងមានគូខ្លះឡើងសងសឹកគ្នានៅខែក្រោយ នេះបើយោងតាមការអះអាងពីភាគីថៃដែលប្រាប់ថា កីឡាកររបស់ខ្លួនមិនអស់ចិត្តចំពោះការបរាជ័យនេះទេ ៕
ចែករំលែកព័តមាននេះ