រាជធានីភ្នំពេញ ៖ សម្រាប់ពូលA ថ្ងៃអាទិត្យទី៣០ មិថុនា ការប្រកួតប្រដាល់វគ្គជម្រុះឈានទៅដណ្តើមតំណែងជាម្ចាស់ខ្សែក្រវាត់K-cementទម្ងន់៥៤គីឡូក្រាមនៅលើសង្វៀន CTN បានឈានចូលដល់សប្តាហ៍ទី៣ហើយ ។ កីឡាករសូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក នឹងជួបប្រកួតជាមួយកីឡាករឃឹម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យក្នុងឋានៈជាអ្នកចាញ់ដូចគ្នា មិនដឹងថាអ្នកណាមានសំណាងរកបាន៣ពិន្ទុមុននោះទេ ។
រវាងគូនេះទើបតែឆ្លងកាត់ការប្រកួតបាន១លើកម្នាក់ប៉ុណ្ណោះ និងទទួលលទ្ធផលចាញ់ដូចគ្នាទៀតក្នុងនោះសូត្រ ប៊ុនធី ចាញ់ពិន្ទុកីឡាករអ៊ែល យេស មកពីក្លិបអេភូថងកីឡា កាលពីថ្ងៃទី១៦ មិថុនា រីឯឃឹម បូរ៉ា វិញចាញ់ពិន្ទុកីឡាករចេង រិទ្ធី មកពីក្លិបសាលវន្តកីឡាកាលពីថ្ងៃទី២ មិថុនា ។ លើកនេះពួកគេទាំង២នាក់សុទ្ធតែចង់ឈ្នះដូចគ្នាដើម្បីគេចឱ្យផុតពីវគ្គប្រកួតជម្រុះវិលជុំតាមពូល ប៉ុន្តែមិនដឹងថាអ្នកណាមានសំណាងរកបាន៣ពិន្ទុមុននោះឡើយ ។
តាមពិតប៊ុនធី និងបូរ៉ា សុទ្ធសឹងជាអ្នកប្រដាល់ជើងថ្មីដូចគ្នាមានល្បិចប្រយុទ្ធនៅលើសង្វៀនមិនសូវល្អប៉ុន្មានឡើយភាគច្រើនគឺគេវាយអាងកម្លាំងច្រើនជាង បច្ចេកទេស តែចិត្តរបស់ពួកគេសឿងដូចគ្នា ។ សម្រាប់ការមកប៉ះប៊ុនធីលើកនេះបូរ៉ាហាក់មានជំនឿចិត្តច្រើនក្នុងការយកឈ្នះ ។ រីឯបូរ៉ាវិញ ក៏គេមានជំនឿចិត្តដូចគ្នាថាអាចយកឈ្នះគូប្រកួតបានដោយមិនលំបាក ។ ទោះបីយ៉ាងណា គេមិនអាចទស្សន៍ទាយលទ្ធផលទុកមុខតាមរយៈការអះអាងរបស់កីឡាករទាំងពីរបានឡើយ
មានតែរង់ចាំមើលការប្រកួតជាក់ស្តែងប៉ុណ្ណោះទើបបានដឹងលទ្ធផលពិតប្រាកដ ។
រីឯគូប្រកួតមិត្តភាពនៅក្នុងសប្តាហ៍នេះកីឡាករអាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀនជួបជាមួយកីឡាករឈិត ង៉ុយ មកពីក្លិបអប្សារាគុនខ្មែរ ។ កីឡាករទេស សំខាន់ មកពីក្លិបកងពលតូចលេខ៧០ជួបជាមួយកីឡាករជ័យ ស៊ីនេត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ។ កីឡាក យឹម ឌៀប មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបប្រកួតជាលក្ខណៈសាកលជាមួយកីឡាករសូ សុផាត មកពីក្លិបតោមាសកីឡា ។ កីឡាកររិទ្ធ កៅ មកពីក្លិបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបជាមួយកីឡាករយិន បូរី មកពីក្លិបកងពលធំអន្តរគមន៍លេខ៣ព្រះវិហារ ។
កីឡាករខឹម រតនី មកពីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ជួបជាមួយកីឡាករឆាយ រដ្ឋា មកពីក្លិបបាត់ដំបងពាយ័ព្យ និងកីឡាករ ម៉ុន រតនា មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ជួបជាមួយកីឡាកររ៉ុង វិសាល មកពីក្លិបខ្លារខិនមានឫទ្ធិ ៕
ចែករំលែកព័តមាននេះ