រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាគ្រីកឃីតជាលក្ខណៈ Tournament ជ្រើសរើសជើងខ្លាំងដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនៅទីក្រុងហុងកុង នាចុងឆ្នាំនេះនឹងចាប់ផ្តើមធ្វើនៅវេលាម៉ោង២រសៀល ថ្ងៃទី២៩ មិថុនានេះនៅទីលានបាល់ទាត់ 3G រាជធានីភ្នំពេញ ដោយមានកីឡាករមកពី៦ក្លិបចូលរួម ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាគ្រីកឃីតកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតកីឡាគ្រីកឃីតជាលើកដំបូងនេះធ្វើឡើងក្នុងគោលបំណងស្វែងរកអ្នកមានទេពកោសល្យឱ្យហ្វឹកហាត់ត្រៀមចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនៅទីក្រុងហុងកុងនាចុងឆ្នាំនេះសម្រាប់កីឡាករដែលមានអាយុក្រោម១៦ឆ្នាំប៉ុណ្ណោះ ។
លោកបានសំណូមពរដល់អ្នកគាំទ្រទាំងអស់ សូមចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់កីឡាករឱ្យពួកគេខិតខំហ្វឹកហាត់ដើម្បីដណ្តើមជ័យជម្នះក្នុងការប្រកួតជាលក្ខណៈអន្តរជាតិនៅពេលខាងមុខ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាគ្រីកឃីតនេះមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៩ មិថុនា ប្រកួតនៅទីលានបាល់ទាត់ 3G និងថ្ងៃទី៣០ មិថុនា នៅស្តាតចាស់រាជធានីភ្នំពេញ ។ កីឡាករមកពីក្លិបចំនួន៦ ស្មើនឹង៦ក្រុមដែលចូលរួមប្រកួត មានក្លិប PPCC Ninjas, ក្លិប PPCC Samurai, ក្លិប CIA Dragon, ក្លិប CIA Spartans, ក្លិប Aussie XL Warriors និងក្លិប Aussie XL Cavaliers ។
ក្រុមទាំង៦នឹងត្រូវប្រកួតជាលក្ខណៈវិលជុំ ដោយត្រូវជួបគ្នាគ្រប់ក្រុមទាំងអស់ ។ សម្រាប់ព្រឹត្តិការណ៍នេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Rudrapriya Sport ហើយក្រុមហ៊ុននេះនឹងជ្រើសរើសកីឡាករចំនួន១៦រូប ដែលលេងបានល្អជាងគេនៅក្នុងការប្រកួតនេះយកទៅបណ្តុះបណ្តាលនៅក្រៅប្រទេសដើម្បីឱ្យក្លាយជាកីឡាករអាជីព ៕
ចែករំលែកព័តមាននេះ