រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានមានការភ្ញាក់ផ្អើល និងភ័យតក់ស្លុត ខណៈដែលមានការឆាបឆេះនៅត្រង់ចំណុចបង្គោលលេខប៉េ៨៦៧ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ជាយរាជធានីភ្នំពេញ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទី ល្ងាចថ្ងៃទី២៧ មិថុនា ២០១៣ ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ហើយនៅត្រង់ចំណុចបង្គោលភ្លើងមួយនោះ មានដើមឫស្សីបោកបក់ប៉ះចុះឡើងៗ លុះក្រោយពេលភ្លៀងរាំងស្រាប់តែមានការទុស្សេខ្សែភ្លើងបណ្ដាលឲ្យមានអណ្ដាតភ្លើងឆាបឆេះខ្សែភ្លើងឡើងយ៉ាងសន្ធោរសន្ធៅតែម្ដង ខណៈនោះ អ្នកភូមិបាននាំគ្នាដងទឹកទៅជះពន្លត់យ៉ាងសស្រាក់សស្រាំ ប៉ុន្តែ ភ្លើងមិនបានរលត់ភ្លាមៗនោះឡើយ ។
ភ្លើងបានបន្តឆាបឆេះខ្សែភ្លើងមួយខ្សែហើយមួយខ្សែទៀត និងបានអូសបន្លាយពេលរហូតជាង ២ម៉ោង ទើបរលត់ដោយខ្លួនឯង ដោយធ្វើឱ្យអ្នកដែលមានលំនៅដ្ឋានក្បែរនោះ មានការភ័យខ្លាចគ្រប់ៗគ្នា ៕
ចែករំលែកព័តមាននេះ