ខេត្ដកំពង់ធំ ៖ រថយន្ដកាមរីឆ្លាមមួយគ្រឿងស៊េរីឆ្នាំ៩៨ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ2A-7376 ដែលដឹកឈើគ្រញូងឆ្លងកាត់ខេត្ដកំពង់ធំ ឆ្ពោះទៅកាន់ខេត្ដកំពង់ចាម ដើម្បីដឹកចេញបន្ដទៅប្រទេសវៀតណាម បានត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើស្ទោង សហការជាមួយកម្លាំងនគរបាលខេត្ដ កម្លាំងប្រតិបត្ដិការសឹករងខេត្ដ និងកម្លាំងកងរាជអាវុធហត្ថ ឃាត់ចាប់បាន កាលពីវេលាម៉ោង២និង១២នាទីរសៀលថ្ងៃទី២៦ មិថុនា ។
លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងប្រាប់ថា មុនពេលចាប់ឃាត់រថយន្ដកាមរីមួយគ្រឿងនេះ លោកបានទទួលព័ត៌មានថា មានរថយន្ដមួយគ្រឿងដឹកឈើគ្រញូងចេញពីខេត្ដសៀមរាបឆ្លងកាត់ខេត្ដកំពង់ធំ ហើយលោកក៏បានឱ្យកម្លាំងស្ទាក់រថយន្ដនោះ តែរថយន្ដនោះមិនឈប់ទេ ថែមទាំងបានខោកជាមួយរថយន្ដសមត្ថកិច្ចទៀត បណ្ដាលឱ្យខូចខាតជញ្ជាំងផ្នែកខាងឆ្វេង ។ លុះមកដល់ចំណុចវាលស្រែ១០០ ស្ថិតក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ទើបឃាត់រថយន្ដនោះបាន ចំណែកអ្នកបើកបរភ័យស្លន់ស្លោបើកទ្វាររថយន្ដចុះរត់បាត់ស្រមោលទាំងព្រលឹងចុងសក់ ។
កម្លាំងសមត្ថកិច្ចចម្រុះបាននាំយករថយន្ដមកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោងធ្វើការវាស់វែងជាមួយមន្ដ្រីជំនាញ ។ ឈើនៅក្នុងរថយន្ដមានចំនួន៧៤ដុំ ទម្ងន់៩៥៥គីឡូក្រាមស្មើនឹង០,៧៩៦ម៉ែត្រគូប ត្រូវបានរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ