រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ មិថុនា នៅទីស្នាក់ការក្រុមហ៊ុនឌីវិនកូ មានរៀបចំសន្និសីទកាសែត ស្តីពីការរៀបចំកម្មវិធីលើកកម្ពស់បរិស្ថានមានឈ្មោះថា «កែបសម្អាតកែប» ដែលនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី២៩ មិថុនា ស្អែកនេះ ដោយមានការអញ្ជើញចូលរួមពីលោកទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បវរកញ្ញាជប៉ុនពីរនាក់បងប្អូនគឺ កញ្ញា Kiko Arai និងកញ្ញា Hisae Arai ដែលជាទូតសុច្ឆន្ទៈរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។ កញ្ញា Hisae Arai និងកញ្ញា Kiko Arai ដែលជាបវរកញ្ញាជប៉ុនឆ្នាំ២០១២ នឹងដឹកនាំក្រុម MJVA ដែលកំពុងធ្វើសកម្មភាពលើកកម្ពស់បរិស្ថាននៅប្រទេសក្នុងតំបន់អាស៊ី ដែលមានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុនមកចូលរួមក្នុងកម្មវិធីខាងលើ ។
ចំណែកអភិបាលខេត្តកែប និងមន្ត្រីនានាក៏បានប្រកាសពីការចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ព្រោះនេះជាឱកាសដ៏កម្រដែលបង្ហាញពីគោលដៅផ្សព្វផ្សាយគំនិតផ្តួចផ្តើមខាងទេសចរណ៍ និងបរិស្ថាន ។ កម្មវិធីកែបសម្អាតកែប ដែលមានរយៈពេលបីម៉ោងនេះទទួលបានការគាំទ្រពីសំណាក់លោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដែលបានចំណាយពេលវេលាទំនេរទៅកម្សាន្តនៅកែបជាញឹកញាប់នោះ ។
ថ្លែងក្នុងសន្នីសីទកាសែតកញ្ញា Hisae Arai គូសបញ្ជាក់ថា តាមកម្មវិធីដែលបានគ្រោងទុកយើងនឹងរៀបចំចេញដំណើរពីសាលាក្រុងកែបដោយបែងចែកជា៤ក្រុមធំៗខុសគ្នា ។ ក្រុមនីមួយៗមានថង់បា្លស្ទិក ប្រដាប់ចាប់សំរាម និងស្រោមដៃដើម្បីរើសសំរាមនៅលើឆ្នេរ និងត្រូវចំណាយពេល៣ម៉ោងសម្រាប់ការសម្អាតនេះ ។ ជាមួយគ្នានោះក្រុម MJVA នឹងដាក់សញ្ញាយល់ដឹងពីបរិស្ថាននៅគ្រប់សាលាជុំវិញក្រុង ចំណែកការរៀបចំធុងសំរាមក៏ត្រូវតែមានដែរ ។ កញ្ញាបានបន្ថែមថា ៖ «កែបធ្វើឱ្យនាងខ្ញុំរំភើប ខ្ញុំចូលចិត្តចំណាយពេលតាមដែលអាចធ្វើទៅបាននៅទីនេះ ។ ពេលខ្ញុំនៅទីនេះ ខ្ញុំត្រូវតែកំណត់ថាធ្វើឱ្យក្រុងកែបប្រកបដោយបរិស្ថានល្អ» ។
តាមគម្រោងកម្មវិធីខាងលើនេះទំនងជាមានសិស្សានុសិស្សប្រមាណ១.០០០នាក់ មកពី២៨សាលា និងមកពីអង្គការកុមារកំព្រាចំនួន៦ជុំវិញក្រុងកែបចូលរួមផង
ដែរ ។ លោកទេព រិទ្ធីវិទ្ធ ថ្លែងថា យើងមិនត្រឹមតែបង្ហាត់ក្មេងៗឱ្យលេងកីឡាវាយកូនបាល់ទេ ថែមទាំងចង់ឱ្យពួកគេគិតគូរពីសុខភាពជាប្រចាំ ដោយស្រឡាញ់ធម្មជាតិ និងបរិស្ថានជុំវិញខ្លួន ហើយយើងពិតជារីករាយបើធ្វើឱ្យក្មេងៗពេញចិត្តរឿងនេះ ។ លោកបន្តថា មានកីឡាករថ្នាលមកពីអង្គការកុមារកំព្រា និងសាលានានាសរុបទាំងអស់១៥០នាក់ចូលរួម ។
ក្រុងកែបដែលមានប្រជាជនប្រមាណ៥ម៉ឺននាក់នោះជាកន្លែងដែលបានទទួលការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលកីឡាករថ្នាល(Mini-Tennis) មុនគេនិងច្រើនជាងគេ ។ លោកក៏បានប្រកាសពីការធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផងដែរ ៕
ចែករំលែកព័តមាននេះ