រាជធានីភ្នំពេញ ៖ លោកចៅក្រម ស៊ិន វិសាល បានពន្យារពេលប្រកាសសាលក្រមលើសំណុំរឿងនាង ជួន ចាន់រតនា ហៅក្អយ ទៅថ្ងៃទី១២ កក្កដាខាងមុខ បន្ទាប់ពីបើកសវនាការកាលពីរសៀលថ្ងៃ២៦ មិថុនា ដោយកំបាំងមុខនាងក្អយ តែមានមេធាវីចូលរួម។
នាងជួន ចាន់រតនា ហៅក្អយ បានបាត់ស្រមោលពីពិភពសិល្បៈ បន្ទាប់ពីម្ចាស់បំណុលជាច្រើនរូបដាក់ពាក្យប្ដឹងទាមទារឱ្យនាងសងប្រាក់ ដោយចោទប្រកាន់ថានាងបានជួលរថយន្ដគេទៅប្រើប្រាស់ បែរជាលក់យកលុយទៅបំផ្លាញក្នុងកាស៊ីណូ ។ ទោះបីជាបែបណាក្ដីការបង្ហាញខ្លួនរបស់នាងក្អយក្នុងពិធីជួបជុំអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិនៃរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃសៅរ៍ទី២៥ ឧសភា បានធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយនាងបានប្រាប់ថា នាងបានសងបំណុលគេអស់៧០%ហើយ ។
នាងនិយាយថា តាំងពីមានរឿងនោះមក នាងមិនដែលចង់រត់ចោលស្រុកឡើយ ពោលគឺចង់ដោះស្រាយឱ្យម្ចាស់បំណុលឱ្យទាល់តែអស់ ។ ទោះជាត្រូវសងយូរបន្ដិចមែន តែនាងបានសន្យាជាមួយពួកគាត់ ព្រោះនាងមិនចង់ធ្វើជាមនុស្សមិនល្អទេ ។
តារាកំប្លែងរូបនេះនិយាយថា «បើខ្ញុំមិនដោះស្រាយជាមួយម្ចាស់បំណុលស្មានតែខ្ញុំនៅសុខ ហើយមានមុខមកជួបគេឯងឈរញញឹមឱ្យគេថតបានស្រួលដូចពេលនេះឬ ច្បាស់ជាម្ចាស់បំណុលតាមមកជាន់ក បោចសក់ ទះកំផ្លៀងខ្ញុំមិនខានឡើយ» ។
តារាកំប្លែងដែលធ្លាប់លេចធ្លោក្នុងក្រុមកំប្លែងនាយក្រឹមរូបនេះ បានចាត់ទុករឿងដែលនាងខុសឆ្គងថា ជារឿងបន្ទុចបង្អាក់ដល់ជីវិតសិល្បៈដ៏ផូរផង់របស់នាង ។ នាងក្អយនិយាយទាំងមុខស្រពោនថា «ការពិតនាងខ្ញុំពិតជាសោកស្ដាយណាស់ព្រោះតែជ្រុលមួយពេល ស្ទើរតែរកផ្លូវដើរគ្មាន ពិសេសអាជីពសិល្បៈរបស់នាងខ្ញុំដែលប្រឹងតស៊ូពីជំហានដំបូងក៏ត្រូវបាត់បង់» ។
គេមិនទាន់ដឹងថា ក្នុងសវនាការនោះនាងក្អយត្រូវប្រឈមមុខនឹងផ្លូវច្បាប់បែបណាខ្លះទេ ។ ទោះជាបីបែបណាក្ដី ចាត់ទុកថានាងមានយីអ៊ុនខ្ពស់ ព្រោះមិនត្រូវបាននាំខ្លួនក្នុងបទល្មើសរបស់នាងម្ដងណាឡើយរហូតមកដល់ពេលនេះ ៕
ចែករំលែកព័តមាននេះ