រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធររាជធានី ខណ្ឌ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាប្រចាំដែនដីនីមួយៗ បានអញ្ជើញជួបជុំគ្នាក្នុងពិធីដង្ហែក្បួនឃោសនាគណបក្សថ្ងៃដំបូងនាព្រឹកថ្ងៃទី២៧ មិថុនា ២០១៣ ដើម្បីរកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នៅទីក្រុងកោះពេជ្រ ។
សម្រាប់គណបក្សប្រជាជនកម្ពុជានាថ្ងៃនេះ បានប្រារព្ធពិធីបើកយុទ្ធនាការឃោសនានៅទីក្រុងកោះពេជ្រ នាវេលាម៉ោង៧និង៣០នាទីព្រឹក ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចទាំង៣ និងសមាជិក សមាជិកាប្រហែល២ម៉ឺននាក់ ដែលមានការស្រែកជ័យឃោសអបអរសាទររួមជាមួយនឹងពិធីខួបលើកទី៦២ នៃការបង្កើតគណបក្សប្រជាជនកម្ពុជាផងដែរ ។ ពិធីជួបជុំឃោសនារបស់គណបក្សប្រជាជនកម្ពុជានេះ មានការរៀបចំសម្តែងល្ខោន ប្រគំតន្ត្រី និងរបាំប្រពៃណីផ្សេងៗញ៉ាំងឱ្យមានការសប្បាយយ៉ាងអធិកអធម ។
បន្ទាប់ពីចប់កម្មវិធីនេះ លោកកែប ជុតិមា ប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំរាជធានីភ្នំពេញ អមដំណើរដោយអភិបាលរាជធានីភ្នំពេញ និងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានអញ្ជើញទៅទទួលទង់បក្សពីសម្តេចទាំង៣ ហើយដឹកនាំសមាជិក សមាជិកាបក្សនៅរាជធានីប្រហែល២ម៉ឺននាក់ដង្ហែក្បួនចេញពីកោះពេជ្រ ដើម្បីរកសំឡេងឆ្នោតនៅតាមដងវិថីនានានៅក្នុងរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ក្រុមការងារសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា បានរៀបចំតុបតែងឆាកយ៉ាងសស្រាក់សស្រាំ ដោយមានចងផ្កា លើកបដា ពាក្យស្លោក ឡូហ្គោ ចាប់តាំងពីរសៀលថ្ងៃទី២៦ មិថុនា នៅមជ្ឍមណ្ឌលកោះពេជ្រ និងកន្លែងផ្សេងៗ ដើម្បីធ្វើមិទ្ទីងមុននឹងដង្ហែក្បួនចេញតាមមុខសញ្ញានានា ឃោសនារកសំឡេងឆ្នោត ។ សូមបញ្ជាក់ថា ការដង្ហែក្បួនឃោសនានៅតាមដងផ្លូវនានានេះ ត្រូវបានអាជ្ញាធររៀបចំយ៉ាងមានភាពប្រាកដប្រជានៅលើដងផ្លូវនីមួយៗដោយមិនមានប៉ះពាល់ការកកស្ទះចរាចរណ៍ (អាចប៉ះពាល់តិចតួច) និងមិនឱ្យបុកគ្នាជាមួយគណបក្សផ្សេងៗទៀតដែលនាំមានបញ្ហា ពោលគឺបែងចែងផ្លូវគ្នាដើរ និងផ្លាស់ប្តូរវេនគ្នា ៕
ចែករំលែកព័តមាននេះ