រាជធានីភ្នំពេញ ៖ បណ្ដាគណបក្សនយោបាយដែលបានចុះបញ្ជីទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង៨គណបក្ស បានចាប់ផ្ដើមដំណើរការចេញឃោសនាសម្ដែងឫទ្ធិរកសំឡេងគាំទ្រពីប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៧ មិថុនា គឺថ្ងៃនេះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៥ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៨ កក្កដាខាងមុខ ។ យុទ្ធនាការនេះនឹងចាប់ផ្ដើមពីថ្ងៃទី២៧ មិថុនា ដល់ថ្ងៃទី២៦ កក្កដា មានរយៈពេល៣០ថ្ងៃ ។
នៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃដំបូងនៃថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គេរំពឹងថា គណបក្សប្រជាជនកម្ពុជា នឹងដង្ហែក្បួនសម្ដែងឫទ្ធានុភាពក្នុងរូបភាពធំជាងគេ ដែលបង្ហាញពីប្រៀបខ្លាំងគ្មានគូប្រៀប ថ្វីបើគណបក្សដែលប្រកួតប្រជែងខ្លះ កំពុងយប់យន់សុបិនច្រើនយ៉ាងណាក្ដី ។ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានគ្រោងរៀបចំពិធីជួបជុំគ្នាដ៏ធំសម្បើមនៅមជ្ឈមណ្ឌលកោះពេជ្រដែលមានសមាជិក សមាជិកាគណបក្សមកពីគ្រប់ស្ថាប័ន អង្គភាព ខណ្ឌ-សង្កាត់ ទូទាំងរាជធានីភ្នំពេញ តំណាងសហគមន៍ខ្មែរអ៊ិស្លាម និងសមាគមយុវជនសរុបប្រមាណជាង២ម៉ឺុននាក់ ។
មានរថយន្ដប្រមាណ៦០០គ្រឿង និងម៉ូតូ២ពាន់គ្រឿង និងមានក្បួនទូកសម្រាប់អ្នកជ្រោយចង្វាត្រើយខាងកើតចូលរួម ព្រមទាំងមានការប្រគំតន្ដ្រី ការតុបតែងលម្អរថយន្ដ ដាក់ស្លាកគណបក្ស ពាក្យស្លោក និងឧគ្ឃោសនស័ព្ទយ៉ាងគគ្រឹកគគ្រេងផងដែរ ។ មន្ដ្រីគណបក្សប្រជាជនមួយរូបឱ្យដឹងថា ការជួបជុំគ្នានៅថ្ងៃដំបូងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី២៧ មិថុនានេះ ស្របគ្នានឹងពិធីរំលឹបខួបអនុស្សាវរីយ៍លើកទី៦២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ ,២៨ មិថុនា ២០១៣) ។ ក្បួនដង្ហែដ៏ធំរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនេះដឹកនាំដោយលោក កែប ជុតិមា ប្រធានគណបក្សប្រជាជនរាជធានី នឹងចេញដំណើរពីមជ្ឈមណ្ឌលកោះពេជ្រទៅតាមតម្រុយផ្លូវដែលអាជ្ញាធរ និង គ.ជ.ប បានកំណត់ ។
ដោយបែងចែកទៅតាមខណ្ឌនីមួយៗ ក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកយុទ្ធនាការ បានប្រគល់ទង់បក្សប្រជាជនរាជធានីភ្នំពេញរួចមក ។ តាមការអះអាងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យដឹងថា គណបក្សនយោបាយដែលបានចុះបញ្ជីចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៥ នៅថ្ងៃទី២៨ កក្កដា ២០១៣នេះ មានចំនួន៨គណបក្សតាមលេខរៀងគឺ គណបក្សសញ្ជាតិកម្ពុជា ,គណបក្សហ៊្វុនស៊ិនប៉ិច ,គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ,គណបក្សប្រជាជនកម្ពុជា ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សខ្មែរឈប់ក្រ ,គណបក្សសង្គ្រោះជាតិ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។
គួររំលឹកថា កាលពីថ្ងៃទី២៤ មិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលគាំទ្រគ្រប់គណបក្សនយោបាយទាំងអស់នៅទូទាំងប្រទេសធ្វើកិច្ចការឱ្យបានល្អបំផុត ដើម្បីធានាយ៉ាងណាឱ្យប្រទេសរបស់យើងបោះឆ្នោតមួយគ្មានអំពើហិង្សានយោបាយ គ្មានការស្លាប់មនុស្ស ឬរបួសហើយក៏គ្មានការរំខាន ។ អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធត្រូវការពារបេក្ខជនតំណាងរាស្រ្ដ ក៏ដូចសកម្មជននៃបណ្ដាគណបក្សនយោបាយទាំងអស់ ដែលបានធ្វើសកម្មភាពឃោសនា និងបោះឆ្នោតស្របតាមច្បាប់ និងឱ្យប្រព្រឹត្ដដោយរលូន ។
ពាក់ព័ន្ធទៅនឹងការដង្ហែក្បួនឃោសនា នានានៅរាជធានីភ្នំពេញ មន្ដ្រីសាលារាជធានីភ្នំពេញឱ្យដឹងថា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញ បានសម្រេចបញ្ចៀសមិនឱ្យមានការហែក្បួនតាមតម្រុយផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញដូចជា កំណាត់មហាវិថីព្រះនរោត្ដម(ចាប់ពីវិមានឯករាជ្យដល់ស្ដុបមន្ទីរពេទ្យអង្គឌួង) ,មហាវិថីសហព័ន្ធរុស្សុី ,កំណាត់មហាវិថីព្រះមុនីវង្ស (ចាប់ពីស្ដុបប៉េកាសេដល់ស្ដុបពេទ្យចិន) ,កំណាត់មហាវិថីព្រះសីហនុ (ចាប់ពីនាគបាញ់ទឹកវិថីសុធារសដល់ស្ដុបពេទ្យចិន) ,កំណាត់មហាវិថីម៉ៅសេទុង (ចាប់ពីស្ដុបចេនឡាដល់ស្ដុបទេពផន) ,កំណាត់ផ្លូវទេពផន (ចាប់ពីកែងស្ដុបព្រះមុនីវង្សដល់ស្ដុបនាងគង្ហីង) ,កំណាត់ផ្លូវសុធារស (ចាប់ពីកែងស្ដុបផ្លូវលេខ១៥៤ដល់មហាវិថីព្រះសីហនុ) ,មហាវិថីព្រះសុរាម្រិត ,ផ្លូវជុំវិញព្រះបរមរាជវាំង ។
ចំពោះទីប្រជុំជន និងផ្លូវដែលត្រូវចៀសវាងប្រមូលផ្ដុំឃោសនា និងហែក្បួនមាន ផ្លូវជុំវិញផ្សារធំថ្មី ,ផ្សារអូរឫស្សី ,ផ្សារអូឡាំពិក ,ផ្សារទួលទំពូង ,ផ្សារដេប៉ូ និងផ្សារដើមគ ។ ចំណែកទីតាំងសាធារណៈដែលត្រូវបញ្ចៀសការប្រមូលផ្ដុំឃោសនាមានសួនមុខព្រះបរមរាជវាំង ,ទីធ្លាវាលព្រះមេរុ ,សួនមុខវត្ដបទុមវតី (តែអនុញ្ញាតជូននៅទីវាលការឺឡាចុងខាងត្បួងសួនវត្ដបទុមវតី) ,ទីតាំងវិមានឯករាជ្យ និងសួនច្បារវិមានឯករាជ្យទាំងមូល ។ ទីធ្លារូបសំណាកលោកយាយពេញ ,សួនច្បារអ្នកភិរម្យអ៊ូហៅង៉ុយ និងសួនច្បារសម្ដេចហ៊ុន សែន ។
ជាមួយគ្នានេះ បញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍គ្រប់លំដាប់ថ្នាក់ត្រូវយកចិត្ដទុកដាក់បញ្ជាដឹកនាំ ចាត់ចែងកម្លាំង និងចាត់វិធានការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ បម្រើដល់ដំណើរការរៀបចំការបោះឆ្នោតដែលកំពុងប្រព្រឹត្ដនាពេលនេះឱ្យទទួលបានជោគជ័យ ៕
ចែករំលែកព័តមាននេះ