រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ត្រូវជញ្ជាំងបេតុងបាក់ធ្លាក់ត្រូវផុងលលាដ៍ក្បាល នៅពេលកំពុងធ្វើការជួសជុលផ្ទះ ។ កម្មកររងគ្រោះត្រូវបានរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៦ មិថុនា នៅផ្ទះលេខ៥៨ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
កម្មករដែលរងរបួសឈ្មោះ ឆន ពិសិដ្ឋ អាយុ២៩ឆ្នាំ មានលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ត្រូវផ្ទាំងបេតុងទំហំទទឹងប្រមាណជាកន្លះម៉ែត្រគុណនឹងបណ្តោយប្រវែងជិត៤ម៉ែត្រ បានធ្លាក់សង្កត់បណ្តាលឱ្យត្រូវចិញ្ចើមនិងសៀតផ្កាផុងលលាដ៍ក្បាល កំពុងព្យាបាលនិងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ។
តាមសម្តីមេជាងម៉ៅការឈ្មោះ ផុន ចាន់សម្ផស្ស ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ រួមទាំងកម្មករចំនួន៥នាក់បាននាំគ្នាវាយ និងបុកពិដានឡៅតឿនៅផ្នែកខាងក្រោយ ។
ចំណែកកម្មករចំនួន៥នាក់ទៀតនៅធ្វើការខាងមុខ ដោយ២នាក់ឡើងគាស់ដែកចម្រឹង និងពិដានម្នាងសិលាចាស់ៗទម្លាក់ ។ កម្មករ៣នាក់ទៀត ដែលក្នុងនោះមានឈ្មោះ ឆន ពិសិដ្ឋ កំពុងរើពិដានម្នាងសិលាចេញពីក្នុងផ្ទះ ។ នៅពេលកំពុងធ្វើការស្រាប់តែជញ្ជាំងផ្ទះដែលពុំទាន់បានវាយចេញនោះ បានបាក់ធ្លាក់ទៅត្រូវចិញ្ចើម និងសៀតផ្កាកម្មករឈ្មោះ ឆន ពិសិដ្ឋ បណ្តាលឱ្យផុងលលាដ៍ក្បាលរងរបួសធ្ងន់ ។
តាមមេការឱ្យដឹងទៀតថា សំណង់នេះជាផ្ទះ២ល្វែងត្រូវបានម្ចាស់ជួលឱ្យជួសជុល ដោយទម្លាយជញ្ជាំង និងឡៅតឿក្នុងតម្លៃ២.៨០០ដុល្លារ ហើយគាត់បានហៅកូនជាង និងកម្មករ ជាអ្នកភូមិជាមួយគ្នាទាំងអស់ចំនួន១០នាក់មកធ្វើតាំងពីថ្ងៃសុក្រ ទី២១ មិថុនា គឺវាយទម្លាយជញ្ជាំងជិតរួចរាល់ទៅហើយ មិននឹកស្មានថាមានគ្រោះថ្នាក់បែបនេះ ។ នៅព្រឹកនោះមេការសំណង់ត្រូវបានប៉ូលិសខណ្ឌទួលគោកឃាត់ខ្លួនទៅធ្វើការសាកសួរផងដែរ ៕
ចែករំលែកព័តមាននេះ