រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ វគ្គជម្រុះវិលជុំដណ្តើមខ្សែក្រវាត់ជើងឯក១០លានរៀលរបស់ក្រុមហ៊ុនស្រាផែនដីនៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN ថ្ងៃសៅរ៍ទី២៩ មិថុនា សប្តាហ៍នេះមានចំនួន២គូ ។ កីឡាករខុន រាជ មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ នឹងជួបប្រកួតជាមួយកីឡាករ វ៉ោយ សុធន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ចំណែកកីឡាករ ពៅ សក្តិសិទ្ធ មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតជាមួយកីឡាករ សាំង ស៊ីថា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។
ខុន រាជ ប្រកួតបាន២លើកឈ្នះទាំង២លើក មាន៦ពិន្ទុ ចំណែកវ៉ោយ សុធន ប្រកួតបាន២លើកដូចគ្នា ក្នុងនោះឈ្នះ១ ចាញ់១ មាន៤ពិន្ទុ ។ ខុន រាជ បើទោះជាលទ្ធផលប្រកួត២លើកកន្លងមកល្អជាង វ៉ោយ សុធន ក៏ដោយក៏គេមិនហា៊នអះអាងទុកមុនថាអាចយកឈ្នះការប្រកួតលើកនេះបានដែរ ដោយសារកន្លងមករូបគេមិនធ្លាប់ជួបសាកកម្លាំងគ្នាម្តងណាឡើយ ។ ទោះបីយ៉ាងណាតាមការកត់សម្គាល់រវាងគូនេះគឺខុន រាជ មានប្រៀបខាងកម្លាំងស៊ុហ្វ តែចាញ់ស្នៀតប្រយុទ្ធរបស់ វ៉ោយ សុធន ដែលករណីនេះធ្វើឱ្យ គេពិបាកទស្សន៍ទាយលទ្ធផលទុកមុនខ្លាំងណាស់ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា ។
ពៅ សក្តិសិទ្ធ ជួប សាំង ស៊ីថា លើកនេះគេលែងហា៊នប្រហែសឱ្យចាញ់ម្តងទៀតហើយ បើមិនដូច្នោះទេ គេមិនអាចឆ្លងផុតពីវគ្គជម្រុះនេះបានឡើយ ។ ទោះបីយ៉ាងណាពៅ សក្តិសិទ្ធ ទទួលបានទំនុកចិត្តច្រើនពីទស្សនិកជនថាពិតជាឈ្នះសម្រាប់ការប្រកួតលើកនេះ ព្រោះអីសាំង ស៊ីថា មិនមានស្នៀតអីដែលធ្វើឱ្យគេបារម្ភឡើយ ជាក់ស្តែងប្រកួត២លើកកន្លងមកគេចាញ់ទាំង២លើក និងមានតម្រុយហាលខោច្រើនពេលជួបពៅ សក្តិសិទ្ធ លើកនេះ ។
ចំណែកគូប្រកួតមិត្តភាពនៅក្នុងសប្តាហ៍នេះដែរ កីឡាករទឹម សុជាតិ មកពីក្លិបសិង្ហកីឡា ជួបជាមួយកីឡាករខឹក សុខឿន មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ ។ កីឡាករ ម៉ន រដ្ឋា មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯង ជួបជាមួយកីឡាករស៊ិន ជីវ័ន្ត មកពីក្លិបរកាខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀន ។ កីឡាករថៃ ប៊ុនតត មកពីក្លិបនាគរាជគុនខ្មែរ ជួបជាមួយកីឡាករ វុន ម៉ន មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ និងគូបើកឆាកចុងក្រោយកីឡាករ ហេង ដាវីន មកពីក្លិបអេភូថងកីឡា ជួបជាមួយកីឡាករ រាជ វុទ្ធី មកពីក្លិបយុវកីឡាខេត្តកណ្តាល ៕
ចែករំលែកព័តមាននេះ