រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី បានរៀបចំសិក្ខាសាលាមួយ ស្តីពីកំណែទម្រង់ការគ្រប់គ្រងការងារដឹកជញ្ជូនផ្លូវគោកនៅក្នុងប្រទេសកម្ពុជា ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារហុីម៉ាវ៉ារី កាលពីថ្ងៃទី២៥ មិថុនា ក្រោមអធិបតីភាពលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ចាន់ តារា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ។
សិក្ខាសាលានេះរៀបចំធ្វើឡើងក្នុងគោលបំណងពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ដើម្បីកំណត់ចំណុចខ្លាំង និងចំណុចខ្សោយក្នុងការងារដឹកជញ្ជូនផ្លូវគោក កំណត់ចក្ខុវិស័យការគ្រប់គ្រងការងារដឹកជញ្ជូនផ្លូវគោកសម្រាប់ឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ ។ វិភាគរកនូវបញ្ហាជាគន្លឹះដើម្បីឱ្យការធ្វើកំណែទម្រង់វិស័យដឹកជញ្ជូនផ្លូវគោកទទួលបានជោគជ័យ និងការរៀបចំគម្រោងផែនការរយៈពេល៥ឆ្នាំ ២០១៤-២០១៨ លើការគ្រប់គ្រងការងារដឹកជញ្ជូនផ្លូវគោក ។ លោក ចាន់ តារា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនមានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលានេះថា ក្នុងរយៈពេលកន្លងមកផ្នែកសាធារណការ មានការជួយគាំទ្រច្រើនទាំងថវិកា សម្ភារ បច្ចេកទេស ដែលធ្វើឱ្យផ្នែកនេះមានការរីកចម្រើន ជាពិសេសបានបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានសមត្ថភាពរឹងមាំ អាចសម្រេចការងារដ៏មានប្រសិទ្ធភាព ឯផ្នែកដឹកជញ្ជូនវិញ ពុំសូវទទួលបានការយកចិត្តទុកដាក់ខ្លាំងក្លាំ ជាពិសេសពីបណ្តាដៃគូជាម្ចាស់ជំនួយ ដែលជាហេតុធ្វើឱ្យផ្នែកនេះនៅមានកម្រិតនៅឡើយ ។
លោកបន្តថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង បានលើកជាសំណើទៅធនាគារអភិវឌ្ឍន៍អាស៊ី អស់រយៈពេលជិត២ឆ្នាំ ទើបយើងទទួលបានក្រុមជំនួយបច្ចេកទេសមកសិក្សាជួយកំណែទម្រង់លើវិស័យដឹកជញ្ជូនផ្លូវគោក ដែលមានលោក DON TOWNSEND ជាប្រធានក្រុមជំនួយការបច្ចេកទេស បានធ្វើការសិក្សាកំណែទម្រង់វិស័យដឹកជញ្ជូនផ្លូវគោកនៅក្នុងសហគមន៍អាស៊ានឆ្នាំ២០១៥ ខាងមុខនេះ ។ ដើម្បីសម្រេចបានជោគជ័យក្នុងកំណែទម្រង់ការគ្រប់គ្រងការងារដឹកជញ្ជូនផ្លូវគោក ជំនួសមុខឱ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដឹកជញ្ជូន លោកក៏បានសំណូមពរឱ្យសាធារណជនទាំងអស់គ្នាមេត្តាចូលរួមផ្តល់ជាមតិយោបល់ ឱ្យបានផុសផុលនូវអនុសាសន៍ និងផ្លាស់ប្តូរបទពិសោធន៍ល្អៗជាមួយលោក DON TOWNSEND ដែលបានរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង ។
លោក ព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឱ្យដឹងដែរថា ចំនួនយានយន្តដែលមកចុះបញ្ជីនៅក្នុងឆ្នាំ២០១៣ នេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ កន្លងមកមានការកើនឡើងខ្ពស់ រាប់ទាំងមូ៉តូ និងរថយន្ត ។ មកដល់ពេលនេះ ចំនួនយានយន្តដែលបានមកចុះបញ្ជីនៅនាយកដ្ឋានដឹកជញ្ជូនមានចំនួនជាង២លានគ្រឿង ក្នុងនោះរថយន្តមានជាង៣៥០.០០០គ្រឿង ក្រៅពីនោះគឺម៉ូតូ ។
លោកបន្តថា ចំនួនយានយន្តដែលចុះបញ្ជីនេះមានទាំងយានយន្តថ្មី និងយានដែលគេប្រើហើយ ត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជាយើង ឬហៅថាយានយន្តមួយទឹក ។ ចំនួនដែលយានយន្តបានចុះបញ្ជីនៅក្នុងនាយកដ្ឋានដឹកជញ្ជូន យានយន្តមួយទឹកមានចំនួនចុះបញ្ជីច្រើនជាងរថយន្តថ្មីដែលទើបនាំមក ។ ចំពោះរថយន្តមួយទឹកមុននឹងចុះបញ្ជី គឺត្រូវមានការត្រួតពិនិត្យបច្ចេកទេសឱ្យបានច្បាស់លាស់ជាមុនសិន ៕
ចែករំលែកព័តមាននេះ