រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ជុំទី៥ ក្នុងពូលB នៅសង្វៀនបាយ័នស្ទឹងមានជ័យនាសប្តាហ៍ចុងក្រោយ កីឡាករ ថៃ ប៊ុនហាន កំពុងមានពិន្ទុប្រទាញប្រទង់គួរឱ្យបារម្ភ បើទោះជាគេមាន១០ពិន្ទុនាំមុខគេ បន្ទាប់ពីកីឡាករ នូវ ស៊ីថា ដែលត្រូវគេមើលឃើញថា ឈ្នះដោយស្វ័យប្រវត្តិ ។ ទោះបីយ៉ាងណា គេនៅតែជឿថា ថៃ ប៊ុនហាន នឹងផ្លោះទៅកាន់វគ្គខ្វែងដោយមិនលំបាក ដោយសារតែលោកមានហេតុផលវិជ្ជមាន៣នៅក្នុងដៃ ។
សម្រាប់ការប្រកួតនៅថ្ងៃសុក្រនេះ កីឡាករ៣រូបកំពុងស្ថិតក្នុងពិន្ទុចម្រូងចម្រាស ដែលអាចមានឱកាសឡើងទៅកាន់វគ្គខ្វែងដូចគ្នា ។ កីឡាករទាំង៣រូបនោះគឺកីឡាករ ថៃ ប៊ុនហាន មកពីក្លិបបូរីនាគរាជ មាន១០ពិន្ទុ, កីឡាករ យ៉ាម ពិសិដ្ឋ មកពីក្លិបរស្មីកុមារកំព្រា មាន៨ពិន្ទុ និងកីឡាករ ស៊ូ វណ្ណៈ មកពីក្លិបយុវកីឡាខេត្តកណ្តាល មាន៨ពិន្ទុក្នុងដៃក្នុងការប្រកួតកន្លងមក។ មូលហេតុដែលកីឡាករទាំង៣រូបស្ថិតក្នុងភាពប្រទាញប្រទង់គ្នា គឺវានឹងកើតឡើងក្នុងករណីដែលអ្នកមាន១០ពិន្ទុក្លាយជាអ្នកចាញ់ ហើយអ្នកមាន៨ពិន្ទុក្លាយជាអ្នកឈ្នះក្នុងការប្រកួតជុំចុងក្រោយ ដែលធ្វើឱ្យពួកគេមាន១១ពិន្ទុស្មើគ្នា។
ទោះយ៉ាងណា ក្នុងចំណោមកីឡាករ យ៉ាម ពិសិដ្ឋ និង ស៊ូ វណ្ណៈ គឺមានតែម្នាក់ប៉ុណ្ណោះដែលក្លាយជាឧបសគ្គរបស់ ថៃ ប៊ុនហាន ដោយសារតែនៅថ្ងៃសុក្រនេះពួកគេប្រកួតប៉ះគ្នា។ អុីចឹងហើយទើបធ្វើឱ្យ ថៃ ប៊ុនហាន ដែលមានពិន្ទុលំដាប់ទី២ មានទឹកមាត់លេបជាងគេជាមួយនឹងហេតុផល៣ដែលពិតជារុញឱ្យកីឡាកររូបនេះឈ្នះដោយខានមិនបាន ។ ហេតុផលទី១ គឺដោយសារក្នុងជុំទី៥ ថៃ ប៊ុនហាន ត្រូវប្រកួតជាមួយកីឡាករ ហ៊ុន គីរី មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ហើយអ្នកណាក៏ដឹងថា ពួកគេទាំងពីរមានទំនាក់ទំនងគ្នាដែលពិតជា ហ៊ុន គីរី បន្ធូរដៃឱ្យ ថៃ ប៊ុនហាន បានទទួល៣ពិន្ទុនៅជុំចុងក្រោយ ។
ម្យ៉ាងតាមមើលសមត្ថភាពជាក់ស្តែង ហ៊ុន គីរី ដែលមានតែ៦ពិន្ទុមិនអាចទប់កម្លាំងដៃរបស់ ថៃ ប៊ុនហាន បានទេ បើទោះជាគេមិនបន្ធូរដៃ ឬមិនមានការយល់មុខក៏ដោយ ។ ហេតុផលទី២ កីឡាករ ថៃ ប៊ុនហាន គេមានប្រវត្តិផ្តួលគូប្រកួតក្នុងពេលប្រកួតជុំបានល្អ ជាង យ៉ាម ពិសិដ្ឋ និង ស៊ូ វណ្ណៈ ។ ដូច្នេះបើទោះជាគេចាញ់ក្នុងជុំទី៥ ហើយមានពិន្ទុប្រទាញប្រទង់១១ពិន្ទុស្មើគ្នា ក៏គេនៅតែមានអាទិភាពឡើងទៅកាន់វគ្គខ្វែងដោយមិនលំបាក លើកលែងតែ យ៉ាម ពិសិដ្ឋ និង ស៊ូ វណ្ណៈ ដែលឈ្នះក្នុងជុំទី៥ អាចផ្តួលគូប្រកួតឱ្យសន្លប់ក្នុងទឹកណាមួយល្អជាង ថៃ ប៊ុនហាន ប៉ុណ្ណោះ ។
ចំណែកហេតុផលទី៣ ថៃ ប៊ុនហាន ត្រូវគេមើលឃើញថា ជាកីឡាករតែម្នាក់ប៉ុណ្ណោះដែលត្រូវការឈ្នះដាច់ខាត អុីចឹងហើយទើបគេជឿជាក់ថា ទោះជាដៃគូរបស់គេខ្លាំងប៉ុនណា ក៏គេពិតជាប្រឹងដណ្តើមយកជ័យជម្នះដោយប្តូរជីវិតមិនខាន ដើម្បីមានមុខទៅប្រកួតយកខ្សែក្រវាត់របស់ក្រុមហ៊ុនសេងហុងហេងប្រចាំឆ្នាំ២០១៣ នេះ ។ យោងតាមការវិភាគ គេឃើញបាត់ទៅហើយថាការប្រឹងប្រែងរបស់ យ៉ាម ពិសិដ្ឋ និង ស៊ូ វណ្ណៈ នឹងក្លាយជាអសារបង់ បើទោះជាម្នាក់ក្នុងចំណោមពួកគេអាចរកបាន១១ពិន្ទុ ។
ក្រុមអ្នកទស្សនានិយាយថា គ្រាន់តែយោងលើទំនាក់ទំនងជាមួយ ហ៊ុន គីរី ធ្វើឱ្យ យ៉ាម ពិសិដ្ឋ និង ស៊ូ វណ្ណៈ ផ្ងារជើងបាត់ទៅហើយ ដោយសារតែ ថៃ ប៊ុនហ៊ាន ពិតជាឈ្នះដោយចៀសមិនរួច ។ ចំពោះលទ្ធផលជាក់ស្តែង គេនៅមិនទាន់អាចដឹងនៅឡើយទេ ពោលគឺលើកលែងតែ នូវ ស៊ីថា មកពីក្លិបតាឡីដំរីមានឫទ្ធិប៉ុណ្ណោះ ដែលត្រូវគេឃើញច្បាស់នឹងភ្នែកថាឈរលេខ១ក្នុងពូល បើទោះជាគេចាញ់ ឬឈ្នះកីឡាករ សុខ វិរៈ មកពីក្លិបសំរោងកោងខេត្តបាត់ដំបង ដែលជាកីឡាករមាន៤ពិន្ទុបាតតារាងក៏ដោយ ៕
ចែករំលែកព័តមាននេះ