ខេត្តព្រះសីហនុ ៖ អត្តសញ្ញាណប័ណ្ណគំរូថ្មីជាង២.៤០០សន្លឹក ត្រូវបានក្រុមមន្ត្រីប៉ូលិសស្រុកព្រៃនប់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហុីង ច័ន្ទរិទ្ធ អធិការប៉ូលិសស្រុកយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋតាមឃុំនីមួយៗចំនួន១៤ឃុំទូទាំងស្រុកព្រៃនប់ ។ ការចែកអត្តសញ្ញាណប័ណ្ណនេះបានធ្វើឡើងនៅក្នុងឱកាសនៃការប្រារព្ធវេទិកាសាធារណៈ ស្តីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមឃុំនីមួយៗរហូតដល់គ្រប់ទាំង១៤ឃុំ ចាប់តាំងពីថ្ងៃទី១៥ ឧសភា រហូតមកដល់ថ្ងៃទី២៦ មិថុនា ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអនុសេនីយ៍ ឯក អធិការរង មន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាល លោកមេឃុំ ជំទប់ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកវរសេនីយ៍ត្រី ហុីង ច័ន្ទរិទ្ធ បានឱ្យដឹងថា ការប្រារព្ធវេទិកាសាធារណៈ និងចែកអត្តសញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋនេះ គឺចុះតាមឃុំនីមួយៗរហូតគ្រប់ទាំង១៤ឃុំទូទាំងស្រុក ហើយបានបញ្ចប់នៅព្រឹកថ្ងៃទី២៦ មិថុនា ដែលប្រើរយៈពេលប្រមាណជាងមួយខែ ។ លោកអធិការបានបន្តថា ចំពោះអត្តសញ្ញាណប័ណ្ណចែកជូននាពេលនេះ គឺជាអត្តសញ្ញាណប័ណ្ណគំរូថ្មីជាលើកទីមួយធ្វើជូនចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ព្រោះនាពេលបច្ចុប្បន្នពលរដ្ឋដែលមានវ័យ១៥ឆ្នាំឡើង គឺត្រូវតែមានអត្តសញ្ញាណប័ណ្ណរបស់ខ្លួនមួយស្របច្បាប់សម្រាប់សម្គាល់ខ្លួន និងយកទៅប្រើប្រាស់បំពេញការងារផ្សេងៗ ទើបនៅពេលនេះអត្តសញ្ញាណប័ណ្ណចំនួន២.៤៤៥សន្លឹកត្រូវបានយកមកចែកជូនតាមឃុំនីមួយៗ ។
លោកអធិការបានបន្តទៀតថា ជាមួយនឹងការចុះចែកនូវអត្តសញ្ញាណប័ណ្ណនេះនៅតាមឃុំនីមួយៗ ក៏មានការរៀបចំវេទិកាសាធារណៈផ្សព្វផ្សាយពីគោលនយោយបាយភូមិឃុំមានសុវត្ថិភាព ដែលមានចំនួន៩ចំណុចដល់បងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់យល់កាន់តែច្បាស់ ដើម្បីរួមគ្នាលុបបំបាត់នូវអំពើ និងករណីផ្សេងៗដែលអាច នឹងកើតមាននៅក្នុងមូលដ្ឋានរបស់ពួកគាត់ តាមរយៈការផ្តល់ព័ត៌មានឆាប់រហ័សដល់សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចគ្រប់អង្គភាពក្នុងស្រុក ។
នៅក្នុងវេទិកានោះ អង្គពិធីក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅគ្រប់ឃុំទាំងអស់ដែលបានចូលរួម បើមិនយល់ឬកន្លងមកនៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ មានជួបនូវផលវិបាកអ្វីទាក់ទងទាំង៩ចំណុចក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលបានផ្សព្វផ្សាយនាពេលនេះ សូមឱ្យលើកជាសំណួរដើម្បីឱ្យវាគ្មិនដែលមានលោកអធិការ លោកមេឃុំ និងលោកនាយប៉ុស្តិ៍រដ្ឋបាលបកស្រាយជូន ។
ទន្ទឹមនឹងនោះ ក៏មានបងប្អូនមួយចំនួនបានចោទសួរពាក់ព័ន្ធនឹងចំណុចខ្លះៗដែរក្នុង៩ចំណុច ប៉ុន្តែត្រូវបានបកស្រាយជូនដោយវាគ្មិន ធ្វើឱ្យបងប្អូនប្រជាពល រដ្ឋទទួលបានចំណេះដឹង និងយល់កាន់តែច្បាស់នៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាចុងបញ្ចប់នៃពិធីនៅតាមឃុំនីមួយៗ លោកអធិការក៏ដូចជាលោកមេឃុំ បានអំពាវ នាវ សូមឱ្យបងប្អូនដែលគ្រប់អាយុទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា ខាងមុខនេះ៕
ចែករំលែកព័តមាននេះ