ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា ការបះបោរបណ្តាលឱ្យមនុស្សស្លាប់២៧នាក់ កាលពីព្រឹកថ្ងៃទី២៦ មិថុនា នៅជិតតួរប៉ាន ក្នុងតំបន់ស៊ីនជាំង ភាគពាយ័ព្យចិន ដែលមានពួកអ៊ិស្លាមភាគច្រើន ។អ្នកទទួលខុសត្រូវម្នាក់ដែលមិនបញ្ចេញឈ្មោះនិយាយថា មនុស្ស១៧នាក់បានត្រូវស្លាប់ ក្នុងនោះមានប៉ូលិស៩នាក់ និងជនស៊ីវិល៨នាក់ មុនពេលប៉ូលិសបាញ់ប្រហារ ហើយសម្លាប់ពួកបះបោរ១០នាក់ ។
នាវេលាម៉ោង៦ព្រឹក ពួកបះបោរប្រដាប់ដោយកាំបិតបានវាយប្រហារលើប៉ុស្តិ៍ប៉ូលិសទាំងឡាយ ព្រមទាំងអគាររដ្ឋបាលមូលដ្ឋាននៃទីក្រុងលុកគុន ស្ថិតនៅចម្ងាយប្រមាណជា២៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍ក្រុងអ៊ូរ៉ុម គឺទីប្រជុំជនតំបន់ស៊ីនជាំង ។បណ្តាអ្នកទទួលខុសត្រេូវមូលដ្ឋាននិយាយថា ពួកបះបោរបានចាក់សម្លាប់មនុស្ស ហើយដុតរថយន្តទាំងឡាយរបស់ប៉ូលិស ។ ជនបះបោរ៣នាក់ចាប់បាននៅនឹងកន្លែង ហើយប៉ូលិសកំពុងតាមរកចាប់ខ្លួនពួកអ្នកដែលគេចខ្លួន ។
ការប៉ះទង្គិចបង្ហូរឈាមថ្មីៗទាំងនេះកើតមានក្រោយការប៉ះទង្គិចគ្នាដោយអាវុធ បណ្តាលឱ្យមនុស្សស្លាប់២១នាក់ ក្នុងនោះមានប៉ូលិស៦នាក់ កាលពីពាក់កណ្តាលខែមេសារវាងពួកបំបែកខ្លួននិយមជនជាតិភាគតិចអ៊ួយហ្គួរ និងប៉ូលិស ៕
ចែករំលែកព័តមាននេះ