ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយខណ្ឌរដ្ឋបាលជលផលខេត្ត កាលពីយប់ថ្ងៃទី២៥ មិថុនា បានធ្វើការឆ្មក់បង្ក្រាបបានទូកនេសាទចំនួន៥គ្រឿង ដែលបានលួចធ្វើសកម្មភាពបណ្តែតមងនៅក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានច្បាស់ការណ៍ពីករណីល្មើសនេសាទនៅក្នុងដែនអភិរក្សនេះរួចមក កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលដឹកនាំដោយរូបលោកសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ឆ្មាំទន្លេ និងសហគមន៍នេសាទ បានចុះបង្ក្រាបទូកនេសាទល្មើសច្បាប់ទាំង៥គ្រឿង នៅកណ្តាលទន្លេមេគង្គក្នុងដែនអភិរក្សសត្វផ្សោតទន្លេមេគង្គ ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងយុទ្ធនាការយប់នោះសមត្ថកិច្ចចាប់ឃាត់បានទូកម៉ាស៊ីន នេសាទចំនួន៥គ្រឿង ដកហូតបានមងក្រឡាធំចំនួន៦ត្បូង ស្មើនឹងជាង១ពាន់ម៉ែត្រ ។ សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្នុងសកម្មភាពនោះកម្លាំងសមត្ថកិច្ចក៏បានចាប់ឃាត់ជនសង្ស័យជាម្ចាស់ទូក៨នាក់ ដោយធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត ទើបឱ្យត្រឡប់ទៅផ្ទះវិញ ។លោកនាយរងខណ្ឌបានឱ្យដឹងទៀតថា តំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ គឺមិនត្រូវបានអនុញ្ញាតឱ្យធ្វើការនេសាទនោះទេ ទាំងក្នុងរដូវបិទនេសាទ និងរដូវបើកនេសាទ ។សម្ភារវត្ថុតាងរួមមានទូកម៉ាស៊ីនចំនួន៥គ្រឿងនិងសម្ភារមួយចំនួនទៀតត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលរក្សាទុក ដើម្បីចាត់វិធានការបន្ត ៕
ចែករំលែកព័តមាននេះ