យុទ្ឋនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥នៃរដ្ឋសភា នឹងចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី២៧ មិថុនា ២០១៣ ។
សម្រាប់ថ្ងៃដំបូងនៃយុទ្ឋនាការឃោសនារកសំឡេងឆ្នោតនេះដែរ គណបក្សប្រជាជនកម្ពុជា(CPP) នឹងជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ បន្ទាប់មកទើបចាប់ផ្តើមហែក្បួននៅក្នុងនិងជុំវិញរាជធានីភ្នំពេញ ។
បើតាមប្រធានគណបក្សប្រជាជនរាជធានីភ្នំពេញ លោក កែប ជុតិមា បានឲ្យដឹងថា ព្រឹកស្អែកនេះនឹងមានសមាជិកគណបក្សចំនួន២ម៉ឺននាក់ រថយន្ត៦០០គ្រឿង និង ម៉ូតូ២ពាន់គ្រឿងចូលរួមហែក្បួនឃោសនារកសំឡេងឆ្នោត ។
ចំណែកគណបក្សសង្គ្រោះជាតិនោះវិញ នឹងជួបជុំគ្នានៅមុខទីលានប្រជាធិបតេយ្យ ស្ថិតនៅខាងក្រោយស្ថានទូតអាមេរិក ហើយនឹងចាប់ផ្តើមហែក្បួនជុំវិញរាជធានីភ្នំពេញនៅម៉ោង៩និង៣០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង១២ថ្ងៃត្រង់ ។
រីឯគណបក្សហ៊្វុនស៊ិនប៉ិចនោះវិញ បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់គណបក្សនេះ គឺនឹងធ្វើធំនៅខេត្តកំពង់ចាម ហើយនៅថ្ងៃទី០៣ កក្កដា ទើបធ្វើនៅរាជធានីភ្នំពេញ ។ ចំណែកគណបក្សនយោបាយ០៥ផ្សេងទៀតក៏នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះដែរ ដែលគណបក្សខ្លះធ្វើធំនៅរាជធានីភ្នំពេញ ខ្លះធ្វើនៅតាមបណ្តាខេត្តនានា ៕
ចែករំលែកព័តមាននេះ