ខេត្តកណ្ដាល៖ គណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅដឹកនាំដោយលោកឧត្ដមសេនីយ៍ឌៀង សារុន ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងជាអនុប្រធានទី១គណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅ ប្រធានគណៈពង្រឹងមូលដ្ឋានសង្កាត់តាខ្មៅ នាព្រឹកថ្ងៃទី២៦ មិថុនា ២០១៣ បានបើកការដ្ឋានជួសជុលផ្លូវចំនួន២ខ្សែ និងស្ថាបនាស្ពានបេតុងមួយកន្លែង ស្ថិតក្នុងភូមិព្រែករាំង និងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
បន្ទាប់ពីលោកយាវ ឡេង ចៅសង្កាត់កំពង់សំណាញ់ បានឡើងអានរបាយការណ៍ស្វាគមន៍ដោយសង្ខេបឱ្យដឹងថា ផ្លូវ២ខ្សែដែលត្រូវបើកការដ្ឋាននេះ គឺមួយខ្សែមានប្រវែង១.៨៥០ម៉ែត្រ និងទទឹង៥ម៉ែត្រ ក្រាលថ្មអ៊ឹមសាម និងមួយខ្សែទៀតមានប្រវែង១.៤០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលត្រូវបន្តធ្វើជួសជុលសរុបជាង៣គីឡូម៉ែត្រ គិតជាទឹកប្រាក់ស្មើនឹង៣២.៥០០ ដុល្លារ ចំណែកឯផ្លូវបេតុងដែលសាងសងរួចហើយនោះ មានប្រវែង៤០០ម៉ែត្រទទឺង៤.៥ម៉ែត្រ ឆ្លងកាត់ពីភូមិព្រែករាំងទៅកាន់ភូមិព្រែករាំង១ ចំណាយអស់ទឹកប្រាក់សរុបចំនួន៦៥.០០០ដុល្លារ៕
ចែករំលែកព័តមាននេះ