សភាជាតិលីប៊ី កាលពីថ្ងៃទី២៥ មិថុនា បានបោះឆ្នោតជ្រើសតាំងលោក នូរី អាប៊ូសាហ៍ម៉ាំង សមាជិកសភាមកពីក្រុមជនជាតិភាគតិច BERBERE មនុស្សឯករាជ្យ ជាប្រធានាធិបតីថ្មី ធ្វើឱ្យលោកក្លាយជាមេដឹកនាំរបស់ប្រទេសអាហ្វ្រិកខាងជើងនោះ ។លោក អាប៊ូសាហ៍ម៉ាំង ត្រូវបានជ្រើសតាំងដោយមានសំឡេងគាំទ្រលោកចំនួន៩៦ទល់នឹង៨០សំឡេង សម្រាប់គូប្រជែងសំខាន់លោក អាល់ សាវីហ្វ អាល់វ៉ាហ្វី ក្នុងការបោះឆ្នោតជុំទី២ របស់សភា ។ នេះកំណត់ពីជោគជ័យដំបូងមួយសម្រាប់ក្រុមជនជាតិភាគតិចរបស់លោក ។ ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីនេះត្រូវបានផ្សាយតាមទូរទស្សន៍ ។
កាលពីដំណាច់ខែឧសភា អ្នកកាន់តំណែងនេះមុន លោក ម៉ូហាម៉េដ ម៉ាហ្គារីអេហ្វ បានសុំលាលែងក្រោយពីសភាអនុម័តច្បាប់មួយដែលហាមឃាត់នរណាម្នាក់ ដែលធ្លាប់កាន់តំណែងជាន់ខ្ពស់ក្រោមរបបលោក មូអាម៉ា កាដាហ្វី កាន់តំណែងជាន់ខ្ពស់ណាមួយក្នុងប្រទេសលីប៊ី ថ្មី ។
ចាត់ទុកជាមនុស្សឯករាជ្យ លោក នូរី អាប៊ូសាហ៍ម៉ាំង បានឈ្នះឆ្នោតក្នុងសភាក្នុងចំណោមបេក្ខជន៩រូបពេលបោះឆ្នោតជុំទីមួយ។ ប្រធានាធិបតីថ្មីទទួលការជួយទ្រទ្រង់ពីចលនានយោបាយរបស់ក្រុមបងប្អូនអ៊ិស្លាម គឺពីគណបក្សយុត្តិធម៌ និងស្ថាបនា ។ លោកជាពិសេសត្រូវដឹកនាំធ្វើការងារទាំងឡាយសំដៅតាក់តែងរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យថ្មីមួយសម្រាប់លីប៊ី ដែលនៅតែជួបប្រទះនឹងអំពើហិង្សាជិត២ឆ្នាំហើយក្រោយការដួលរលំនៃរបបលោក កាដាហ្វី ។
កាលពីថ្ងៃទី២៥ មិថុនា ទាហាន៦នាក់បានត្រូវស្លាប់ក្នុងការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យនាភាគខាងត្បូងទីក្រុង SYRTE ។ នៅក្រុងទ្រីប៉ូលី ក្រុមប្រដាប់អាវុធមួយដែលទទួលបន្ទុកការពារចម្ការប្រេងកាតសំខាន់ CHARARA បានវាយប្រហារលើទីបញ្ជាការដ្ឋានរបស់កងកម្លាំងការពារបណ្តាទីតាំងប្រេងកាតដទៃទៀត ។ ការវាយប្រហារនេះបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួស៥នាក់ ។ ពួកអ្នកវាយប្រហារប្រហែលជាខឹងពេលឃើញក្រុមមួយទៀតត្រូវបានអនុញ្ញាតឱ្យការពារទីតាំងប្រេងមួយនៅតំបន់របស់ពួកគេមកពីទីក្រុងហ្សេនតាននៃតំបន់ភ្នំភាគខាងលិចប្រទេស ។
លោក អាប៊ូសាហ៍ម៉ាំង មានប្រភពពីទីក្រុងឆ្នេរសមុទ្រ ZOUWARA ភាគខាងលិច ប្រទេស ។ លោកជាជនជាតិ BERBERE ដំបូងគេដែលកាន់តំណែងនយោបាយថ្នាក់ខ្ពស់បែបនេះរបស់លីប៊ី ។លោក មូអាម៉ា កាដាហ្វី ធ្លាប់ចាប់ឃុំឃាំងពួកបញ្ញវ័នជនជាតិភាគតិច BERBERE ជាច្រើនសិបនាក់កាលពីទសវត្សឆ្នាំ១៩៨០ ដោយចោទប្រកាន់ពួកគេថារួមគំនិតប្រឆាំងរូប លោក ៕
ចែករំលែកព័តមាននេះ