រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥ មិថុនា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយពីសប្បុរសជនដើម្បីប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
ប្រតិភូទី១ដឹកនាំដោយលោកស្រី មា៉រី អិន្យ ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម និងសហការីបានចូលជួបសវនាការ និងពិភាក្សាការងារជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន ដើម្បីរាយការណ៍ជូនសម្តេចពីសកម្មភាពការងាររបស់អង្គការសង្គ្រោះជនអស់សង្ឃឹម ដែលជាអង្គការក្រៅជរដ្ឋាភិបាលមួយធ្វើសកម្មភាពជួយដល់ជនអស់សង្ឃឹមទាំងឡាយណាដែលត្រូវការជំនួយ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន បានសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងចំពោះលោកស្រី មា៉រី អិន្យ ដែលបានចំណាយពេលវេលា ថវិកា ធនធាន និងចាកឆ្ងាយពីគ្រួសារនៅប្រទេសកាណាដា មកស្នាក់នៅប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរដែលជួបប្រទះនូវកង្វះខាត ។
អង្គការសង្គ្រោះជនអស់សង្ឃឹម ក្រោយពេលបង្កើតឡើងកាលពីឆ្នាំ២០០៣ ដោយមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា បានប្រមូលក្មេងកំព្រា ចាស់ជរា និងជនអស់សង្ឃឹមដទៃទៀតមកស្នាក់នៅ និងថែរក្សាគាំពារ ។ ក្នុងនោះផ្តោតសំខាន់ទៅលើសេវាថែបំប៉នអ្នកជំងឺមានផ្ទុកមេរោគអេដស៍ដែលឥតទីពឹង ថែរក្សា អប់រំកុមារកំព្រា ដែលឪពុកម្តាយបានស្លាប់ដោយសារជំងឺអេដស៍ ជួយកុមារឱ្យបានរៀនសូត្រ សាងសង់ជម្រកស្នាក់នៅរបស់កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងជួយដល់ស្ត្រីមានផ្ទៃពោះកូនដំបូង ដែលមានវិបត្តិដោយសារប្តីបោះបង់ចោល ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន បានកោតសរសើរយា៉ងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី មា៉រី អិន្យ និងសហការី ជាពិសេសគ្រួសាររបស់លោកស្រីដែលមានសន្តានចិត្តមិនអាចកាត់ថ្លៃបានចំពោះប្រជាពលរដ្ឋ និងដើម្បីជួយសម្រាលទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជាបានមួយផ្នែកធំផងដែរ ។ពាក់ព័ន្ធនឹងសំណើរបស់លោកស្រី មា៉រី អិន្យ ដែលចង់បានសញ្ជាតិកម្ពុជានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងតែពិចារណា និងធ្វើការងារនេះយា៉ងសកម្មបំផុត ។
គួរបញ្ជាក់ថា លោកស្រី មា៉រី អិន្យ ដែលមានវ័យជរាណាស់ទៅហើយនោះ នៅតែធ្វើការងារជាច្រើន ដើម្បីកៀរគររកមូលនិធិជាថវិកា និងសម្ភារដើម្បីយកមកផ្គត់ផ្គង់ដល់អង្គការសង្គ្រោះជនអស់សង្ឃឹម និងក្តីសង្ឃឹមរបស់លោកស្រីធំបំផុតនោះ គឺចង់បានសញ្ជាតិកម្ពុជាមុនពេលដែលលោកស្រីលាចាកលោកនេះទៅ ដោយចាត់ទុកកម្ពុជា ជាទឹកដីដ៏ស្រស់បវរ និងជាទឹកដីកំណើតទី២របស់លោកស្រី ។
នៅព្រឹកថ្ងៃដដែលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន បានអនុញ្ញាតឱ្យលោក មាសាហីុរ៉ូ សាកាតា ប្រធានអង្គការ ជេស អិនជីអូ (Jace NGOs) និងសហការីចូលជួបសវនាការ និងទទួលអំណោយជាឧបករណ៍សូឡា ស្រូបយកកម្តៅព្រះអាទិត្យចំនួន៥០៤គ្រឿង ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅតាមទីជនបទដែលខ្វះអគ្គិសនីបំភ្លឺនាពេលយប់ ។
លោក មាសាហីុរ៉ូ ក្នុងនាមប្រជាពលរដ្ឋជប៉ុនម្នាក់ បានថ្លែងអំណរគុណយា៉ងខ្លាំងដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជាដែលបានជួយដល់ប្រជាពលរដ្ឋជប៉ុន ក្នុងពេលដែលជប៉ុនជួបគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីពេលកន្លងទៅ ។ លោកបន្តថា អង្គការរបស់លោកបានដំណើរការរយៈពេល១០ឆ្នាំមកហើយ ដែលបានចាប់ដៃគូជាមួយក្រសួងអប់រំយុវជន និងកីឡា តែងជួយដល់ជនមានផ្ទុកមេរោគអេដស៍ផងដែរ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះអង្គការ ជេស អិនជីអូ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការងារផ្នែកមនុស្សធម៌ជាច្រើន និងជួយដល់អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលបាននិងកំពុងជួយកម្ពុជា លើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ទំនប់ទឹកជាច្រើននៅ កម្ពុជា ។ នៅចុងបញ្ចប់ លោក មាសាហីុរ៉ូ សាកាតា បានកោតសរសើរចំពោះវីរភាពនៃការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន ដែលធ្វើឱ្យស្ថាប័នផ្នែកមនុស្សធម៌មួយនេះមានការរីកចម្រើន និងមានការចូលរួមចំណែកពីប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ៕
ចែករំលែកព័តមាននេះ