រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ២នាក់ជាអ្នករួមដំណើរ ចំណែកក្មេងស្ទាវម្នាក់ជាបើកបររថយន្តកូរ៉េមួយគ្រឿងមានដឹកប៊ីចេង ចេញពីដេប៉ូបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យវៀចអស់៣កង់ ហើយរថយន្តបុកអូសដោយរបាំងថ្មមួយកង់រុញទៅផ្ទប់ខឿនផ្ទះប្រជាពលរដ្ឋទៅមុខលែង រួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៥៥ ខាងជើងអង់តែនទួលគោកប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញក្មេងស្ទាវ៣នាក់ ក្នុងនោះក្មេងស្ទាវម្នាក់ជាអ្នកបើកបររថយន្តកូរ៉េមួយគ្រឿងមានដឹកប៊ីចេង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២O-០៨១៤ បើកបរចេញពីដេប៉ូមួយកន្លែងនៅក្បែរកន្លែងកើតហតុខាងលើក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់៣កង់ ចំណែកមួយកង់ទៀតត្រូវបានរថយន្តបុកអូសទៅរុញផ្ទប់នឹងខឿនផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ