ខេត្ដកោះកុង ៖ សន្ដិសុខសណ្ឋាគារកោះកុងស៊ីធីម្នាក់ឈ្មោះ ធី ថន អាយុ២៦ឆ្នាំ បានត្រូវនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ដ ឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះម្នាក់ អាយុ២០ឆ្នាំ ដែលមានមុខរបរជានារីម៉ាស្សាថា បានលួងលោមបញ្ឆោតនាង និងគំរាម រួចចាប់រំលោភរហូតបានសម្រេចចំនួន២ដង ។ នៅចំពោះមុខសមត្ថកិច្ច នារីរងគ្រោះបញ្ជាក់ថា នាងមានមុខរបរជានារីម៉ាស្សានៅក្នុងហាងម៉ាស្សាមួយ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ចំណែកជនសង្ស័យជាសន្ដិសុខសណ្ឋាគារកោះកុងស៊ីធី ស្នាក់នៅផ្ទះជួលក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ជាធម្មតា សន្ដិសុខសណ្ឋាគាររូបនេះ តែងតែឌុបនាងទៅដាក់នៅសណ្ឋាគារតាមតម្រូវការភ្ញៀវដែលចង់ម៉ាស្សា ។ នាងរៀបរាប់ថា នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ មិថុនា ជននេះបានទៅដឹកនាងទៀត ដោយកុហកថា មានភ្ញៀវហៅទៅម៉ាស្សា តែពេលនាងឡើងជិះម៉ូតូទៅជាមួយចេញផុតពីហាងម៉ាស្សាបន្ដិច ជននេះក៏បត់ម៉ូតូសំដៅទៅផ្ទះជួលរបស់ខ្លួនតែម្ដង ហើយប្រាប់នាងថា ថ្ងៃនេះម៉ាស្សាឱ្យបងម្ដង ។ នាងបានរៀបរាប់ទៀតថា ពេលនាងម៉ាស្សា ឱ្យអស់រយៈពេលមួយម៉ោងរួចនាងក៏សុំប្រាក់ថ្លៃម៉ាស្សាចំនួន៥ដុល្លារ ប៉ុន្ដែជននេះមិនព្រមឱ្យនាងត្រឡប់មកវិញទេ បែរជាគំរាមឱ្យដេកជាមួយខ្លួនដោយប្រើកាំបិតចុងស្រួចភ្ជង់ឱ្យនាងឡើងលើគ្រែ និងបញ្ជាឱ្យដោះសម្លៀកបំពាក់ ។ ការគំរាមនោះធ្វើឱ្យនាងភិតភ័យយ៉ាងខ្លាំង ។
បន្ទាប់មកជននេះក៏ចាប់នាងរំលោភរហូតបានសម្រេចតែម្ដង ។ នារីរងគ្រោះបានរៀបរាប់ទៀតថា ពេលរំលោភនាងរួចហើយ នាងសុំត្រឡប់ទៅហាងវិញ និងសុំថ្លៃចំនួន៣០ដុល្លារ ក៏មិនឱ្យ ព្រមទាំងគំរាមដោយកាំបិតទៀត ។ មិនតែប៉ុណ្ណោះ បានបិទភ្លើងក្នុងផ្ទះជួលរបស់ខ្លួនឱ្យងងឹត រួចប្រាប់ថា មិនទាន់ឱ្យទៅវិញទេ ព្រមទាំងយកសោទ្វារចាក់ពីក្នុងឃុំនាងទុកមិនឱ្យចេញ ដោយបង្ខំឱ្យដេកពីរនាក់ រហូតដល់ម៉ោង៤ទៀបភ្លឺក៏ចាប់រំលោភនាងបានសម្រេចម្ដងទៀត ទើបឱ្យនាងត្រឡប់មក
វិញ ។
នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ មិថុនា នាងបានមកដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចចាប់ខ្លួនយុវជននោះនៅព្រឹកថ្ងៃនោះតែម្ដង ។ លោកវរសេនីយ៍ទោ ឃឹម សាណេ ស្នងការរងនគរបាលខេត្ត ទទួលផែនការកណ្តាលយុត្តិធម៌បញ្ជាក់ថា តាមពាក្យបណ្ដឹងនារីរងគ្រោះបានទាមទារប្រាក់ជំងឺចិត្ដចំនួន២០០ដុល្លារតែប៉ុណ្ណោះ ប៉ុន្ដែតាមផ្លូវច្បាប់ករណីរំលោភសេពសន្ថវៈគ្មានស្ថានទម្ងន់ណាអាចសម្របសម្រួលក្រៅប្រព័ន្ធតុលាការបានឡើយ ។ ហេតុនេះសមត្ថកិច្ចត្រូវតែកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្ដតាមច្បាប់ ៕
ចែករំលែកព័តមាននេះ