រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់អនុសាសន៍មួយចំនួនរួមមាន ៖១-ធ្វើយ៉ាងណាឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ មានកិច្ចសហការជាមួយគណៈកម្មការជាតិ ដើម្បីធ្វើយ៉ាងណាលើកស្ទួយ និងជួយជំរុញផ្នែកសិទ្ធិមនុស្សឱ្យកាន់តែប្រសើរឡើងនៅកម្ពុជា ។
២-របាយការណ៍ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា គឺធ្វើយ៉ាងណាឱ្យមានលក្ខណៈសត្យានុម័ត ផ្អែកទៅលើការពិត គឺកុំផ្អែកតែទៅលើព័ត៌មានតែម្ខាង ដូចជាទៅលើតែបណ្តាញសារព័ត៌មាន ទៅលើព័ត៌មានបានពីអង្គការសង្គមស៊ីវិលមួយចំនួន ដែលមាននិន្នាការទៅនឹងគណបក្សប្រឆាំង ។
លោក កុយ គួង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ បានផ្តល់អនុសាសន៍បែបនេះនាព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៣ ក្នុងឱកាសដែលលោកស្រី Wan-Hea Lee តំណាងការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងខណៈដែលលោកស្រីត្រូវបានតែងតាំងជាតំណាងការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
លោកស្រី Wan-Hea Lee បានមានប្រសាសន៍សម្តែងនូវក្តីរីករាយ ដែលលោកស្រីត្រូវបានតែងតាំងជាតំណាងការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ។ លោកស្រីបានសម្តែងនូវការពេញចិត្តដោយបានឃើញការរីកចម្រើនយ៉ាងខ្លាំងក្លា ផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ។
ក្នុងជំនួសវនាការនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍បញ្ជាក់ថា សព្វថ្ងៃគឺមានអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាសង្គមស៊ីវិលរាប់ពាន់កំពុងធ្វើការងារនៅក្នុងប្រទេសកម្ពុជា ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាសង្គមស៊ីវិលរាប់រយធ្វើការងារពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ។ ការដែលរាជរដ្ឋាភិបាលឱ្យមានអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិលរាប់ពាន់បំពេញការងារនៅកម្ពុជា រួមទាំងបានចុះហត្ថលេខាឱ្យមានអនុស្សរណៈយោគយល់គ្នារវាងរាជរដ្ឋាភិបាលជាមួយនឹងអង្គការសហប្រជាជាតិ ឱ្យមានការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានេះ គឺជាភ័ស្តុតាង ជាសាក្សីបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលមានសុច្ឆន្ទៈក្នុងការការពារ និងលើកស្ទួយការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ។
ក្នុងនោះមិនមែនមានតែអង្គការក្រៅរដ្ឋាភិបាលទេ គឺមានអង្គការអន្តរជាតិមួយចំនួនទៀតដូចជា អង្គការ IRI វិទ្យាស្ថានសាធារណរដ្ឋសហរដ្ឋអាមេរិក អង្គការ NDI ផងដែរ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ។ នៅពេលខាងមុខនេះ គឺជាឱកាសដ៏ល្អហើយដែលកម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដូច្នេះការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនៅកម្ពុជា នឹងមើលឃើញ និងអាចចូលរួមសង្កេតការណ៍ សង្កេតមើលដំណើរការនីតិវិធីនៅពេលបោះឆ្នោតខាងមុខនេះ ពិនិត្យមើលការគោរពសិទ្ធិមនុស្សក្នុងអំឡុងពេលឃោសនាបោះឆ្នោត ក៏ដូចជាក្នុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ។
ជាការឆ្លើយតប លោកស្រី Wan-Hea Lee បានសម្តែងនូវការពេញចិត្តថា កន្លងមកមានកិច្ចសហប្រតិបត្តិការដ៏ល្អរវាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ជាពិសេសលោកស្រីបានមើលឃើញកិច្ចសហប្រតិបត្តិការដ៏ល្អរវាងការិយាល័យរបស់លោកស្រី ជាមួយនឹងក្រសួងពាក់ព័ន្ធ ។ លោកស្រីនឹងធ្វើការងារជាមួយក្រសួងពាក់ព័ន្ធដទៃទៀត ដើម្បីរកវិស័យណាដែលត្រូវធ្វើកិច្ចសហប្រតិបត្តិការក្នុងការលើកស្ទួយបញ្ហាសិទ្ធិមនុស្ស ឱ្យមានដំណើរការកាន់តែប្រសើរឡើង ។
ពាក់ព័ន្ធទៅនឹងរបាយការណ៍ប្រចាំឆ្នាំស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី Wan-Hea Lee ថ្លែងថា បេសកកម្មរបស់លោកស្រី គឺធ្វើយ៉ាងណាឱ្យទទួលបានព័ត៌មាន មានការថ្លឹងថ្លែង មិនផ្តោតតែទៅលើព័ត៌មានជ្រុងម្ខាងទេ គឺផ្តោតទៅលើការថ្លឹងថ្លែងទទួលព័ត៌មានពីគ្រប់ភាគីទាំងអស់ ដោយមានការផ្ទៀងផ្ទាត់ថា តើព័ត៌មាននោះពិត ឬមិនពិត ។ បេសកកម្មរបស់លោកស្រី គឺចង់បានតែព័ត៌មានពិតប៉ុណ្ណោះ ។ បេសកកម្មរបស់លោកស្រី គឺធ្វើយ៉ាងណាឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ពីព្រោះកន្លងមក MOU របស់អង្គការសហប្រជាជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា គឺការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ មានភារកិច្ចសំខាន់ផ្តល់ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើយ៉ាងណាជំរុញឱ្យមានការគោរពសិទ្ធិមនុស្សឱ្យកាន់តែប្រសើរឡើង ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍បញ្ជាក់ថា កម្ពុជាអនុញ្ញាតឱ្យមានអង្គការសង្គមស៊ីវិលរាប់ពាន់ ក្នុងនោះអង្គការរាប់រយធ្វើការទាក់ទងនឹងសិទ្ធិមនុស្ស ។ កម្ពុជាអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា គឺតាំងពីឆ្នាំ១៩៩៣មកម៉្លេះ រហូតមកដល់ពេលនេះ ។ នេះជាសាក្សីមួយបញ្ជាក់ពីសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានបំណងធ្វើយ៉ាងណាជំរុញ និងលើកស្ទួយឱ្យមានការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៣នេះ រាជរដ្ឋាភិបាលកម្ពុជា មានចុះអនុស្សរណៈយោគយល់គ្នា (MOU) ចំនួន៦ជាមួយឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ហើយ MOU ចុងក្រោយលើកទី៦នេះមានរយៈពេល២ឆ្នាំ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ (ថ្ងៃទី១ មករា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី១ មករា ឆ្នាំ២០១៤) ៕
ចែករំលែកព័តមាននេះ