ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​​បរិយា​កាស​បោះ​​​ឆ្នោត ស៊ើប​​អ​ង្កេ​ត​​​ការ​​​បំភិត​​​បំ​ភ័​យ ​ការ​​ទម្លាក់​​ស្លាក​​​ ឬផ្ដួល​រំលំ និ​ងបា.ញ់​​ថ្នាំ​លុប​ស្លាក​គណ​ប​ក្ស

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖​ មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ​ មាន​ការ​លេច​ចេញ​នូវ​បាតុភាព​មួយ​ចំនួន​ ដែល​បាតុភាព​ទាំង​នោះ​ត្រូវ​បាន​គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​ចាត់​ទុក​ថា​ ជា​ការ​គំរាម​កំហែង​​ បំភិត​បំភ័យ​ខាង​នយោបាយ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ ហើយ​ក៏​ជា​ចេតនា​មួយ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទៀត​ផង​ ។​

រាជធានីភ្នំពេញ​​ ៖​ មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ​ មាន​ការ​លេច​ចេញ​នូវ​បាតុភាព​មួយ​ចំនួន​ ដែល​បាតុភាព​ទាំង​នោះ​ត្រូវ​បាន​គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​ចាត់​ទុក​ថា​ ជា​ការ​គំរាម​កំហែង​​ បំភិត​បំភ័យ​ខាង​នយោបាយ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ ហើយ​ក៏​ជា​ចេតនា​មួយ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទៀត​ផង​ ។​

ក្នុង​សេចក្ដី​ណែ​នាំ​ចុះ​ថ្ងៃទី​២១​ មិថុនា​ ឆ្នាំ​២០១៣​ របស់​គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​ ស​ ខេង​ មាន​ខ្លឹម​សារ​ថា​ គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​បាន​ពិនិត្យ​ឃើញ​ថា​ គណៈ​បញ្ជា​ការ​សន្ដិសុខ​អចិន្ដ្រៃយ៍​គ្រប់​លំដាប់ថ្នាក់​បាន​យក​ចិត្ដ​ទុក​ដាក់​បញ្ជាដឹកនាំ​ ចាត់ចែង​កម្លាំង​ និង​ចាត់​វិធាន​ការ​រក្សាសន្ដិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ​បម្រើ​ដល់​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដែល​បាន​ និង​កំពុង​ប្រព្រឹត្ដ​ទៅ​នា​ពេល​នេះ​បាន​ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​ ។​

ប៉ុន្ដែ​ពេល​ថ្មី​ៗ​នេះ​ លេច​ចេញ​នូវ​បាតុភាព​មួយ​ចំនួន​ ឬ​អាច​ជា​ការ​រៀប​ចំ​ឆាក​ដែល​មាន​ចរិត​ធ្វើ​ឱ្យ​ល្អក់​កករ​បរិយាកាស​បោះ​ឆ្នោត​ ដើម្បី​យក​លេស​ជា​ការ​គំរាមកំហែង​ បំភិត​បំភ័យ​ខាង​នយោបាយ​ ធ្វើ​ជា​ទឡ្ហីករណ៍​បំផ្លាញ​ ឬ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ ​ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​២៨​ កក្កដា​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ។​
អាស្រ័យ​ហេតុ​នេះ​ ដើម្បី​ធានា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បរិយាកាស​សន្ដិសុខ​​ សណ្ដាប់ធ្នាប់​ របៀប​រៀបរយ​ សម្រាប់កិច្ច​ដំណើរ​ការ​បោះ​ឆ្នោត​ទាំង​មូល​ គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​ សូមធ្វើ​ការ​ណែ​នាំ​ដូច​ខាង​ក្រោម​ ៖​

១-បន្ដជំរុញ​ អនុវត្ដ​គោល​នយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ឱ្យ​ក្លាយ​ជា​យុទ្ធនាការ​មួយ​ព្រមៗ​គ្នា​ គ្រប់​ភូមិ​ឃុំ​-សង្កាត់​ ទូទាំង​ប្រទេស​ ក្នុង​គោល​បំណងកៀរគរ​គ្រប់​សមាសភាព​ទាំង​អស់​ក្នុង​សង្គម​ ចូល​រួម​ឱ្យ​បាន​សកម្មក្នុង​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​សាធារណៈ​ ការ​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ​ ក៏​ដូច​ជា​បង្ការ​ទប់​ស្កាត់​រាល់​សកម្មភាព​នានា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ ឬ​បំផ្លិច​បំផ្លាញ​ដល់​កិច្ច​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​បាន​ និង​កំពុង​ប្រព្រឹត្ដ​ទៅ​នា​ពេល​នេះ​ ។​

២-អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ទោះ​ក្នុង​ករណីណា​ក៏​ដោយ​ ត្រូវ​ខិតខំ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់​លើ​បទ​ល្មើស​នានា​ដែល​កើត​ឡើង​ ជាពិសេស​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ផ្នែក​នយោបាយ​ និង​ឧបទ្ទវហេតុ​នានា​ដែល​ពាក់​ព័ន្ធ​ដល់​បរិយា​កាស​នយោបាយ​ដូច​ជា​ ការ​គំរាម​កំហែង​ បំភិត​បំភ័យ​ ឬ​ការ​ទម្លាក់​ស្លាក​​ ផ្ដួល​រំលំ​ស្លាក​​ ការ​លាប​ពណ៌​ផ្សេង​ៗ​លើ​ស្លាក​គណបក្ស​នានា​ ដែល​មាន​ចរិត​ជា​ការ​រៀប​ចំ​ទុក​ជា​មុន​ដូច​ជា​ករណី​នៅ​ខេត្ដ​ព្រៃ​វែង​ ខេត្ដ​ស្វាយរៀង​ កា​លពី​ថ្ងៃ​ទី​១៨-​១៩​ មិថុនា​ ឆ្នាំ​២០១៣​ ។​ល។​ ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​ជនប្រព្រឹត្ដ​បទល្មើស​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ ។​

៣-ត្រូវ​ចាត់​វិធាន​ការ​សកម្ម​ក្នុង​ការ​ប្រមែ​ប្រមូល​ព័ត៌មាន​ពី​គ្រប់​ប្រភព​ ដើម្បី​ពិចារណា​វិភាគ​វាយ​តម្លៃ​ សន្និដ្ឋាន​រាល់​ហេតុ​ការណ៍​ដែល​កើត​ឡើង​ ពិសេស​យក​ចិត្ដ​ទុក​ដាក់​រាល់ទិន្នន័យ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​ដល់​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ និង​សុវត្ថិភាព​នៃ​កិច្ច​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ដ​នីតិកាល​ទី​៥​ ។​ ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ក្ដាប់​ជាប់​រាល់​បាតុភាព​ទំនាស់​ផ្សេង​ៗ​ក្នុង​ប្រជាពលរដ្ឋ​ ការ​ប្រមូល​ផ្ដុំ​តវ៉ា​ ឬ​ការ​ធ្វើ​បាតុកម្ម​ កូដកម្ម​នានា​របស់​កម្មករ​ ដោយ​ត្រូវ​ខិតខំ​សម្របសម្រួល​ ដោះ​ស្រាយ​មិន​ទុក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៨​ កក្កដា​ ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ ។​

៤-គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​គ្រប់​លំដាប់ថ្នាក់​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ត្រូវ​បន្ដ​សហការ​ចាត់​វិធាន​ការ​ការពារ​សន្ដិសុខ សុវត្ថិ​ភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ សម្រាប់​គ្រប់​តំណាង​ភ្នាក់​ងារ​ និង​បេក្ខជន​នៃ​គណបក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ អ្នក​សង្កេត​ការណ៍​ជាតិ​ អន្ដរជាតិ​​ និង​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​ចូល​រួម​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ដ​នីតិកាល​ទី​៥​ ឆ្នាំ​២០១៣​ ឱ្យ​បាន​មធ្យ័ត​បំផុុត​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ។​ ៥-ត្រូវ​បន្ដ​យក​ចិត្ដ​ទុក​ដាក់​សហការ​រៀប​ចំ​ និង​ចាត់​វិធាន​ការ​ការពារ​សន្ដិសុខ​ សុវត្ថិភាព​នៅ​គ្រប់​គោល​ដៅ​សំខាន់​ៗ​ ជាអាទិ៍​ ទី​កន្លែង​ជួប​ជុំ​ ទីស្នាក់​ការ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ការិយាល័យ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​ ឧបករណ៍​ មធ្យោបាយ​ សម្ភារឃោសនា​ ទីតាំង​រក្សាទុក​​ ឬក្បួន​ដឹក​ជញ្ជូន​សម្ភារ​ និង​ឯកសារ​បោះ​ឆ្នោត​របស់​ គ.ជ.ប​ ឬ​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ ។​

៦-​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ផ្ដល់​សេវា​សន្ដិសុខ​ ដោយ​ស្មើ​ភាព​គ្នា​ជូន​គ្រប់គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​អស់​ ជាពិសេស​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ត្រូវ​ផ្ដោត​សំខាន់​លើ​ការ​បែង​ចែក​កម្លាំង​ការពារ​គ្រប់​ក្បួន​ឃោសនា​បោះ​ឆ្នោត​ ការពារ​នៅ​ជុំវិញ​បរិវេណ​នៃ​អង្គពិធី​ឃោសនា​ ដោយ​ធានា​រក្សា​ឱ្យ​បាន​សណ្ដាប់​ធ្នាប់​សាធារណៈ​ សណ្ដាប់​ធ្នាប់​ចរាចរណ៍​ ព្រម​ទាំង​បរិយាកាស​នយោបាយ​ល្អ​គ្មាន​ការ​បំភិត​បំភ័យ​ ការ​គំរាមកំហែង​ និង​អំពើ​ហិង្សា​ ចលាចល​ ឬ​ការ​អុកឡុក​រំខាន​ផ្សេង​ៗ​ ។​

៧-​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ត្រូវ​សហការ​ឱ្យ​បាន​ល្អ​ជា​មួយ​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​ធានា​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ នៅ​ថ្ងៃទី​២៧​ មិថុនា​ ឆ្នាំ​២០១៣​ ដែល​ជា​ថ្ងៃ​ស្ងប់​ស្ងៀម​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់បោះ​ឆ្នោត​ និង​បទ​បញ្ជា​របស់​ គ.ជ.ប​ ។​ ភ្នាក់ងារ​សន្ដិសុខ​បោះ​ឆ្នោត​ សហការ​ជា​មួយ​ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​ ធានា​ឱ្យ​បាន​ដាច់​ខាត​សន្ដិសុខ​ការិយា​ល័យ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​ និង​ត្រូវ​អនុវត្ដ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ និង​បទ​បញ្ជា​ដែល​បាន​កំណត់​ ។​

៨-​គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​តាម​លំដាប់ថ្នាក់​ ត្រូវ​រៀប​ចំ​ឱ្យ​មាន​ក្រុម​ប្រចាំ​ការ​អចិន្ដ្រៃយ៍​នៅ​តាម​ថ្នាក់​របស់​ខ្លួន​​ ដើម្បី​ទទួល​ព័ត៌មាន​ និង​ដោះ​ស្រាយ​ព័ត៌មាន​ពាក់ព័ន្ធ​ដល់​ការ​បោះ​ឆ្នោត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ។​ ទន្ទឹម​នោះ​ ត្រូវ​រៀបចំ​ឱ្យ​មាន​ក្រុម​ប្រតិកម្ម​រហ័ស​ ដើម្បី​ឆ្លើយ​តប​ចំពោះ​បាតុភាព​ ឬ​ឧបទ្ទវហេតុ​ផ្សេង​ៗ​ ចៀស​វាង​ការ​ឆ្លៀត​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ​ ឬ​ក្នុង​គោល​បំណង​បំផ្លាញ​ដល់​ការ​បោះឆ្នោត​ ។​

៩-​គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​ថ្នាក់​រាជធានី​ ខេត្ដ​ ត្រូវ​ធានា​របប​រាយការណ៍​មួយ​ថ្ងៃ​២​ដង​ (ព្រឹក​ម៉ោង​៨​ និង​រសៀល​ម៉ោង​៤​)​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ការ​បោះ​ឆ្នោត​បាន​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ​ លើក​លែង​ករណី​បន្ទាន់​ជះ​ឥទ្ធិពល​ដល់​ផ្នែក​នយោបាយ​ត្រូវ​រាយការណ៍​ជា​វិសាមញ្ញ​ជូន​មក​លេខា​ធិការ​ដ្ឋាន​នៃ​ គ.ជ.ប​ ដើម្បី​មាន​វិធាន​ការ​ដោះ​ស្រាយ​ទាន់​ពេល​វេលា​ ៕​