រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៦ផ្ទាំង បានបាក់ និងវៀចរងការខូចខាត ខណៈដែលរថយន្តពេទ្យរបស់មន្ទីរពហុព្យាបាលចោមចៅ ១គ្រឿង ពណ៌ស អត់មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកែងវត្តអង្គតាមិញ ក៏បានរេចង្កូតទៅបុកតែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៥០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ មិថុនា ២០១៣ ស្ថិតក្នុងភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីអ្នកបើកបររថយន្តពេទ្យខាងលើ បានឱ្យដឹងថា គាត់ដឹកអ្នកជំងឺស្រ្តីម្នាក់ពីមន្ទីរពហុព្យាបាលចោមចៅ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ខណៈដែលធ្វើដំណើរមកដល់ចំណុចកែងវត្តអង្គតាមិញ ស្រាប់តែមានរថយន្តហាយឡែនឌ័រ ១គ្រឿង ពណ៌ទឹកប្រាក់ បើកមកបុកចំពាក់កណ្តាលរថយន្តពេទ្យ ទើបគាត់រេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវនោះទៅ ។
ក្រោយកើតហេតុ អ្នកជំងឺស្រ្តីម្នាក់ដែលនៅក្នុងរថយន្តត្រូវបានរថយន្តមួយទៀតមកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្តបង្កខាងលើត្រូវសមត្ថកិច្ចវាស់វែង និងធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ