រាជធានីភ្នំពេញ ៖ បុរស ៣នាក់ បានរងរបួសធ្ងន់ ខណៈដែលរថយន្តរ៉េហ្វ័រ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-8593 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កែងផ្លូវនេរុហ៍ ក៏បានបត់ឆ្វេងជ្រុលទៅបុកម៉ូតូឌ្រីម ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-8455 ម៉ូតូគាបជាប់រថយន្ត ហើយរថយន្តបានរេចង្កូតទៅបុកម៉ូតូវ៉េវអាល់ហ្វា ១គ្រឿងទៀត ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1H-0331 ដែលបើកបញ្រ្ចាស់ទិសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូទាំង២ និងអ្នកបើកបររថយន្តម្នាក់របួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០នាទី យប់ថ្ងៃទី២៥ មិថុនា ២០១៣ នៅចំណុចមុខដេអិន ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ក្រោយកើតហេតុ អ្នករងគ្រោះទាំង៣ ត្រូវដឹកទៅសង្រ្គោះនៅគ្លីនិកឯកជន ចំណែករថយន្តបង្ក និងម៉ូតូទាំង២ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ