រាជធានីភ្នំពេញ ៖ ការផ្សព្វផ្សាយកាលពីសប្តាហ៍មុននូវរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការជួញដូរមនុស្សនៅកម្ពុជាដោយបានទម្លាក់ចំណាត់ថ្នាក់ជាអវិជ្ជមាន ផ្ទុយពីការខិតខំប្រឹងប្រែងទប់ស្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា ។ នៅថ្ងៃទី២៤ មិថុនា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានេចញសេចក្តីថ្លែងការណ៍របស់ខ្លួនឆ្លើយតបទៅនឹងរបាយការណ៍នោះ ។
សេចក្តីថ្លែងការណ៍បានបង្ហាញថា ៖
១-ជាការពិតក្នុងរបាយការណ៍នេះ មានព័ត៌មានមិនពិតជាច្រើន ស្តីពីស្ថានភាពការជួញដូរមនុស្សនៅកម្ពុជា ។
២-បញ្ហាជាច្រើនដែលលើកឡើងក្នុងរបាយការណ៍នេះ បានមកពីការប៉ាន់ស្មានជាទូទៅ ឬដោយមិនមានភស្តុតាងពិតប្រាកដ ដើម្បីបញ្ជាក់ការពិត ដែលជាហេតុធ្វើឱ្យបញ្ហាជាច្រើនក្នុងរបាយការណ៍នេះ ទៅជារឿងផ្តេសផ្តាសគួរឱ្យអស់សំណើច ។
៣-របាយការណ៍នេះស្ទើរតែមិនទទួលស្គាល់តែសោះ នូវការខិតខំប្រឹងប្រែងដោយស្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ។
៤-តាមពិតរយៈពេលជាច្រើនឆ្នាំកន្លងមក កម្ពុជាសម្រេចបានការជឿនលឿនគួរឱ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដែលមានជាអាទិ៍ដូចខាងក្រោម ៖
-ក្នុងវិស័យច្បាប់ កម្ពុជាបានអនុម័តនូវច្បាប់បទបញ្ជា និងបទប្បញ្ញត្តិ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់រូបភាព ។ របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បែរជាមានចេតនាមិនលើកពីច្បាប់ និងបទប្បញ្ញត្តិទាំងនេះឡើយ ដើម្បីបង្ហាញថា កម្ពុជាគ្មានការរីកចម្រើន ។
-ក្នុងការផ្សព្វផ្សាយតាមបណ្តេញព័ត៌មាន និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ កម្ពុជាបានខិតខំផ្សព្វផ្សាយពីច្បាប់ និងទោសទណ្ឌពីបទជួញដូរមនុស្ស ដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់ពីស្ថានទម្ងន់នៃបញ្ហានេះ និងបំផុសឱ្យមានការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឱ្យកាន់តែច្រើនថែមទៀត ។
របាយការណ៍នេះមិនបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សូម្បីតែបន្តិចក៏គ្មានដែរ ។
-ដោយបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាននៅទូទាំងប្រទេស រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការធ្វើឱ្យសហគមន៍មូលដ្ឋានមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព រួមទាំងការតាមដានសកម្មភាពជួញដូរមនុស្សនៅគ្រប់ទីកន្លែងទូទាំងប្រទេស ហើយកន្លងមកទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។ កម្ពុជានឹងបន្តការងារក្នុងវិស័យនេះបន្តទៀតក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំ២០១៤ខាងមុខ ។
-គ្រាន់តែក្នុងឆ្នាំ២០១២ប៉ុណ្ណោះ សកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សមានការរីកចម្រើនជឿនលឿនយ៉ាងជាក់ស្តែង ដូចជាការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធការជួញដូរមនុស្សសរុបចំនួន១៣៣នាក់ ការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន៤៥៨នាក់ ហើយតុលាការបានកាត់ទោសជនល្មើសសរុបចំនួន៣០០នាក់ ។
-ដើម្បីធានាឱ្យមានកិច្ចសហប្រតិបត្តិការអនុវត្តការងារឱ្យកាន់តែប្រសើរ កម្ពុជាបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ និងស្ថាប័នពាក់ព័ន្ធ ទាក់ទងនឹងការជួញដូរមនុស្ស ដើម្បីសម្របសម្រួលការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពថែមទៀត ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានធ្វើការសម្របសម្រួលជាមួយសង្គមស៊ីវិល ព្រមទាំងធ្វើការងារផ្ទាល់ជាមួយប្រទេសដទៃទៀតក្នុងតំបន់ និងក្រៅតំបន់ ។
-ក្នុងក្របខ័ណ្ឌក្រៅប្រទេស រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើការចរចាឱ្យមានអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសមួយចំនួនក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ។ កម្ពុជាក៏បានជំរុញឱ្យមានអនុសញ្ញាអាស៊ាន ស្តីពីការជួញដូរមនុស្ស ដែលឥឡូវនេះជាការងារកំពុងដំណើរការក្នុងអាស៊ាន ។
៥-រាជរដ្ឋាភិបាលមានកាតព្វកិច្ច នឹងបេ្តជា្ញាចិត្តបន្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដោយសហការយ៉ាងជិតស្និទ្ធជាមួយបរទេស និងដៃគូពាក់ព័ន្ធដែលមានសុច្ឆន្ទៈធ្វើការងារជាមួយយើង ៕
ចែករំលែកព័តមាននេះ