រាជធានីភ្នំពេញ ៖ សមាជិក-សមាជិការបស់គណបក្សសង្គ្រោះជាតិ ចំនួន១៦៤នាក់ មកពីខេត្តកណ្តាល កាលពីថ្ងៃទី២៥ មិថុនា បានសម្រេចលាឈប់គាំទ្រគណបក្សប្រឆាំងមួយនេះហើយមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះពួកគាត់គ្មានសង្ឃឹមលើមេដឹកនាំរបស់ពួកគាត់ទៀត ។ ការសម្រេចមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានេះ បានធ្វើឡើងជាផ្លូវការនៅសណ្ឋាគារ ជូលីណា ក្នុងរាជធានីភ្នំពេញ ដោយលោក ហ៊ល សំនៀង ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសិទ្ធិមនុស្ស ដែលពេលនេះជាគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកណ្តាល ។
នៅក្នុងពិធីប្រកាសមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានេះ សមាជិកគណបក្សសង្គ្រោះជាតិចំនួន១៦៤នាក់ មកពីខេត្តកណ្តាល ធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ ដែលបង្កើតឡើងរវាងគណបក្ស សម រង្សុី ជាមួយគណបក្សសិទ្ធិមនុស្ស បាននាំគ្នាបង្ហាញពីភាពរកាំរកូសផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ភាពមិនច្បាស់លាស់ក្នុងការដឹកនាំរបស់មេដឹកនាំគណបក្សប្រឆាំង បានធ្វើឱ្យពួកគាត់អស់ជំនឿ និងមិនគាំទ្របក្សនេះទៀតទេ ។ ពួកគេនិយាយក្តែងៗថា ការឆបោកពីថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងនេះ បានធ្វើឱ្យប្រជាជនមួយចំនួនចាញ់បោកឃោសនារបស់គេ តែពេលនេះបានមើលឃើញថា «មានតែគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកបានជួយប្រជាជនពិតប្រាកដ មិនមែនគណបក្សសង្គ្រោះជាតិនោះទេ ។
លោក ហ៊ល សំនៀង ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសិទ្ធិមនុស្ស ខេត្តកណ្តាល និងតំណាងសមាជិកទាំងអស់បានលើកឡើងក្នុងសន្និសីទនៅព្រឹកថ្ងៃទី២៥ មិថុនា នៅសណ្ឋាគារ ជូលីណា នៅចំពោះមុខសមាជិក-សមាជិកាចំនួន១៦៤នាក់ ដែលផ្តាច់ខ្លួនពីគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ថា ក្នុងថ្ងៃនេះពួកគេមកពីស្រុកចំនួន៤ ស្ថិតនៅក្នុងខេត្តកណ្តាល រួមមាន ស្រុកកោះធំ២០នាក់ ថ្នាក់ដឹកនាំខេត្ត១១នាក់ ស្រុកខ្សាច់កណ្តាល៦៩នាក់ ស្រុកមុខកំពូល១៦នាក់ ស្រុកលើកដែក៤៨នាក់ ។
លោក ហ៊ល សំនៀង បន្តថា មូលហេតុដែលជាលោកចាកចេញពីគណបក្សសង្គ្រោះជាតិដែលអតីតគណបក្សសិទ្ធិមនុស្ស ដោយសារតែលោកមើលឃើញបុគ្គល កឹម សុខា ជាមនុស្សដែលលោភលន់អំណាច អាត្មានិយម ពុករលួយនៅក្នុងបក្ស ។ ការលោភលន់អំណាចរបស់ កឹម សុខា ត្រូវបានលោកដឹងទាំងអស់ព្រោះលោកបានតស៊ូធ្វើការជាមួយគណបក្សប្រឆាំងចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ លោក ហ៊ល សំនៀង បញ្ជាក់បន្ថែមថា «លោកតស៊ូជាមួយពួកនេះជាង៣៤ឆ្នាំមកហើយ មូលហេតុដែលលោកចាកចេញពីគណបក្សសង្គ្រោះជាតិមកពីរឿងអាស្រូវទាំងឡាយរបស់ កឹម សុខា សូម្បីតែប្អូនបង្កើត កឹម សុខា ក៏ត្រូវបាន កឹម សុខា បោកយកលុយដែរ ។
លោក កឹម សុខុន ដែលជាប្អូនបង្កើតរួមផ្ទៃតែមួយមិនអាចនៅជាមួយ កឹម សុខា បាន ចុះទម្រាំលោក ធ្វើម្តេចនៅជាមួយ កឹម សុខា បាន ។ ពួកគេប្រកាសថា ពាក់ព័ន្ធឧក្រិដ្ឋកម្មបំភ្លៃប្រវត្តិសាស្ត្រ គឺថា កឹម សុខា ហ៊ាននិយាយថា «គុកទួលស្លែងជាកន្លែងសិប្បនិម្មិត» នេះជាអំពើថោកទាបណាស់ដែលប្រមាថដល់ប្រជាពលរដ្ឋដែលបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ។ ការនិយាយបែបនេះជាសម្តីពិត កឹម សុខា មិនអាចប្រកែកជាមួយខ្ញុំបានទេ ៕
ចែករំលែកព័តមាននេះ