ខេត្តកំពង់ឆ្នាំង ៖ លោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៤ មិថុនា បានអញ្ជើញអ្នកកាសែត អ្នកថតទូរទស្សន៍ មន្ត្រីប៉ូលិស និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើជាច្រើនរូប ឱ្យមកកាន់សាលាដំបូងខេត្ត ដើម្បីស្ដាប់សេចក្ដីថ្លែងការណ៍របស់លោក ស្ដីពីចំណាត់ការលើឈើគ្រញូងដែលត្រូវសមត្ថកិច្ចប៉ូលិសបង្ក្រាបបាន និងបញ្ជូនមកស្ថាប័នតុលាការកាលពីពេលកន្លងមក ។ ប្រតិកម្មរបស់លោក ពេញ វិបុល គឺបន្ទាប់ពីមានពាក្យចចាមអារា៉មថា លោកបានដោះលែងឈើគ្រញូងមួយចំនួន រថយន្ត និងជនល្មើសផងដែរ ។
នៅព្រឹកនោះដែរ លោក ពេញ វិបុល ក៏បានបង្ហាញឈើគ្រញូងចំនួន៦ដុំ ដែលកំពុងរក្សាទុកនៅក្នុងសាលាដំបូង និងរថយន្តមួយគ្រឿងដែលជាមធ្យោបាយក្នុងការដឹកជញ្ជូនដែលកំពុងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ។ លោកបានបកស្រាយនូវព័ត៌មានចចាមអារា៉មនេះថា លោកបានទទួលឈើគ្រញូងពីមន្ត្រីប៉ូលិសតែ៦ដុំទេ មិនមែន៩ដុំដូចការលេចឮនោះឡើយ ហើយឈើចំនួន៦ដុំ និងរថយន្តជាមធ្យោបាយដឹកជញ្ជូនកំពុងរក្សាទុកនៅឡើយគឺមិនបានដោះលែងឡើយ ។ ដោយឡែកអ្នកបើកបរ និងព្រូម្នាក់ដែលបានឱ្យត្រឡប់ទៅវិញនោះគឺធ្វើតាមនីតិវិធីច្បាប់ ព្រមទាំងមានមេធាវីធានា ។
ម្យ៉ាងវិញទៀត យើងបានស្គាល់ម្ចាស់ឈើនោះរួចហើយគឺឈ្មោះប៊ុន រដ្ឋា ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅនៅរាជធានីភ្នំពេញ ដែលត្រូវចូលខ្លួនមកបំភ្លឺនៅសាលាដំបូងនៅថ្ងៃទី២៥ មិថុនា ។ សូមរំលឹកថា កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ មន្ត្រីប៉ូលិសបានចាប់រថយន្តដឹកឈើគ្រញូងដែលមានមុខកាត់ធំៗចំនួន៦សន្លឹក ហើយបញ្ជូនមកកាន់សាលាដំបូងខេត្ត ។ ប៉ុន្តែក្រោយមកមានពាក្យចចាមអារា៉មពីមាត់មួយទៅមាត់មួយថា ឈើគ្រញូងនោះមានចំនួន៩សន្លឹក ហើយរថយន្ត និងឈើចំនួន៣សន្លឹក រួមទាំងអ្នកបើកបរត្រូវបានដោះលែង ៕
ចែករំលែកព័តមាននេះ