ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ទោស​ឈូក​ បណ្ឌិត ​ជាប់​ពន្ធ​នា​គា​រ1​ឆ្នាំ​6​ខែ​និងចេញ​ដីកា​ចាប់​ខ្លួន

11 ឆ្នាំ មុន

ខេត្តស្វាយ​រៀង​ ៖​ រឿង​ក្តី​ដ៏​ចម្រូ​ង​ចម្រាស់​ដែល​មាន​ការ​ចោទ​ប្រកាន់​លើ​លោក​ ឈូក​ បណ្ឌិត​ អតី​ត​អភិ​បាល​ក្រុង​បាវិត​ថា​ បាន​បា.ញ់​ទៅ​លើ​កម្ម​ការិនី​៣​នាក់​ឱ្យ​រង​របួស​ធ្ងន់​​ក្នុង​អំឡុង​ពេល​មាន​បាតុ​កម្ម​ហិ.ង្សា​មួយ​ កាល​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​ទៅ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទំព័រ​ខ្មៅ​មួយ​ហាក់​បាន​បញ្ចប់​ ។ ​លោក​ចៅ​ក្រម​​​លាង​ សួរ​ នៃ​សាលា​ដំបូង​ខេត្ត​បាន​ប្រកាស​សាល​ក្រម​ជា​សា​ធារ​ណៈ​ផ្តន្ទា​ទោស​លោក​ ឈូក​ បណ្ឌិត​ ឱ្យ​ជាប់​ពន្ធ​នា​គារ​ចំនួន​១៨​ខែ​

ខេត្តស្វាយ​រៀង​ ៖​ រឿង​ក្តី​ដ៏​ចម្រូ​ង​ចម្រាស់​ដែល​មាន​ការ​ចោទ​ប្រកាន់​លើ​លោក​ ឈូក​ បណ្ឌិត​ អតី​ត​អភិ​បាល​ក្រុង​បាវិត​ថា​ បាន​បាញ់​ទៅ​លើ​កម្ម​ការិនី​៣​នាក់​ឱ្យ​រង​របួស​ធ្ងន់​​ក្នុង​អំឡុង​ពេល​មាន​បាតុ​កម្ម​ហិង្សា​មួយ​ កាល​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​ទៅ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទំព័រ​ខ្មៅ​មួយ​ហាក់​បាន​បញ្ចប់​ ។ ​លោក​ចៅ​ក្រម​​​លាង​ សួរ​ នៃ​សាលា​ដំបូង​ខេត្ត​បាន​ប្រកាស​សាល​ក្រម​ជា​សា​ធារ​ណៈ​ផ្តន្ទា​ទោស​លោក​ ឈូក​ បណ្ឌិត​ ឱ្យ​ជាប់​ពន្ធ​នា​គារ​ចំនួន​១៨​ខែ​ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា​ ​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​២០​ កុម្ភៈ​ ២០១២​ នៅ​រោង​ចក្រ​កាត់​ស្បែក​ជើង​​កៅ​វ៉េ​ ស្ថិត​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេន​ហាត​ធេន​ ភូមិ​តា​ពៅ​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ។

សាល​ក្រម​ផ្តន្ទា​ទោស​នេះ​ អនុ​វត្ត​​តាម​មាត្រា​២៣៦​នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ​ដោយ​ដាក់​ទោស​លោក​ ឈូក​ បណ្ឌិត​ ក្នុង​ពន្ធ​នា​គារ​១​ឆ្នាំ​៦​ខែ​ និង​ចេញ​ដី​កា​តាម​ចាប់​ខ្លួន​មក​ដាក់​ពន្ធ​នា​គារ​ ព្រម​ទាំង​បង្គាប់​ឱ្យ​លោក​ ឈូក​ បណ្ឌិត​ សង​សំណង​រដ្ឋ​ប្ប​វេណី​ជូ​ន​អ្នក​ស្រី​ ប៊ុន​ ចិន្តា​ ២០​លាន​រៀល​ កញ្ញា​​ នុត​ សា​ខន​ ១០​លាន​រៀល​ និង​កញ្ញា​​ កែវ​ នា​ ចំនួន​៨​លាន​រៀល​ ។ ចំណែក​លោក​ ស​រ​ ចន្ថា​ អធិ​ការ​រង​នគរ​បាល​ក្រុង​បាវិត​ដែល​ជាប់​ចោទ​​ដែរ​នោះ​ត្រូវ​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​ចំនួន​​៦ខែ​ ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល​បង់​ចូល​ថវិកា​រដ្ឋ​ ។

ការ​ប្រកាស​សាល​ក្រម​នេះ​ ធ្វើ​ឡើង​នៅ​សាល​សវនា​ការ​សា​លា​ដំបូង​ខេត្ត​ កាល​ពី​ថ្ងៃ​ទី​២៥​ មិថុនា​ វេលា​ម៉ោង​៩​ព្រឹក​ ។ សូម​បញ្ជាក់​​ថា​ពេល​ប្រកាស​សាល​ក្រម​នេះ​គឺ​ពុំ​មាន​វត្ត​មាន​លោក​ ឈូក​ បណ្ឌិត​ និង​មេ​ធា​វី​របស់​លោក​ណា​ម្នាក់​បង្ហាញ​ខ្លួន​ឡើយ​ ។ ចំណែក​លោក​ ស​រ​ ចន្ថា​ និង​មេ​ធា​វី​ក៏​ពុំ​មាន​វត្ត​មាន​ដែរ​ ដោយ​លោក​​ សរ​ ចន្ថា​ ជាប់​រវល់​បេស​ក​កម្ម​ទៅ​រៀន​ គឺ​មាន​វត្ត​មាន​តែ​ក្រុម​មេ​ធា​វី​ និង​ជន​រង​គ្រោះ​​​ប៉ុណ្ណោះ​ និង​វត្ត​មាន​អង្គ​ការ​សង្គម​ស៊ី​វិល​ សហ​ជីព​ជាតិ​ និង​អន្តរ​ជាតិ​ និង​អ្នក​សារ​ព័ត៌​មាន​ដែល​ជា​អ្នក​តាម​ដាន​ ។

​អ្នក​ស្រី​ ប៊ុន​ ចិន្តា​ កញ្ញា​ កែវ​ នា​ និង​កញ្ញា​ នុត​ សាខន​ ដែល​ជា​កម្ម​ការិ​នី​រង​គ្រោះ​ ​និយាយ​ថា​ ពួក​នាង​​ទទួល​យក​បាន​ចំពោះ​ការ​កាត់​ក្តី​របស់​លោក​ចៅ​ក្រម​ លាង​ សួរ​ ដែល​បាន​ផ្តល់​យុត្តិ​ធម៌​ឱ្យ​ពួក​នាង​ និង​ឱ្យ​ជន​ប្រព្រឹត្ត​លោក​ ឈូក​ បណ្ឌិត​ ជាប់​ពន្ធ​នា​គារ​១​ឆ្នាំ​៦​ខែ​ ។ ប៉ុន្តែ​ពួក​នាង​ពុំ​ដឹង​ថា​ តើ​ដី​កា​តាម​ចាប់​ខ្លួន​លោក​ ឈូក​ បណ្ឌិត​ មក​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​បាន​ឬ​ក៏​យា៉ង​ណា​នោះ​ទេ​ ពី​ព្រោះ​លោក​ ឈូក​ បណ្ឌិត​ មិន​បាន​ចូល​ខ្លួន​ឡើយ​ តាំង​ពី​ថ្ងៃ​បើក​សវនា​ការ​រយៈ​ពេល​៣​ថ្ងៃ​គឺ​ថ្ងៃ​ ១២-​១៣-១៤ មិថុនា​ ។ ចំពោះ​សំណង​រដ្ឋ​ប្ប​វេណី​ ពួក​នាង​មិន​យល់​ព្រម​ទេ​ ដោយ​សារ​ទំហំ​នៃ​ការ​ព្យា​បាល​របួស​អស់​ច្រើន​ ដូច្នេះ​ពួក​នាង​នៅ​ពិចារ​ណា​សិន​ ថា​តើ​គួរ​ប្តឹង​ទារ​សំណង​រដ្ឋ​ប្ប​វេណី​បន្ថែម​ឬ​យា៉ង​ណា​ ?

លោក​​ មឿន​ តុលា​ ប្រធាន​កម្ម​វិធី​សិទ្ធ​ិ​​ការ​ងារ​​​នៃ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​បាន​មាន​ប្រសាសន៍​ថា​ ការ​កាត់​ក្តី​របស់​លោក​ចៅ​ក្រម​ គឺ​ពិត​ជា​បាន​ពិចារណា​យា៉ង​ល្អិត​ល្អន់​តាម​វិជ្ជា​ជី​វៈ​ ដោយ​បាន​ផ្តន្ទា​ទោ​ស​លោក​ ឈូក​ បណ្ឌិត​ ឱ្យ​ជាប់​ទោស​១​ឆ្នាំ​៦​ខែ​ ហើយ​បាន​ប្រកាស​ចេញ​ដី​កា​តាម​ចាប់​ខ្លួន​ទៀត​ ។ ចំណែក​លោក​ សរ​ ចន្ថា​ ការ​ផ្តន្ទា​ទោស​​មិន​ទាក់​​ទង​នឹង​រឿង​ក្តី​បាញ់​កម្ម​ការិ​នី​នោះ​ទេ​ តែ​ជា​ទោស​ប្រើ​អាវុធ​ខុស​ច្បាប់​ប៉ុណ្ណោះ​ ។ មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេ​ពី​លោក​ ឈូក​ បណ្ឌិត​ និង​លោក​ សរ​ ចន្ថា​ ជុំ​វិញ​ការ​ប្រកាស​សាល​ក្រម​នេះ​ ព្រោះ​តុលា​ការ​ទុក​ឱ្យ​រយៈ​ពេល​៣០​ថ្ងៃ​ សម្រាប់​ការ​សម្រេច​ចិត្ត​ប្តឹង​​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​​ ៕