ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទះ​ផ្លូវ​2ថ្ងៃ​លើ​កំពូល​ភ្នំ​ស្វា​រអិល​កម្ពស់​1.500​ម៉ែត្រ​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ អ្នក​ដំណើរ​ដោយ​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​នាក់​បាន​ស្ទះ​ចរា​ចរណ៍​ពេញ​មួយ​ថ្ងៃ​ទី​២៤​ មិថុនា​ និង​ព្រឹក​ថ្ងៃ​ទី​២៥​ មិថុនា​ នៅ​លើ​កំពូល​ភ្នំ​កម្ពស់​១.៥០០​ម៉ែត្រ​ ដែល​អ្នក​ស្រុក​ហៅ​ថា​ ភ្នំ​ស្វា​រអិល​ ស្ថិត​ក្នុង​ភូមិ​ដី​ក្រហម​ ឃុំ​អន្លង់​រាប​ ស្រុក​វាល​វែង​ ដោយ​សារ​បាក់​ដី​ជញ្ជាំង​ភ្នំ​ហូរ​ធ្លាក់​មក​លុប​ផ្លូវ​ និង​ស្ពាន​មិន​អាច​ធ្វើ​ចរា​ចរណ៍​ទៅ​មក​បាន គឺ​ទៅ​មុខ​ក៏​មិន​រួច​ មក​ក្រោយ​​ក៏​មិន​រួច​

ខេត្ត​ពោធិ៍​សាត់​ ៖ អ្នក​ដំណើរ​ដោយ​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​នាក់​បាន​ស្ទះ​ចរា​ចរណ៍​ពេញ​មួយ​ថ្ងៃ​ទី​២៤​ មិថុនា​ និង​ព្រឹក​ថ្ងៃ​ទី​២៥​ មិថុនា​ នៅ​លើ​កំពូល​ភ្នំ​កម្ពស់​១.៥០០​ម៉ែត្រ​ ដែល​អ្នក​ស្រុក​ហៅ​ថា​ ភ្នំ​ស្វា​រអិល​ ស្ថិត​ក្នុង​ភូមិ​ដី​ក្រហម​ ឃុំ​អន្លង់​រាប​ ស្រុក​វាល​វែង​ ដោយ​សារ​បាក់​ដី​ជញ្ជាំង​ភ្នំ​ហូរ​ធ្លាក់​មក​លុប​ផ្លូវ​ និង​ស្ពាន​មិន​អាច​ធ្វើ​ចរា​ចរណ៍​ទៅ​មក​បាន គឺ​ទៅ​មុខ​ក៏​មិន​រួច​ មក​ក្រោយ​​ក៏​មិន​រួច​ ព្រោះ​បាក់​ដី​លុប​លើ​ផ្លូវ​ពី​មុខ​ និង​ពី​ក្រោយ​ ។​

តាម​ការ​ផ្តល់​ព័ត៌​មាន​ពី​លោក​ ឆេ​ ឈីវ​ អភិ​បាល​ស្រុក​វាល​វែង​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា​ ផ្លូវ​ពី​ទី​រួម​ស្រុក​វាល​វែង​ទៅ​កាន់​ឃុំ​ថ្ម​ដា​ ជាប់​ព្រំ​ប្រទល់​កម្ពុជា​-ថៃ​ជា​ផ្លូវ​ចំណោត​ឡើង​ភ្នំ​ ចុះ​ភ្នំ​បត់​បែន​តាម​ចង្កេះ​ភ្នំ​ ងាយ​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​អ្នក​បើក​បរ​មិន​ស្គាល់​ភូមិ​សាស្ត្រ​ និង​អ្នក​បើក​បរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។ លោក​អភិបាល​ស្រុក​ឱ្យ​ដឹង​ថា​ អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ទាំង​ថ្ងៃ​ទាំង​យប់​ កាល​ពី​សប្តាហ៍​មុន​នេះ​ បាន​ធ្វើ​ឱ្យ​ទឹក​ហូរ​ច្រោះ​ដី​ពី​លើ​កំពូល​ភ្នំ​ បាក់​ធ្លាក់​មក​ពាំង​ផ្លូវ​ជិត​ មាន​កន្លែង​ខ្លះ​មាន​កម្ពស់​ដី​បាក់​ជិត​មួយ​ម៉ែត្រ​ ។ ការ​បាក់​ដី​ពាំង​ផ្លូវ​នេះ​ កើត​ឡើង​ចំនួន​ពីរ​លើក​ ជាប់ៗ​គ្នា​ គឺ​លើក​ទី​១​បាក់​ធ្លាក់​ថ្ងៃ​ទី​២៣​ មិថុនា​ ប៉ុន្តែ​អាជ្ញា​ធរ​ស្រុក​បាន​កាយ​ចេញ​ធ្វើ​ចរាចរណ៍​បាន​ម្តង​ហើយ ។

លុះ​ដល់​វេលា​យប់​បាន​បាក់​ធ្លាក់​ម្តង​ទៀត​ មាន​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​ ធ្វើ​ឱ្យ​ស្ទះ​ចរា​ចរណ៍​ពេញ​មួយ​ថ្ងៃ​ទី​២៤​ មិថុនា​ ហើយ​នៅ​ថ្ងៃ​ទី​២៥​ មិថុនា​ មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ និង​ក្រុម​ហ៊ុន​ MDS របស់​ឧកញ៉ា​ ទ្រី​ ភាព​ បាន​សហ​ការ​គ្នា​យក​គ្រឿង​ចក្រ​ទៅ​កាយ​ដី​ចេញ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​បាន​នៅ​ថ្ងៃ​ទី​២៥​ មិថុនា​ ដដែល​ ។​

លោក​ ឆេ​ ឈីវ​ បាន​បញ្ជាក់​ប្រាប់​កោះ​សន្តិ​ភាព​ថា​ រដូវ​វស្សា​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈ​ពេល​យូរ​ម្តងៗ​ កន្លែង​នេះ​តែង​មាន​ការ​បាក់​ដី​ស្ទះ​ចរា​ចរណ៍​ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​មិន​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ទេ​ ។ បន្ទាប់​ពី​មន្ទីរ​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​ និង​ក្រុម​ហ៊ុន​ MDS យក​គ្រឿង​ចក្រ​ទៅ​ធ្វើ​សកម្ម​ភាព​កាយ​ដី​ចេញ​ពី​លើ​ថ្នល់​រួច​មក​ នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ ថ្ងៃ​ទី​២៥​ មិថុនា​ អាច​ធ្វើ​ចរា​ចរណ៍​ធម្មតា​បាន​វិញ​ហើយ​ ៕​