ខេត្តឧត្តរមានជ័យ ៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ លោក ស ថាវី ក្រុមការងារគណបក្សខេត្ត លោកឧកញ៉ា លឹម ហេង ក្រុមការងារចុះជួយខេត្ត បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខសមាជិក សមាជិកាភូមិជប់គគីរជាង៥០០នាក់ នារសៀលថ្ងៃទី២៣ មិថុនាកន្លងមក។
ប្រធានគណបក្សភូមិជប់គគីរបានឡើងអានរបាយការណ៍ភូមិជប់គគីរដែលមានទីតាំងស្ថិតនៅលើខ្នងជួរភ្នំដងរែក ជាប់ច្រកទ្វារកម្ពុជា-ថៃ ក្នុងឃុំអំពិល ស្រុកបន្ទាយអំពិលមានប្រជាពលរដ្ឋរស់នៅ៧០គ្រួសារ ប្រកបរបរធ្វើស្រែចម្ការ និងមួយចំនួនតូចជាអ្នករកស៊ីជួញដូរ ដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះសុទ្ធតែជាអ្នកស្រឡាញ់រាប់អាន គណបក្សប្រជាជនកម្ពុជា។
លោក គន់ គីម បានមានប្រសាសន៍ថា សម្តេចទាំងបីតែងតែសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលមានលំនៅតំបន់ជាយដែនជាប់ប្រទេសថៃជានិច្ច ហើយសម្តេចបានជំរុញដល់ក្រុមការងារគណបក្សចុះមកផ្ទាល់ ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋរស់នៅតំបន់នោះមានសភាពយ៉ាងណានាពេលបច្ចុប្បន្ន ។ ឃើញថាប្រជាពលរដ្ឋដែលរស់នៅទីនេះជួបការលំបាកដូចជា ផ្លូវថ្នល់ សាលារៀន ទីវត្តអារាម ហើយលោកឧកញ៉ា លឹម ហេង នឹងធានាក្នុងការអភិវឌ្ឍនៅក្នុងតំបន់ជប់គគីរនេះឱ្យមានការរីកចម្រើនក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។
ចំណែកប្រជាពលរដ្ឋគប្បីតបស្នងចំពោះសន្តានចិត្តលោកវិញ គឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ កក្កដា ខាងមុខដើម្បីឱ្យសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រីអភិវឌ្ឍប្រទេសជាតិបន្តទៀត ។
នាឱកាសនោះលោកឧកញ៉ា លឹម ហេង បានជូនសារុង១ និងថវិកា២ម៉ឺនរៀលក្នុងម្នាក់ៗផងដែរ ៕
ចែករំលែកព័តមាននេះ