ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​ភាព​​គូ​​ប្រកួត​​ប្រដាល់​​នៅ​​លើ​​សង្វៀន​​ TV3​ ថ្ងៃ​​សៅរ៍​​សប្តាហ៍​​នេះ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ឈាន​ ហុង មក​ពី​ក្លិប​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ ត្រូវ​បាន​គេ​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួត​ជា​មួយ​ រឿង​ សោភ័ណ្ឌ​ មក​ពី​ក្លិប​មកុដ​​រាជ​សីហ៍​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំពេញ​​ប៉ុស្តិ៍​លេខ​៣​ ថ្ងៃ​សៅរ៍​ ទី​២៩​ មិថុនា​សប្តាហ៍​នេះ ខណៈ​ ថន វាសនា​ មក​ពី​ក្លិប​នាគ​មាន​ជ័យ​ ជួប​ជា​មួយ​ យិន​ បូរិន​ មកពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ​ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ឈាន​ ហុង មក​ពី​ក្លិប​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ ត្រូវ​បាន​គេ​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួត​ជា​មួយ​ រឿង​ សោភ័ណ្ឌ​ មក​ពី​ក្លិប​មកុដ​​រាជ​សីហ៍​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំពេញ​​ប៉ុស្តិ៍​លេខ​៣​ ថ្ងៃ​សៅរ៍​ ទី​២៩​ មិថុនា​សប្តាហ៍​នេះ ខណៈ​ ថន វាសនា​ មក​ពី​ក្លិប​នាគ​មាន​ជ័យ​ ជួប​ជា​មួយ​ យិន​ បូរិន​ មកពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ​ ។​

កំពូលអ្នក​លេង​ស្នៀត​កែង ឈាន ហុង​ មិន​ធ្លាប់​ជួប រឿង​ សោភ័ណ្ឌ​ ទេ​ពី​មុន​មក​ ទើប​គេ​មិន​ហ៊ាន​ទស្សន៍​ទាយ​លទ្ធ​ផល​ទុក​មុន​ ដោយ​សារ​ពួក​គេ​ទាំង​២​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ក្រាស់​ឃ្មឹក​ពេញ​ខ្លួន​ដូចគ្នា ។​ ឈាន ហុង​បើ​និយាយ​ពីស្នៀត​កែង​ និង​ជង្គង់​របស់​គេ​គឺ​ពិបាក​រក​អ្នក​ប្រដូច​ខ្លាំង​ណាស់​ ដោយ​រាល់​ពេល​ដែល​គេ​វាយចេញ​ម្តងៗ​មិន​ដែល​ឥតប្រយោជន៍​ឡើយ​ ម្យ៉ាង​វិញ​ទៀត​ ស្នៀត​ជង្គង់​របស់​គេ​អាច​ធ្វើ​ការ​វាយចេញ​ជាប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ និង​ពូកែ​អត់​ធ្មត់​បំផុត ។​
រី​ឯ​ រឿង សោភ័ណ្ឌ​ ថ្វី​បើ​គេ​ទើប​តែ​ឈាន​ជើង​ចូល​ប្រឡូក​​នៅ​លើសង្វៀន​មិន​បាន​យូរ​ប៉ុន្មាន​មែន​ តែ​ជើង​ចាស់​ល្មមៗ​មិន​ងាយ​បង្ក្រាប​គេបាន​ដោយ​ស្រួល​ឡើយ ។​

រឿង សោភ័ណ្ឌ​ មាន​ចិត្ត​សឿង​ខ្លាំង​ណាស់​ មិន​ងាយ​ចាញ់​សម្លុត​គេ​ផ្តាស​ឡើយ​ ឯ​ស្នៀត​កណ្តាប់​ដៃ​ និង​ស្នៀត​ជើង​របស់​គេ​ក៏​ល្អ​អាច​ធ្វើ​ការវាយ​ចេញ​បាន​រហ័ស ​ប៉ុន្តែ​ទម្លាប់​របស់​គេ​ចូល​ចិត្ត​ឱ្យ​គូ​ប្រកួត​វាយ​ឈឺ​សាច់​ជា​មុន​សិន​ទើប​តប​ត​ជា​ក្រោយ ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​គេ​មួយ​ចំនួន​មិនសូវ​ពេញ​ចិត្ត​ឡើយ​ ។​ ថន វាសនា​ និង យិន​ បូរិន​ ប្រវត្តិ​ប្រកួត​របស់​ពួក​គេ​មិន​សូវ​ជា​មាន​ច្រើន​​ប៉ុន្មាន​ឡើយ​ តែ​ល្បិច​ប្រយុទ្ធ​មិន​សម​ជាអ្នក​ប្រដាល់​ជើង​ថ្មី​នោះ​ទេ​ ។ ថន វាសនា​ ភាគ​ច្រើន​គេ​វាយ​អាង​កម្លាំង​តែ​ម្តង​ ខណៈ​ស្នៀត​កែង​និង​ជង្គង់​មិន​សូវ​ជា​ពូកែ​ឡើយ​ បើ​និយាយ​ពីស្នៀត​កណ្តាប់​ដៃ​ និង​ស្នៀត​ជើង​វិញ​ល្អ​គ្រាន់​បើ​ គ្រាន់​តែ​រាល់​ការ​វាយ​ចេញ​មាន​សភាព​យឺត​យ៉ាវ​បន្តិច​ប៉ុណ្ណោះ​ ។

​ចំណែក​ យិន​ បូរិន​ វិញ​ពូកែ​ស្នៀត​ជើង​ជាង​ស្នៀត​ដៃ ឯ​កម្លាំង​អាច​តស៊ូ​ប្រកួត​បាន​៥​ទឹក​ពេញ​មិន​លំបាក​ឡើយ​ ។​ និយាយ​រួម​សមត្ថ​ភាព​គូ​នេះ​ប្រហាក់​ប្រហែល​គ្នា​ ដូច្នេះ​ចង់​ដឹង​លទ្ធ​ផល​ចាញ់​-ឈ្នះ​ មាន​តែ​រង់​ចាំ​មើល​ទាំងអស់​គ្នា ។​ ក្រៅ​ពី​គូ​ចាប់​អារម្មណ៍​២​គូ​នេះទៅ​ នៅ​មាន​ការ​ប្រកួត​រវាង​កីឡាករ​ អាន សុផល​ មក​ពី​ក្លិប​មិត្ត​ប៉ូលិស​ និង​កីឡាករ​ ជ័យ​ ប៊ុន​សុង​ មក​ពី​ក្លិប​ខេមរិន្ទ​មាន​ឫទ្ធិ​ ។​ កីឡាករ​ កឿម​ សុវណ្ណ​ឌឿត​ មក​ពី​ក្លិប​មោង​ឫស្សី​ ខេត្តបាត់​ដំបង​ ជួប​ជា​មួយ​កីឡាករ​ ហ៊ុន​ ឈុន​ហេង​​ មកពី​ក្លិប​សម្រែក​រាជ​សីហ៍​បង្ក្រាបគ្រឿង​ញៀន​ និង​កីឡាករ​ ឡុង ប៊ុនហេង មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ ជួប​ជា​មួយ​កីឡាករ​ ពេជ្រ​ ម្ទេស​ខ្មាំង​ មក​ពី​ក្លិប​អារុណ​រះ​កីឡា ៕​