រាជធានីភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ នឹងបើកឆាកប្រយុទ្ធគូអន្តរជាតិសាជាថ្មី បើទោះជាស្ថានីយទូរទស្សន៍មួយនេះប្រឈមនឹងសភាពរុះរើអង់តែនថ្មី ដែលតម្រូវឱ្យកម្មវិធីផ្សាយបន្តផ្ទាល់ជាច្រើនបូករួមទាំងកម្មវិធីប្រដាល់ប្រចាំសប្តាហ៍ផងត្រូវផ្អាក ។ សម្រាប់ខែនេះកីឡាករបរទេស៣សាសន៍មានចំនួន៤រូបនឹងបង្ហាញមុខទៀតហើយដើម្បីស្វាគមន៍អ្នកស្នេហាកីឡាប្រដាល់នៅសង្វៀន Beeline Arena ជ្រោយចង្វា ។
កីឡាករបារាំង Phalex ដែលជាគូទី១ ត្រូវជួបជាមួយកីឡាករ ភុំ សារ៉ាយ នោះត្រូវគេអះអាងថាជាជើងខ្លាំងមិនធម្មតាប្រចាំនៅក្នុងក្លិបប្រដាល់របស់ប្រទេសថៃ ។ ក្នុងចំណោមការប្រកួត៤០ដង កីឡាករ Phalex ទទួលជ័យជម្នះបាន៣៥ដង ស្គាល់ការបរាជ័យត្រឹមតែ៤ដងប៉ុណ្ណោះ ខណៈដែលលទ្ធផលស្មើមានម្តង និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់មានរហូតដល់៨ដង។ បើទោះជាកីឡាករ ភុំ សារ៉ាយ អះអាងថា នឹងដណ្តើមយកជ័យជម្នះឱ្យខាងតែបាន ប៉ុន្តែគេមើលឃើញថា ជំនួបប៉ះកីឡាករបារាំងរូបនេះអាចមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ដោយសារតែកីឡាករ Phalex ឆ្លងកាត់ការប្រកួតច្រើន ចាញ់តិច ហើយត្រូវគេអះអាងថាមានស្នៀត និងកម្លាំងស៊ុហ្វមិនធម្មតា ។
កីឡាករជនជាតិថៃ SakSayam ដែលជាគូទី២របស់កីឡាករ ឡុង សុភី ក៏ជាជើងខ្លាំងគួរឱ្យញាក់សាច់ដែរ ដោយសារតែគេធ្លាប់មកកាន់កម្ពុជាប៉ុន្មានលើក ហើយធ្វើឱ្យអ្នកស្នេហាកីឡាប្រដាល់ភាគច្រើនកោតសរសើរ ។ ក្នុងចំណោមការប្រកួត៣៩ដង គេឈ្នះ២៤ដង ចាញ់៩ដង ស្មើម្តង និងធ្លាប់ផ្តួលគូប្រកួតបានចំនួន៧ដង ។ កីឡាករថៃរូបនេះមានស្នៀតប្រកួតមិនអន់ឡើយ ដោយសូម្បីតែស្នៀតដៃ ស្នៀតជើងក៏រហ័ស ដែលមិនអាចប្រាកដថាកីឡាករ ឡុង សុភី ពិតជាឈ្នះឬប្រទះលទ្ធផលបែបណានោះទេ ។
Rung Rak កីឡាករថៃដែលជាគូទី៣ ប៉ះជាមួយកីឡាករកម្ពុជា ពេជ្រ សីហា នោះក៏ខ្លាំងណាស់ដែរ ក្នុងចំណោមការប្រកួត៤៧ដង គេឈ្នះ៣៥ដង ចាញ់៥ដង ស្មើ៧ដង និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់ដល់៦ដង ។ កីឡាករថៃរូបនេះត្រូវគេអះអាងថា ជាអ្នកប្រដាល់ល្បីមួយរូបផងដែរក្នុងចង្កោមប្រជាជនថៃ ជាពិសេសក្នុងពេលដែលគេមានមុខឡើងរេញនៅទីក្រុងបាងកក និងឡើេងរេញនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ ។ អុីចឹងហើយទើបគេផ្គូផ្គងឱ្យជួបជាមួយកីឡាករ ពេជ្រ សីហា ដោយសារតែខ្លាចកីឡាករផ្សេងរបស់កម្ពុជា មិនមែនជាគូប្រជែងរបស់គេ ។
គូបរទេសចុងក្រោយជាជំនួបរវាងកីឡាករម៉ាឡេស៊ី CheeJian Kai ជាមួយនឹងកីឡាករកម្ពុជា សេន ប៊ុនថេន ។ ជើងខ្លាំងម៉ាឡេស៊ីរូបនេះធ្លាប់ឡើងរេញ៥៥ដង ឈ្នះ៣៧ដង ចាញ់៨ដង ស្មើ១០ដង និងធ្លាប់ផ្តួលគូប្រកួតបានចំនួន៩ដង ។ សម្រាប់គូនេះ សេន ប៊ុនថេន ដ្បិតថាមានជំនឿឈ្នះច្រើនជាងចាញ់ ប៉ុន្តែគេមិនទាន់ជឿនៅឡើយទេថាលទ្ធផលជាក់ស្តែងអាចក្លាយទៅជាយ៉ាងណា ។ ដូច្នេះមានតែរង់ចាំតាមដាននៅថ្ងៃស្អែកប៉ុណ្ណោះ ដើម្បីដឹងថាកីឡាករកម្ពុជា និងកីឡាករបរទេសចំនួន៣សាសន៍ នរណាឈ្នះខ្លះ៕
ចែករំលែកព័តមាននេះ