យោងតាមប្រភពព័ត៌មានប៊ី ប៊ីស៊ីចេញផ្សាយកាលពីថ្ងៃអង្គារ ទី25 មិថុនា ឆ្នាំ 2013បានឲ្យដឹងថា ក្លិបបាល់ទាត់អីុតាលីស៊េរី A Napoli បានយល់ព្រមទិញកីឡាករខ្សែប្រយុទ្ធ Dries Mertens ពីក្លិប PSV ជាមួយនឹងតម្លៃខ្លួន9,5 លានយូរ៉ូស្មើនឹងជាង 12 លានដុល្លារអាមេរិក តែមិនបានបញ្ជាក់ឲ្យដឹងពីរយៈពេលកុងត្រានោះទេ ។ កីឡាករសញ្ជាតិបែលហ្ស៊ិក DriesMertens បានក្លាយជាកីឡាករទី1ក្នុងអាណត្តិគ្រូបង្វឹកលោករ៉ាហ្វាអែល បេនីតែស ដែលទើបត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប Napoli ។
លោក Aurelio De Laurentiis ប្រធានក្លិបNapoli បាននិយាយថា ការចរចារទិញកីឡាករនេះបានបញ្ចប់រួចរាល់ ហើយនៅប៉ុន្មានថ្ងៃខាងមុខកីឡាកររូបនេះនឹងមកដល់ទីក្រុង Napoli ដើម្បីចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម ។ក្រោយពីពិធីចុះហត្ថលេខា កីឡាករដែលមានកលល្បិចខ្ពស់ក្នុងការអុកឡុកទីលានគូប្រកួតបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដោយនិយាយថា៖ ខ្ញុំពេញចិត្តនឹងការលេងឲ្យក្លិបបាល់ទាត់អីុតាលី ពីព្រោះខ្ញុំស្រឡាញ់ទឹកដីអីុតាលី និងជាពិសេសគឺវិស័យបាល់ទាត់នៅទីនេះ តែម្ដង។
គួររំលឹកដែរថា កីឡាករ Dries Mertensបានចូលមកលេងឲ្យក្លិប PSV តាំងពីឆ្នាំ 2011មកម្ល៉េះ ។ នៅជាមួយក្លិបនេះលោកធ្លាប់បានបង្ហាញវត្តមានចំនួន 62 ប្រកួត និងស៊ុតបាល់បញ្ចូលទីបាន 37 គ្រាប់ ។ ចំណែកឯអាជីពក្នុងក្រុមជម្រើសជាតិវិញ លោកធ្លាប់ស៊ុតបាល់បាន 2 គ្រាប់ក្នុងចំណោម 19 ប្រកួត ៕
ចែករំលែកព័តមាននេះ