រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ មិថុនា លោកជំទាវ ជុំ សាមីន កែប ជុតិមា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញ បានផ្តល់ឆត្រចំនួន២.៧០០ ដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា ជូនដល់បណ្តាញនារីតាមខណ្ឌទាំង៩ និងគ្រប់សង្កាត់ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលចាប់ផ្តើមនៅថ្ងៃទី២៧ មិថុនាខាងមុខនេះ។
ពិធីប្រគល់ និងទទួលឆត្រនេះបានប្រារព្ធធ្វើនៅក្នុងភូមិគ្រឹះរបស់លោក កែប ជុតិមា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកជំទាវ ជុំ សាមីន ជាភរិយា នៅសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ដោយមានតំណាងនារីខណ្ឌទាំង៩មកទទួល ដើម្បីយកទៅចែកជូនដល់នារីថ្នាក់សង្កាត់ទូទាំងរាជធានី ។
លោកជំទាវ ជុំ សាមីន បានថ្លែងនៅក្នុងឱកាសនោះថា គណៈកម្មការសមាគមនារីជួបជុំគ្នានៅថ្ងៃនេះ ដើម្បីរៀបចំផែនការឈានទៅបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៧ មិថុនា ដោយធ្វើយ៉ាងណាជំរុញឱ្យនារីទាំងអស់បានទៅចូលរួមបោះឆ្នោតកុំបីខាន ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។
ក្នុងពេលនោះ លោកជំទាវបានផ្តល់ជូនឆត្រដល់បណ្តាញនារីតាមខណ្ឌទាំង៩ ដោយមួយខណ្ឌៗទទួលបានឆត្រចំនួន៣០០ សម្រាប់ចែកឱ្យបណ្តាញនារីថ្នាក់ខណ្ឌ និងសង្កាត់ប្រើនៅក្នុងក្បួនដង្ហែបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃបើកយុទ្ធនាការដំបូងនាថ្ងៃទី២៧ មិថុនា តទៅ៕
ចែករំលែកព័តមាននេះ