ខេត្តព្រៃវែង ៖ បុរសម្នាក់បានធ្វើអត្តឃាតដោយយកខ្សែអង្រឹង ពណ៌ខៀវ ចង.កនឹងមែកឈើកម្ពស់ពីដីប្រហែលជិត៣ម៉ែត្រ បណ្តាលឱ្យស្លាប់ចោលប្រពន្ធ និងកូនតូចៗឱ្យនៅកំព្រា ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ មិថុនា នៅខាងក្រោយផ្ទះរបស់កសិករម្នាក់ឈ្មោះ សា តែង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបន្លិច ឃុំពាមមានជ័យ ស្រុកពាមរក៍ ។
លោក អ៊ុំ គីមសាន នាយផ្នែកត្រួតពិនិត្យធ្វើកោសល្យវិច័យនៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ បានឱ្យដឹងថា បុរសដែលចង.កធ្វើអត្តឃាតនេះឈ្មោះ ជា សុផល អាយុ៤៩ឆ្នាំ ជាកសិករ មានប្រពន្ធឈ្មោះ ចាន់ សុផុន អាយុ៤៦ឆ្នាំ មានកូន៤នាក់ (ប្រុស៣ ស្រី១) នៅតូចៗ ។ មូលហេតុដែលនាំឱ្យបុរសឈ្មោះ ជា សុផល ដាច់ចិត្តធ្វើអត្តឃាតនេះ គឺព្រោះតែជំពាក់ប្រាក់ឥណទានច្រើនពាន់ដុល្លារ មិនដឹងជារកប្រាក់ឯណាសងបានក៏គិតខ្លីបែបនេះ ។
ចំណែកអ្នកស្រី ចាន់ សុផុន ជាប្រពន្ធនិយាយថា ប្តីរបស់គាត់ចង.កសម្លាប់ខ្លួនក៏ព្រោះតែជំពាក់បំណុលគេច្រើនពេក ។ អ្នកស្រីបានរៀបរាប់ថា គ្រួសាររបស់គាត់មានសមាជិកទាំងប្តី ប្រពន្ធ និងកូន៤នាក់ រួមនឹងឪពុកម្តាយក្មេកសរុប៨នាក់ មានដីធ្វើស្រែចម្ការតិចតួច និងទទួលផលបានតិចហូបមិនគ្រប់គ្រាន់ ។ ដោយមូលហេតុនេះ ប្តីគាត់ពិបាកចិត្ត ក៏យកប្លង់ដីទៅបញ្ចាំដើម្បីចងការប្រាក់ឥណទាន យកមកធ្វើដើមរកស៊ីបន្តទៀត តែដោយធ្វើបានផលតិចហើយហូបពុំគ្រប់គ្រាន់ គ្មានប្រាក់សម្រាប់បង់រំលស់ ទាំងដើម ទាំងការ យូរៗទៅ១.០០០ដុល្លារឡើងដល់៤ទៅ៥ពាន់ដុល្លារ ធ្វើឱ្យប្តីគាត់កាន់តែគិតច្រើន រហូតធ្លាក់ខ្លួនឈឺ ។ អ្នកស្រីបញ្ជាក់ទៀតថា មុនថ្ងៃកើតហេតុ ប្តីគាត់ទើបតែឱ្យគ្រូពេទ្យដាក់សេរ៉ូមឱ្យអស់២ទៅ៣ប្លោក ហើយនៅតែពុំធូរស្បើយ ព្រោះជាជំងឺផ្លូវចិត្ត ។ អ្នកស្រីមិននឹកស្មានដល់ថា ប្តីរបស់គាត់ដាច់ចិត្តគិតខ្លីយ៉ាងដូច្នេះទេ ។
មន្ត្រីអាជ្ញាធរឃុំពាមមានជ័យ បានបង្ហើបថា មិនមែនតែគ្រួសារមួយនេះទេ គឺមានកសិករជាច្រើនគ្រួសារណាស់ដែលជំពាក់ឥណទាន ។ មុននេះនៅឃុំបន្លិចប្រាសាទ ស្ត្រីម្នាក់បានលេបថ្នាំកណ្តុរសម្លាប់ខ្លួនដែរ ព្រោះតែជំពាក់ប្រាក់គេចំនួន២.០០០ដុល្លារ៕
ចែករំលែកព័តមាននេះ