អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិករបស់ប្រទេសកាតាបានថ្លែងឱ្យដឹងកាលពីពេលថ្មីៗកន្លងមកនេះថា ប្រទេសរបស់ខ្លួននឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៤ បើទោះណាបានបរាជ័យក្នុងការដេញថ្លៃអូឡាំពិកឆ្នាំ ២០១៦និងឆ្នាំ ២០២០ក្តី ។
លោក សាអ៊ូត ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ថានីបានប្រាប់អ្នករាយការណ៍ព័ត៌មាននៅក្រុងដូហាថា ៖« យើងបានព្យាយាម២លើករួចមកហើយ ហើយយើងបន្តម្តងទៀត ។ វាមិនមែនជាអ្វីមួយដែលយើងត្រូវលះបង់ចោលទេ ។ វាជាផ្នែកមួយនៃទស្សនវិស័យរបស់យើងក្នុងការធ្វើឱ្យប្រទេសកាតាក្លាយទៅជាមជ្ឈមណ្ឌលកីឡា »។
កាតាបានស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ក្នុងខែតុលាដើម្បីជៀសវាងអាកាសធាតុក្តៅហែងក្នុងប្រទេស ។ លោកសាអ៊ូតបានថ្លែងថា ប្រទេសរបស់លោកដែលនឹងធ្វើជាម្ចាស់ផ្ទះប្រកួតព្រឹត្តិការណ៍ហែលទឹកពិភពលោកឆ្នាំ ២០១៤និងជើងឯកកីឡា Handballផ្នែកបុរសឆ្នាំ ២០១៥កំពុងតែត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាសំខាន់មួយផ្សេងទៀត ។ លោកបានបន្តថា៖ «ពេលនេះយើងកំពុងតែរៀបចំនិតិវិធីចូលដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជ្រើសរើសជើងឯកពិភពលោកសំខាន់ៗមួយចំនួនទៀតដែលនឹងប្រកាសឱ្យដឹងនៅពេលក្រោយ »។ សូមបញ្ជាក់ថា កាតាបានជាប់រួចមកហើយនូវការដេញថ្លៃធ្វើជាម្ចាស់ផ្ទះប្រកួតបាល់ទាត់ World Cupឆ្នាំ២០២២ ៕
ចែករំលែកព័តមាននេះ